មេបញ្ជាការ​ទាហាន​ខ្មែរ​និង​ថៃ​ព្យាយាម​រក​ការផ្សះផ្សា​គ្នា

មេ​បញ្ជាការ​ទាហាន​ខ្មែរ​និង​មេបញ្ជាការ​ទាហាន​ថៃ​បាន​នាំ​ទាហាន​ខ្លះ​រៀងៗ​ខ្លួន​ធ្វើការ​ចាប់​ដៃ​គ្នា​ក្នុង​សក្ខីភាព​នៃ​ការបង្ហាញ​ថា នឹង​ព្យាយាម​រក​ការផ្សះផ្សា​ឈប់​ធ្វើការ​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

សក្ខីកម្ម​បង្ហាញ​ការផ្សះផ្សា​បាន​ធ្វើ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ស្រប​ពេល​នឹង​កង​កម្លាំង​ទាហាន​ខ្មែរ​ខ្លះ​នៅតែ​បារម្ភ​មិន​ទាន់​ជឿជាក់​ដោយសារតែ​គេ​ឃើញ​ថា មាន​ទាហាន​ថៃ​ថ្មីៗ​បាន​បញ្ជូន​មក​ខ្សែ​ត្រៀម​ជួរមុខ​ជាមួយ​ការត្រៀម​លក្ខណៈ​ប្រយុទ្ធ​នោះ​ថែម​ទៀត​ផង។

លោក សាវយុត ពី​តំបន់​ព្រះវិហារ​ធ្វើ​សេចក្តី​រាយការណ៍​ជុំវិញ​ព្រឹត្តិការណ៍​កើត​ឡើង​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ ៖

សាវយុត ៖ កាលពី​ថៃ្ង​សៅរ៍​កន្លង​មក​នេះ​យើង​ឃើញ​ថា ដោយសារ​តែ​កង​ទាហាន​ទាំងអស់ ទាំង​ខ្មែរ​ទាំង​ថៃ​ដែល​ទើបតែ​មាន​ការប៉ះ​ប្រយុទ្ធ​គ្នា​ហើយ​បណ្ដាល​ឲ្យ​ស្លាប់​និង​រង​របួស​ទាំង​សងខាង មាន​ការ​មើល​មិន​ចំ​មុខ​គ្នា មិន​ទុក​ចិត្ត​គ្នា​នោះ គឺ​មេបញ្ជាការ​ជាន់ខ្ពស់​របស់​កងទ័ព​នៅ​ក្នុង​សមរភូមិ​ទាំង​សងខាង​ដែល​ខាង​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក មាន​លោក ជា កែវ ហើយ​និង​មេបញ្ជាការ​របស់​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះវិហារ លោក សំ បុប្ផារ័ត្ន បាន​ជួប​ប្រជុំ​ជាមួយ​នឹង​កងពល​ទី​៦​របស់​ស៊ូរៈនារី​ថៃ​ដែល​មាន​មេបញ្ជាការ​រង​កងពល លោក ឆៃយ៉ាន់ ហ៊ើយសុងនឿន ហើយ​និង​មាន​មេបញ្ជាការ​ជា​ច្រើន​រូប​ទៀត​បាន​មក​ជួប​ជុំ​គ្នា ដោយ​ព្យាយាម​ផ្សះផ្សា​ហើយ​សន្យា​ថា ធ្វើ​យ៉ាង​ណា​ធ្វើការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការផ្ទុះ​អាវុធ​សា​ជា​ថ្មី​ម្ដង​ទៀត ហើយ​ឲ្យ​មេ​ទាហាន​ទាំងអស់​ហ្នឹង​ដែល​នៅ​ក្នុង​ខ្សែ​ត្រៀម​ជួរ​មុខ​បាន​មក​ចាប់​ដៃ​គ្នា​និង​ញញឹម​ដាក់​គ្នា ហើយ​សន្យា​ថា​នឹង​ស្និទ្ធស្នាល​ជាមួយ​គ្នា​ឡើង​វិញ​ដើម្បី​ផ្សះផ្សា​ការ​មើល​មុខ​គ្នា​មិន​ចំ​នោះ។

ម៉ាយ៉ារិទ្ធិ ៖ តើ​នៅ​វេលា​ថ្ងៃ​សៅរ៍​កន្លង​មកនេះ​ដែរ តើ​លោក​មាន​សង្កេត​ឃើញ​ថា​មាន​ចលនា​ទ័ព​អ្វី​បាន​បន្ថែម​ទៀត​ដែរ​ឬ​ទេ?

សាវយុត ៖ តាម​ការសង្កេត​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​តុលា មាន​ន័យ​ថា​តាំងពី​យប់​ថ្ងៃ​សុក្រ គឺ​កង​ទាហាន​ថៃ​បាន​ផ្លាស់ប្ដូរ​មក​ថ្មីៗ គឺ​មាន​កង​ទាហាន​ឈុត​ខ្មៅ​បាន​បញ្ជូន​មក​កាន់​ខ្សែ​ត្រៀម​ជួរ​មុខ​ជំនួស​ឲ្យ​កង​ទាហាន​ចាស់​ដែល​បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ហើយ​មាន​ការចាកចេញ​ទៅ។ ហើយ​កងទ័ព​ថៃ​ទាំង​ប៉ារ៉ា​ទាំង​ទាហាន​ឈុត​ខ្មៅ​ត្រូវ​បាន​គេ​បំពាក់​ដោយ​អាវក្រោះ​ការពារ​គ្រាប់ ហើយ​និង​មាន​ការជីក​លេណដ្ឋាន​ត្រៀម​ប្រយុទ្ធ​បន្ត​ទៅ​ទៀត​រហូត​ដល់​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

ហើយ​ខាង​កងទ័ព​ខ្មែរ​ក៏​មាន​ការត្រៀម​ខ្លួន​ជានិច្ច​ដែរ​ដោយសារ​គេ​មិន​ទុក​ចិត្ត​ទេ ពីព្រោះ​កន្លង​មក​ខាង​ទ័ព​ថៃ​ច្រើន​តែ​ចែក​ចំណី​មក​ឲ្យ​ខាង​កងទ័ព​ខ្មែរ​ហូប ហើយ​ថា​បងប្អួនៗ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការផ្ទុះ​អាវុធ​នោះ​គឺ​បណ្ដាល​មក​ពី​កងទ័ព​ថៃ​មុន។

ម៉ាយ៉ារិទ្ធិ ៖ តើ​មាន​ការពិភាក្សា​ថ្មី​ណា​ទៀត​ដែរ​ឬ​ទេ​ជុំវិញ​ដែល​ថៃ​ចោទ​ថា​មាន​ការដាក់​មីន​ថ្មីៗ​នៅ​ឯ​តំបន់​វាយ​ប្រហារ​គ្នា​នោះ?

សាវយុត ៖ កាលពី​ព្រឹក​មិញ​យើង​ឃើញ​មេបញ្ជាការ​ជាន់ខ្ពស់​នៅ​ក្នុង​សមរភូមិ​ថៃ​ខ្មែរ​បាន​ជួប​ជជែក​គ្នា ប៉ុន្តែ​គេ​មិន​បាន​និយាយ​អំពី​មាន​ការចោទ​ប្រកាន់​ថា ទាហាន​ខ្មែរ​បាន​ដាក់​មីន​ថ្មីៗ​នៅ​កន្លែង​ដែល​ប្រឈម​មុខ​គ្នា​ធ្វើ​ឲ្យ​ទាហាន​ថៃ​រង​របួស​នោះ​ទេ។ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​តាម​ការជជែក​គ្នា​ហ្នឹង​បាន​ឲ្យ​ដឹង​ថា មេបញ្ជាការ​ទាហាន​ខ្មែរ​និង​ថៃ​ដែល​នៅ​តំបន់​ប្រឈម​មុខ​គ្នា​ទាំង​អម្បាលម៉ាន​មាន​គម្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ស្អែក​ជា​បន្ត​ទៅ​ទៀត ដោយ​មាន​គម្រោង​កោះហៅ​មេ​ទ័ព​ខ្មែរ​នៅ​តំបន់​ភ្នំ​ទ្រព្យ ព្រលាន​ឥន្ទ្រី និង​មេ​ទ័ព​ថៃ​នៅ​តំបន់​ព្រលាន​ឥន្ទ្រី​នោះ​មក​ជួប​ជាមួយ​គ្នា ហើយ​មក​ជជែក​មក​ពិភាក្សា​គ្នា​ដើម្បី​ណែនាំ​ឲ្យ​ស្គាល់​គ្នា រួម​នឹង​ការគ្រោង​កោះហៅ​មេ​ទ័ព​ថៃ​នៅ​តំបន់​ច្រក​តាថាវ ហើយ​និង​មេ​ទ័ព​ខ្មែរ​មក​ជួប​ជុំ​គ្នា​ដើម្បី​ពិសា​បាយ​រួម​គ្នា​សាមគ្គី ហើយ​ផ្សះផ្សា​ទំនាស់​ដែល​បាន​កើតឡើង​កាលពី​មុន​ផង។

តាម​ខ្ញុំ​សាកសួរ​ទៅ​ទាហាន​ខ្មែរ​ពី​បញ្ហា​ថា មាន​ការចោទ​ប្រកាន់​ពី​ទាហាន​ថៃ​ថា​ទាហាន​ខ្មែរ​ដាក់​មីន​នោះ គាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទេ ដោយ​គាត់​តែង​និយាយ​ថា ធម្មតា​ទាហាន​ថៃ​តែងតែ​និយាយ​ខ្វះ​ការ​ពិត​ទាំងអស់ ហើយ​មិន​មាន​ការទទួល​ខុស​ត្រូវ។ ប៉ុន្តែ​គាត់​សួរ​ថា​តើ​ហេតុផល​យ៉ាងណា​ដែល​ទាហាន​ថៃ​អះអាង​ថា​មីន​នោះ​គឺ​ជា​មីន​ថ្មី។ គេ​មិន​ជឿ​ថា​មីន​ដែល​ថៃ​យក​នោះ​គឺ​ជា​មីន​ដែល​យក​ចេញ​ពី​សមរភូមិ​ទេ អាច​ទំនង​ជា​យក​ចេញ​ពី​កន្លែង​របស់​ខ្លួន​ពី​កងយោធា​របស់​ខ្លួន​ទើប​អះអាង​ថា​យ៉ាង​ដូច្នោះ