ប្រជាពលរដ្ឋបានទទួលលិខិត ស.ជ.ណ. (សេចក្ដីជូនដំណឹង) កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ដោយបានកំណត់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១១ ជាថ្ងៃឱសានវាទសម្រាប់ការរុះរើដោយស្ម័គ្រចិត្ត ដោយពុំមានសន្យាផ្ដល់សំណងដីធ្លី ឬលុយកាក់អ្វីទេ។
លិខិតនោះចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ ដោយអភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះរស់នៅដោយអនាធិបតេយ្យលើដីធ្លីសាធារណៈរបស់រដ្ឋ។
ប្រជាពលរដ្ឋឈ្មោះ ជិន ធីតា អាយុ ២២ឆ្នាំ នៅក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ជាយទីក្រុងភ្នំពេញ បានថ្លែងថា នាងកំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលសេចក្ដីជូនដំណឹងបែបនេះ ៖ «ខ្ញុំមិនដឹងថា តើខាងអាជ្ញាធរហ្នឹងគេធ្វើតាមសេចក្ដីជូនដំណឹងហ្នឹងភ្លាមៗ ឬមួយក៏យ៉ាងណាដែរ ពីព្រោះថា ឥឡូវហ្នឹង គឺគេមិនទាន់មានលក្ខខណ្ឌ ឬមួយមានសំណងអ្វីទាំងអស់សម្រាប់ប្រជាពលរដ្ឋ។ អ្វីដែលពួកខ្ញុំទទួលបានហ្នឹង គឺសេចក្ដីជូនដំណឹងឲ្យរុះរើតែម្យ៉ាងគត់»។
ប្រជាពលរដ្ឋជាង ១០០គ្រួសារនោះបានមករស់នៅតាមបណ្ដោយព្រែកប្រា ជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ និងមានគ្រួសារខ្លះបានមករស់នៅប៉ុន្មានឆ្នាំជាបន្តបន្ទាប់មកទៀត។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ម៉ែន វណ្ណៈ អាយុ ៥៦ឆ្នាំ បានថ្លែងថា ប្រជាពលរដ្ឋកំពុងតែស្ថិតក្នុងស្ថានការណ៍ទាល់ច្រក ៖ «ខ្ញុំភ័យ ខ្ញុំយំស្រែក ប្រជាជនទាំងអស់រស់នៅទីហ្នឹងគឺគ្មានស្គាល់ស្គាល់ទឹកទេ មានតែរស់នៅតូចតាច ដូចជាមាត់ព្រែក មាត់បឹងអ៊ីចឹងណា»។
អភិបាលរងខណ្ឌមានជ័យ លោក មាគ ច័ន្ទនាង បានមានប្រសាសន៍បំភ្លឺថា អាជ្ញាធរកំពុងតែអនុវត្តផែនការស្ដារប្រទ្បាយទឹកប្រវែង ១.៣០០ម៉ែត្រ ដោយសុំឲ្យប្រជាពលរដ្ឋទាំងនោះសហការជាមួយអាជ្ញាធរ ៖ «ជំហានទីមួយ ខ្ញុំចុះទៅស្ដារកន្លែងណាគ្រឿងចក្រស្ដារបាន ប្រើគ្រឿងចក្រវាលឿន ហើយកន្លែងណាក្រោយផ្ទះគាត់ ស្ដារគ្រឿងចក្រចូលអត់បាន ខ្ញុំឲ្យគាត់ចូលរួមសហការស្ដារទាំងសងខាង»។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេស សិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានមានប្រសាសន៍ថា ៖ «ការអភិវឌ្ឍនរណាក៏ចង់បានដែរ ប៉ុន្តែសិទ្ធិទទួលបានលំនៅឋានសមរម្យនេះ ដែលរដ្ឋត្រូវតែទទួលខុសត្រូវនេះ គឺត្រូវគិតជាចម្បងសិន»។
របាយការណ៍ស្រាវជ្រាវរបស់លោកកន្លងមកបានបង្ហាញថា នៅក្នុងទីក្រុងភ្នំពេញ មានសហគមន៍ប្រជាពលរដ្ឋជាង ៧០ បានទទួលសេចក្ដីជូនដំណឹងពីអាជ្ញាធរ និងសហគមន៍ ៤១០ទៀត បានទទួលសេចក្ដីជូនដំណឹងដូចគ្នានេះដែរ៕