មន្ដ្រីដដែលបានបញ្ជាក់ទៀតថា ការអង្កេតប្រជាសាស្ដ្រនិងសុខភាពថ្នាក់ជាតិនេះនឹងត្រូវធ្វើម្ដងទៀតនៅឆ្នាំ២០១០ គឺគេធ្វើរវាង៥ឆ្នាំម្ដង ដូច្នេះគេមិនទាន់អាចវាយតម្លៃបានទេថាតើអត្រាស្លាប់របស់មាតានិងទារកនៅកម្ពុជាថាមានការកើនឡើងឬថយចុះនោះទេ។
មន្ដ្រីក្រសួងសុខាភិបាលរូបនេះដែលសុំមិនប្រាប់ឈ្មោះបានបន្ថែមទៀតថា ទោះជាយ៉ាងណាក៏ដោយមកដល់ពេលនេះគេបានកត់សម្គាល់ឃើញថា សុខភាពស្រ្ដីជាមាតាមានការប្រែប្រួលរីកចម្រើនខ្លះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
មន្ត្រីដដែលបានឲ្យដឹងថា ៖ «ពីព្រោះមានសូចនាករមួយចំនួនដែលបង្ហាញនូវការរីកចម្រើនគួរឲ្យកត់សម្គាល់។ ដោយឡែកចំពោះអត្រាស្លាប់របស់មាតានៅក្នុងឆ្នាំនេះយើងមិនទាន់អាចធ្វើការប្រៀបធៀបទៅនឹងអត្រាស្លាប់របស់មាតានៅឆ្នាំ២០០៥បានទេ ព្រោះយើងត្រូវរង់ចាំលទ្ធផលអង្កេតសុខភាពនិងវិទ្យាសាស្រ្ដឆ្នាំ២០១០»។
សូមជម្រាបជូនដែរថា កាលពីពេលថ្មីៗនេះមានអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលធ្វើការក្នុងវិស័យសុខភាពនៅកម្ពុជាដូចជាអង្គការ UN និងអង្គការសុខភាពកម្ពុជា (MEDICAM) ជាដើម បានលើកឡើងអំពីអត្រាស្លាប់របស់ស្ដ្រីនៅកម្ពុជាថាមានកម្រិតខ្ពស់ដោយបញ្ជាក់ថា ស្រ្ដី៥នាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយសារផលពិបាកទាក់ទងទៅនឹងការមានផ្ទៃពោះឬសម្រាលកូនដែលប្រការនេះគេមិនអាចទទួលយកបានឡើយ។
នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំខែចុងឆ្នាំ២០០៨ របស់អង្គការ MEDICAM បានបង្ហាញថា ស្រ្ដី៤៧២នាក់បានស្លាប់ក្នុងចំណោមស្ដ្រីសម្រាលកូនកើតរស់១០០.០០០នាក់។ អត្រានេះបានធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងលំដាប់លេខ២នៃប្រទេសដែលមានអត្រាមរណភាពមាតាខ្ពស់ជាងគេនៅក្នុងតំបន់។
នៅក្នុងព្រឹត្តិបត្រដដែលបានបញ្ជាក់ទៀតដោយដកស្រង់របាយការណ៍របស់អង្គការសុខភាពពិភពលោកដែលបានធ្វើការប៉ាន់ប្រមាណថា ជារៀងរាល់ឆ្នាំស្ដ្រីនិងក្មេងស្រីកម្ពុជាប្រហែលជា៣០០០នាក់បានស្លាប់ដែលបណ្ដាលមកពីផលពិបាកទាក់ទងទៅនឹងការមានផ្ទៃពោះ។
នាយកប្រតិបត្តិនៃអង្គការសុខភាពនៅកម្ពុជា លោកវេជ្ជបណ្ឌិត ស៊ីន សុមុនី បានមានប្រសាសន៍ថា កន្លងមកនេះគេឃើញក្រសួងសុខាភិបាលបានបង្កើតយុទ្ធសាស្ដ្រមួយដោយកំណត់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៥ គឺផ្តោតទៅលើសុខភាពមាតានិងទារកថាជាការងារអាទិភាពខ្ពស់ ប៉ុន្តែទោះជាបែបនេះក្តីយុទ្ធសាស្ដ្រនោះនៅមិនទាន់មានប្រសិទ្ធភាពក្នុងការកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកបានទេ។
លោកបានបន្តទៀតថា ចំពោះបញ្ហានេះគេអាចថាបណ្ដាលមកពីកត្ដាជាច្រើន ដូចជាភាពក្រីក្ររបស់ពលរដ្ឋ ការបម្រើសេវាសុខភាពរបស់ក្រសួងសុខាភិបាលនៅមានកម្រិតឬក៏ការតម្រូវឲ្យមានការបង់ថ្លៃសេវាព្យបាល។ល។។
លោកវេជ្ជបណ្ឌិត ស៊ីន សុមុនី បានមានប្រសាសន៍ថា ៖ «ហើយប្រព័ន្ធផ្គត់ផ្គង់សម្រាប់ឱសថសារវ័ត្រនិងសម្ភារៈបរិក្ខាពេទ្យផ្សេងៗទៀត គឺមិនទាន់ដើរបានល្អ ហើយមិនទាន់មានឱសថគ្រប់គ្រាន់ នេះជាឧបសគ្គមួយដ៏ធំ ហើយធនធានមនុស្សសម្រាប់ផ្ដល់សេវាសុខាភិបាលឲ្យបានពេញលេញហ្នឹង គឺអត់ទាន់មាន។ ដូច្នេះរាជរដ្ឋាភិបាលត្រូវជំរុញបន្ថែមក្នុងការធ្វើយ៉ាងណាបង្កើនវិន័យការធ្វើការងារ បង្កើនការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ឲ្យបានច្បាស់លាស់ ដើម្បីធ្វើឲ្យអ្នកក្រអាចមានលទ្ធភាពទទួលសេវាដោយមិនគិតថ្លៃ»។
នាយិកានៃសមាគមថែទាំសុខភាពគ្រួសារកម្ពុជា (RAC) អ្នកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា បានមានប្រសាសន៍ដែរថា ទាក់ទងនឹងសុខភាពស្ដ្រីជាមាតានេះគេឃើញរាជរដ្ឋាភិបាលបានប្រឹងប្រែងជួយលើកកម្ពស់សុខភាពបានច្រើនដែរ ដូចជាធ្វើការអនុគ្រោះមិនឲ្យអ្នកក្រីក្របង់ថ្លៃព្យាបាលជាដើម ក៏ប៉ុន្តែក្នុងនោះគេបានឃើញការលើកលែងនេះមានចំណុចខ្លះហាក់តឹងតែងពេកដែលបង្កឲ្យមានការយឺតយ៉ាវក្នុងការជួយសង្គ្រោះស្រ្ដីជាមាតាក្នុងពេលសម្រាលឬក៏មានផ្ទៃពោះ។
អ្នកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា បានបញ្ជាក់ថា ៖ «ថ្វីត្បិតតែហិរញ្ញប្បទានឬក៏សេវាលើកលែងហ្នឹង គឺមាននៅគ្រប់ខេត្តក្រុងទាំងអស់ហ្នឹងក៏ដោយ ក៏ប៉ុន្តែអ្វីដែលខ្ញុំតែងតែឮហ្នឹង ពេលខ្លះគឺប្រជាជនគាត់ថា ទម្រាំតែបានអាលើកលែងមួយៗហ្នឹងក្បាច់ក្បូរបញ្ជូនពីមួយទៅមួយៗវាច្រើនពេក។ អ៊ីចឹងបើសិនជាគាត់មានលទ្ធភាព គាត់បង់ បើគាត់គ្មានអាចនឹងធ្វើម៉េចអ្នកនៅនឹងទទួលភ្ញៀវហ្នឹង គឺអាចផ្ដល់ការលើកលែងបាន គឺថាវាជាជម្រើសមួយដែលងាយស្រួលសម្រាប់ប្រជាជនគាត់មានសេចក្ដីក្លាហាននឹងមកទៀត»។
ទាក់ទងនឹងការបង់ថ្លៃហិរញ្ញប្បទានដែលក្រសួងសុខាភិបាលតម្រូវឲ្យអ្នកជំងឺបង់ថ្លៃនេះដែលមិនត្រឹមតែមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផ្នែកសុខភាពធ្វើការទិតៀនថាជារនាំងមួយអាចឲ្យស្ដ្រី ជាពិសេសស្ដ្រីក្រីក្រមិនហ៊ានមកទទួលការសម្រាលនៅមន្ទីរពេទ្យឬមណ្ឌលសុខភាពប៉ុណ្ណោះទេ ក្នុងនោះគេឃើញមានស្រ្ដីអ្នកជនបទមួយចំនួនបានលើកឡើងថាមានការពិបាកដែរ។
ក្នុងចំណោមស្ដ្រីទាំងនោះ ស្ដ្រីមួយរូបឈ្មោះ ច្រឹប នៅភូមិកោហ៊េ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលទើបតែសម្រាលកូនខ្ចីបានប៉ុន្មានថ្ងៃមុននេះប្រាប់ឲ្យដឹងថា ដោយសារភាពក្រីក្រហើយបានឮថាពេលទៅសម្រាលកូននៅមន្ទីរពេទ្យគឺគេតម្រូវឲ្យបង់ថ្លៃ ដូច្នេះរូបគាត់មិនហ៊ានទៅសម្រាលកូននៅទីនោះឡើយ ស៊ូទ្រាំសម្រាលកូននៅផ្ទះ ប៉ុន្តែក្រោយមកបានប្រមាណបីថ្ងៃកូននោះបានស្លាប់ ឯរូបគាត់វិញមានសុខភាពមិនស្រួល ៖ «ខ្ញុំអត់លុយ ខ្លាចពេទ្យទារខ្ញុំ ខ្ញុំគ្មានឲ្យពេទ្យ។ ឆ្មបនៅហ្នឹង ឆ្មបខ្មែរ»។
គួររំឭកជូនដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលថ្មីៗនេះធ្លាប់បានមានប្រសាសន៍ផងដែរអំពីសុខភាពមាតានិងទារកនៅកម្ពុជា ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះ ៖ «បើចង់ធានាឲ្យកុមារនិងមាតារបស់យើងទទួលបាននូវសុខភាពល្អ កាត់បន្ថយអត្រាស្លាប់របស់កុមារនៅឯណា? វិធីដោះស្រាយរបស់យើង ត្រូវជំរុញបន្តការបណ្ដុះបណ្ដាលឆ្មបនិងបង្រៀនឆ្មប ដោយមានគោលនយោបាយសមស្រប លើកទឹកចិត្តសមស្រប ជាមួយនឹងកិច្ចការនេះ។ ប៉ុន្តែខ្ញុំក៏គួរតែបញ្ជាក់ដែរមិនគ្រាន់តែបញ្ហាឆ្មបដាច់ដោយឡែកនោះទេ អ្នកដែលបម្រើសេវាជាមួយនឹងបញ្ហាឆ្មបហ្នឹងក៏ត្រូវតែទទួលបាននូវការយកចិត្តទុកដាក់ដែរ»។
មន្ដ្រីអង្គការ MEDICAM បានឲ្យដឹងដែរថា បណ្ដាអង្គការធំៗជាច្រើនមានដូចជា UNFPA , USAID, WORLD BANK , UNICEF, ទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារាំង, កិច្ចសហប្រតិបត្តិការបែលហ្ស៊ិក និងទីភ្នាក់ងារអភិវឌ្ឍន៍ចក្រភពអង់គ្លេស ជាដើម គេបានផ្តល់ថវិកាចំនួន១៤៤,៩លានដុល្លារឲ្យដល់រដ្ឋាភិបាលកម្ពុជាសម្រាប់ជួយការងារប្រព័ន្ធសុខាភិបាលក្នុងប្រទេសនេះដែលក្នុងនោះសំខាន់គឺជួយគាំពារសុខភាពមាតានិងទារក៕