បើគេធ្វើដំណើរកាត់តាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនោះ គេនឹងឃើញមានភូមិគ្រឹះមួយដ៏ធំនៅក្បែរដងផ្លូវនោះ និងមានបដាមួយចងនៅតាមក្លោងទ្វារចូល ដោយមានសរសេរពាក្យថា «សារមន្ទីរនរៈបូរី»។
សារមន្ទីរនេះត្រូវបានសាងសង់ឡើងដោយគ្រួសារមួយ ក្នុងបំណងទុកជាសម្បត្តិផ្ទាល់ខ្លួនរបស់គេផង ហើយនិងជាការចូលរួមចំណែករក្សាទុកនូវបេតិកភណ្ឌសម្បត្តិវប្បធម៌ជាតិឲ្យគង់វង្សផងដែរ។
នៅក្នុងសារមន្ទីរនោះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទ ធ្វើអំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជាព្រះពុទ្ធប្បដិមា រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ រូបឆ្មាំប្រាសាទ រូបនាងចេកនាងចម។ល។ ហើយនិងវត្ថុប្រើប្រាស់ពីជំនាន់បុរាណរួមមានឆ្នាំងស្ពាន់ កុលាលភាជន៍ ឬចាន ឆ្នាំងធ្វើពីដីឥដ្ឋ ក្រឡ ពួចជាដើម។ ក្រៅពីនេះទៀត មានក្បាច់ចម្លាក់តុ ទូ កៅអីដែលធ្វើពីឈើ ពីគល់ឈើធំៗ មានអាយុកាលជាច្រើនឆ្នាំ ហើយនិងធ្វើពីថ្ម និងពីសំណកខ្យង ឬលាសសមុទ្រជាដើម។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាច់ដោយឡែកពីគ្នា និងនៅតាមថែវនីមួយៗនៃសារមន្ទីរនោះ។
លោក នរៈ រតនៈវឌ្ឍនោ ដែលជាម្ចាស់សារមន្ទីរ បានមានប្រសាសន៍ប្រាប់ពីវត្ថុទាំងអស់នោះថា វត្ថុទាំងប៉ុន្មាននេះ មុននឹងបានយកមកដាក់តាំងនៅក្នុងសារមន្ទីរគ្រួសាររបស់លោកនោះ គឺលោកបានប្រមែប្រមូលទិញពីអ្នកស្រុកនៅតាមខេត្តផ្សេងៗ តាំងពីក្រោយប្រទេសជាតិបានរំដោះពីរបបខ្មែរក្រហម ឆ្នាំ១៩៧៩មកម្ល៉េះ។
លោក នរៈ រតនៈវឌ្ឍនោ ដែលសព្វថ្ងៃជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាផងនោះ បានឲ្យដឹងទៀតថា ក្រោយពីប្រមូលទិញវត្ថុទាំងនោះបានហើយ គឺលោកមិនបានយកមកភ្លាមៗទេ ដោយលោកសុំឲ្យអ្នកស្រុកជួយថែរក្សាទុកមួយរយៈសិន ពីព្រោះមិនទាន់មានទីតាំង ឬអាគារសម្រាប់តម្កល់។ លុះមកដល់ឆ្នាំ២០០៨ លោកក៏មានលទ្ធភាពអាចសាងសង់អាគារ ឬល្វែងថែវធ្វើជាសារមន្ទីរគ្រួសារសម្រាប់តម្កល់បានទើបលោកទៅសុំវត្ថុទាំងអស់នោះពីអ្នកស្រុក ដើម្បីដាក់តាំងជូនជនានុជនទស្សនា។
រីឯមូលហេតុនៃការធ្វើដូច្នេះ លោក នរៈ រតនៈវឌ្ឍនោ បានបញ្ជាក់ឲ្យដឹងថា គឺជានិស្ស័យពីកំណើតរបស់លោក ដែលស្រឡាញ់កេរ្តិ៍ដំណែលបុព្វបុរស ៖ «អ្វីដែលខ្ញុំរៀបចំ អ្វីដែលខ្ញុំផ្សែផ្សំនេះ គឺថាធ្វើម៉េចទុកជាស្នាដៃ ឬជាមរតកមួយ សម្រាប់ជីវិតរបស់ខ្លួន ហើយក៏ដូចជាសម្រាប់សង្គម សម្រាប់ជនានុជន មនុស្សម្នាផងទាំងពួងបានឃើញ បានស្គាល់ បានដឹងឮប៉ុណ្ណឹង»។
ការដាក់តាំងវត្ថុបុរាណចម្រុះ និងជាលក្ខណៈសារមន្ទីរគ្រួសារនៅក្នុងខេត្តកំពង់ស្ពឺនេះ គេឃើញមានការចាប់អារម្មណ៍ច្រើនដែរពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅតំបន់នោះផងដែរ ដោយគេនាំគ្នាចូលទៅទស្សនានៅពេលណាដែលគេទំនេរពីការងារ។
ការចាប់អារម្មណ៍នេះពីព្រោះថា អ្នកខ្លះគេពុំដែលបានឃើញនូវវត្ថុបុរាណ និងរបៀបរបបដាក់តាំងបង្ហាញយ៉ាងដូច្នេះ ហើយខ្លះទៀតថា ដោយសារសារមន្ទីរនេះនៅជិតងាយស្រួលធ្វើដំណើរមក ហើយខ្លះទៀតថាមានសារសំខាន់សម្រាប់ឲ្យគេមានកន្លែងសិក្សាស្រាវជ្រាវពីវប្បធម៌ខ្មែរ។
នៅក្នុងចំណោមសិស្សមួយក្រុម យុវសិស្សមួយរូបឈ្មោះ ពន្លិស ដែលកំពុងដើរទស្សនារូបចម្លាក់ផ្សេងៗនៅក្នុងសារមន្ទីរនរៈបុរីនោះ បានប្រាប់ឲ្យដឹងពីការយល់ឃើញរបស់គេយ៉ាងដូច្នេះ «ឃើញរូបចម្លាក់ទាំងអស់នេះ នឹកដល់ស្នាដៃបុព្វបុរសខ្មែរយើងកាលពីបុរាណ ដែលគាត់មានគំនិតចេះឆ្នៃប្រឌិត អាចបង្កើតបានគួរអស្ចារ្យ។អ្នកដែលបង្កើតសារមន្ទីរហ្នឹងកោតសរសើរដល់ពួកគាត់មានគំនិតចង់លើកស្ទួយវប្បធម៌ខ្មែរ។ បើអាចបង្កើតជាបណ្ណាល័យ និងមានឯកសារទាក់ទងនិងប្រវត្តិរូបចម្លាក់ទាំងអស់នេះ ដើម្បីឲ្យគេបានយល់ពីប្រវត្តិរូបចម្លាក់និមួយៗ»។
ស្ត្រីមួយរូបទៀតឈ្មោះ ងិន ប៊ុនធឿន ដែលជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយ នៅក្នុងតំបន់នោះ បានប្រាប់ឲ្យដឹងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ គាត់ក៏បានចូលទៅទស្សនាវត្ថុបុរាណនៅសារមន្ទីរនរៈបុរីនោះដែរ ហើយបានឃើញថា យ៉ាងហោចណាស់បានធ្វើឲ្យគាត់ស្គាល់ពីរបៀបដាក់តាំងរូបផ្សេងៗ និងបានស្គាល់ពីប្រវត្តិរឿងរ៉ាវខ្លះនៃរូបចម្លាក់នោះ ដូចជារូបព្រះបាទជ័យវរ្ម័នទី៧ជាដើម ៖ «បើយើងអត់បានទៅអង្គរវត្តក៏បានឃើញនៅកន្លែងហ្នឹងស្រដៀងៗ គ្នាដែរ ពីព្រោះខ្ញុំអត់ដែលបានឃើញអង្គរវត្តហ្នឹងយ៉ាងម៉េចផង ទៅស្គាល់អង្គរវត្តផង តែពេលដែលខ្ញុំទៅមើលទៅអត់ឃើញមានសៀវភៅប្រវត្តិសាស្ត្រក្នុងបណ្ណាល័យ អ៊ីចឹងបើសិនជាគាត់មានរូបអ៊ីចឹងហើយ មានការចងក្រងជាគម្ពីរអី ប្រវត្តិសាស្ត្រអីសម្រាប់ដូចថាក្មេងមកអានសៀវភៅអ៊ីចឹង គឺល្អម្យ៉ាងដែរ...»។
នូវរាល់ការលើកឡើងរបស់ភ្ញៀវអ្នកទស្សនានេះលោក នរៈ រតនៈវឌ្ឍនោ ដែលជាម្ចាស់សារមន្ទីរបានមានប្រសាសន៍ប្រាប់ដែរថា ការដាក់តាំងវត្ថុបុរាណចម្រុះ និងជាលក្ខណៈសារមន្ទីរគ្រួសារនៅក្នុងខេត្តកំពង់ស្ពឺនេះតាមពិតទៅ គឺមិនទាន់បានបើកទូលាយជាផ្លូវការនៅឡើយទេ ពីព្រោះកំពុងតែគ្រោងរៀបចំការចុះបញ្ជី និងឈ្មោះទៅតាមលំដាប់វត្ថុនិមួយៗ។ លោកបានឲ្យដឹងទៀតថា សារមន្ទីរគ្រួសារ ឬសារមន្ទីរនរៈបុរីនេះ គឺមានការទទួលស្គាល់ពីអាជ្ញាធរដែនដី ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចហើយដែរ។ រីឯការបង្កើតបណ្ណាល័យវិញ លោកក៏មានគម្រោងថានឹងធ្វើដែរ ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្ស កូនចៅអ្នកស្រុកនៅតំបន់នេះ បានមកអាន និងសិក្សាស្វែងយល់ពីអរិយធម៌ វប្បធម៌ជាតិបន្ថែមទៀត។
ទាក់ទងនិងការបង្កើតបណ្ណាល័យគ្រួសារ ឬសារមន្ទីរនរៈបុរីនេះ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ក្រសួងបានចុះទៅមើល ហើយក៏បានអនុញ្ញាតឲ្យបើកជូនមហាជនទស្សនាដែរ ព្រមទាំងមានការចុះបញ្ជីត្រឹមត្រូវពីក្រសួង។
លោកបានបន្ថែមទៀតថា សារមន្ទីរនោះគឺជាប្រភេទសារមន្ទីរជាតិព័ន្ធុ ឬជាតិពន្ធុវិទ្យា មិនមែនជាសារមន្ទីរបុរាណវត្ថុនោះទេ ពីព្រោះវត្ថុដែលតម្កល់ទុកនៅទីនោះ គឺមានចម្រុះ ដែលម្ចាស់សារមន្ទីរនេះ បានប្រមូលទិញមកពីទីផ្សារ និងពីអ្នកស្រុកនៅតាមតំបន់នានា។ លោក ឱក សុផុន អគ្គនាយកនៃនាយកដ្ឋានបេតិកភណ្ឌរូបីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានពន្យល់ប្រាប់បន្ថែមអំពីសារមន្ទីរជាតិពន្ធុវិទ្យាយ៉ាងដូច្នេះ ៖ «ដែលលោកជាម្ចាស់ហ្នឹង លោកទិញពីផ្សារ ពីអីមកវាមានដោយលាយ ដែលថាមានវត្ថុបុរាណហ្នឹង ដែលជាទូទៅ គឺសុទ្ធតែជារបស់ចម្លងហ្នឹង សារមន្ទីរប្រភេទអ៊ីចឹង គេហៅថាសារមន្ទីរជាតិពន្ធុវិទ្យា។ ប៉ុន្តែរបស់ដែលដាក់តាំងក្នុងសារមន្ទីរហ្នឹង ទាំងអស់គេចុះបញ្ជីស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ»។
លោកបានឲ្យដឹងទៀតថា បើទោះបីជាមានការអនុញ្ញាតឲ្យបើកជាសារមន្ទីរប្រចាំគ្រួសារបែបនេះក្ដី ប៉ុន្តែវត្ថុដែលមាននៅក្នុងសារមន្ទីរនោះទាំងប៉ុន្មាន គឺគេមិនអាចធ្វើការលក់ដូរ ផ្ទេរទៅទីណាបានទេ ហើយម្យ៉ាងទៀត ក្នុងច្បាប់ក៏មិនអនុញ្ញាតឲ្យជនណាមួយទៅគាស់កកាយរកវត្ថុបុរាណណាមួយយកមកដាក់តាំង ឬបង្កើតជាសារមន្ទីរគ្រួសារបានដែរ។
មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងផងដែរថា សារមន្ទីរប្រចាំគ្រួសារកាលពីសម័យមុន គឺមិនមានទេ គឺទើបតែឃើញកើតមាននៅក្នុងសម័យនេះប៉ុណ្ណោះ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើសារមន្ទីរគ្រួសារនេះមានចំនួនប៉ុន្មានទេ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ៕