ក្នុងរបាយការណ៍ដដែលនោះបានបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា ពុំមានលក្ខណៈសេរីពេញលេញទេ បើទោះបីជារដ្ឋធម្មនុញ្ញខ្មែរបានធានាអំពីសិទ្ធិនិងសេរីភាព ក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានក៏ដោយ ។
លោកស្រី Sarah Cook មន្ត្រីអ្នកស្រាវជ្រាវនៃអង្គការ Freedom House ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ក្នុងអំឡុងឆ្នាំ២០០៧ កន្លងមកនេះ សេរីភាពសារព័ត៌មាននៅកម្ពុជាមានការកើនឡើងក្នុងការត្រួតពិនិត្យមុនការចេញផ្សាយ និងការព្រមាននិងប្រឆាំងចំពោះអ្នកសារព័ត៌មាន ក៏មានច្រើនដែរ ។
លោកស្រី Sarah Cook មានប្រសាសន៍ដូច្នេះថា ៖ «អ្វីដែលយើងពិនិត្យឃើញក្នុងឆ្នាំ២០០៧នេះ គឺថាក្រោយដែលអង្គការ Global Witness បានចេញរបាយការណ៍ជាង ១០០ទំព័រទាក់ទងនឹង សកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដោយបានបង្ហាញឈ្មោះម្ចាស់ក្រុមហ៊ុន និងមន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល ដែលក្នុងនោះមានភរិយានិងក្រុមគ្រួសារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរនោះ រដ្ឋាភិបាលខ្មែរបានចាត់វិធានការជាបន្ទាន់មិនឲ្យក្រុមសារព័ត៌មានក្នុងស្រុកចេញផ្សាយរបាយការណ៍នោះ ហើយថែមទាំងប្រមូលសៀវភៅរបស់អង្គការ Global Witness ថែមទៀតផង ។មិនតែប៉ុណ្ណោះ បុគ្គលិកជនជាតិបារាំងម្នាក់នៃកាសែត Cambodge Soir ដែលបានចុះផ្សាយបន្តអត្ថបទទាំងនោះ បានត្រូវគេបញ្ឈប់ភ្លាមៗទៀតផង ។ ហើយជាមួយគ្នានេះ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ២នាក់ បានទទួលការគំរាមកំហែង ក្នុងនោះ ម្នាក់ត្រូវរត់ភៀសខ្លួនចេញទៅនៅក្រៅប្រទេសបណ្តោះអាសន្ន ហើយម្នាក់ទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមផ្ទាល់តែម្តងថា ជាជនព្រហើនកោងកាច» ។
សូមជម្រាបថា របាយការណ៍អង្គការ Freedom House បានឲ្យដឹងផងដែរថា ក្នុងចំណោមប្រទេស៤០ នៅអាស៊ីប៉ាស៊ីហ្វិកនោះ ១៦ប្រទេស មានសេរីភាពសារព័ត៌មានពេញលេញ ក្នុងនោះប្រទេសនូវែលហ្សេឡង់ បានចំណាត់លេខ១ ប្រទេសចំនួន១០ ក្នុងនោះមានកម្ពុជាដែរនោះ មានសេរីភាពខ្លះ អត់ខ្លះ ហើយនិងមានប្រទេសចំនួន ១៤ទៀត ពុំមានសេរីភាពសារព័ត៌មាន ទាល់តែសោះ ដែលក្នុងចំណាត់នោះ វៀតណាមទទួលលេខ ៣៦ លាវទទួលលេខ ៣៧ ចិនលេខ ៣៨ ភូមាចំណាត់លេខ ៣៩ និងចុងប៉ូចគេ លេខ៤០ គឺប្រទេសកូរ៉េខាងជើង ៕