ការស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យជួយដោះស្រាយជុំវិញភាពមិនទាន់ចុះសម្រុងគ្នារវាងពលរដ្ឋនិងក្រុមហ៊ុនស៊ូកាគូដែលវិនិយោគអភិវឌ្ឍតំបន់បឹងកក់នៃរាជធានីភ្នំពេញ គឺនៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេរហូតមកទល់នឹងថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាមន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីទទួលយកសំណើពីតំណាងពលរដ្ឋរួចហើយក៏ដោយ។ នេះបើតាមការថ្លែងបញ្ជាក់ពីលោកស្រី បេ ផារ៉ុម ដែលជាតំណាងពលរដ្ឋអ្នកតវ៉ា។
សូមជម្រាបថា ពលរដ្ឋតំបន់បឹងកក់ប្រមាណ៣០០នាក់បាននាំគ្នាទៅលំនៅឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯក្រុងតាខ្មៅ កាលពីថ្ងៃពុធ ដើម្បីថ្លែងទទូចឲ្យលោកនាយករដ្ឋមន្ត្រីធ្វើកិច្ចអន្តរាគមន៍បញ្ឈប់ការបូមខ្សាច់បញ្ចូលទៅក្នុងបឹងកក់ និងទាមទារឲ្យជួយដោះស្រាយគោលការណ៍សំណងឲ្យបានសមរម្យផងដែរ។
ពលរដ្ឋម្នាក់បានថ្លែងអំពីស្ថានភាពបច្ចុប្បន្ននៅតំបន់បឹងកក់នោះយ៉ាងដូច្នេះថា ៖ «ផ្ទះនៅក្នុងទឹក ដល់ពេលទឹកលិចអ៊ីចឹងវាលំបាកសព្វបែបយ៉ាង វាមានសត្វមានអីចូលទៅវារមាស់។ ហើយក្មេងៗតូចៗហ្នឹងមើល៍ វាខ្លាចសព្វបែបសព្វយ៉ាង ព្រោះអីទឹកលិចអ៊ីចឹង។ មកពីគេបូម ហើយគេអត់បូមទឹកចេញទេតាមមើល៍។ គេបូមខ្សាច់ចូល។ រាល់ដងខែហ្នឹងអត់លិចទេ ភ្លៀងយ៉ាងម៉េចក៏អត់លិចដែរ ដល់ពេលឥឡូវគ្រាន់តែភ្លៀងពីរមេលិចផ្ទះអស់ សំរាមអីឡើងមកស្អុយពេញហ្នឹង។ រស់នៅវាលំបាកសព្វបែបយ៉ាង»។
ចំណែកឯមេធាវីតំណាងពលរដ្ឋនៃតំបន់បឹងកក់គឺលោក ជួង ជូងី បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃព្រហស្បតិ៍នេះអំពីការតវ៉ារបស់ពលរដ្ឋទៅកាន់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះថា ៖ «ពីព្រោះនេះគឺជាជម្រើសចុងក្រោយ។ ពីមុនមកគាត់ធ្លាប់តវ៉ាទៅសាលាខណ្ឌដូនពេញ ធ្លាប់តវ៉ាទៅក្រុមហ៊ុននិងធ្លាប់តវ៉ាទៅសាលាក្រុង ប៉ុន្តែអត់មានដំណោះស្រាយឲ្យគាត់ច្បាស់លាស់ទេ គឺទាមទារពីរចំណុច។ ទី១ សុំឲ្យក្រុមហ៊ុនផ្អាកការបូមសិន ទី២ ឲ្យមានដំណោះស្រាយសមស្របជូនគាត់។ ដូច្នេះគាត់មានតែជម្រើសចុងក្រោយទៅសម្ដេចនាយករដ្ឋមន្រ្តីតែម្ដង។ ចំណុចសំខាន់មួយទៀត សម្ដេចនាយករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាល គាត់មានអំណាចទៅលើសាលាក្រុង និងមានអំណាចទៅលើក្រុមហ៊ុនដែលគាត់អាចដោះស្រាយបញ្ហាហ្នឹងបាន»។
លោកមេធាវី ជួង ជូងី បានថ្លែងអះអាងទៀតថា ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់បឹងកក់គឺជាម្ចាស់កម្មសិទ្ធិនៃទឹកដីតំបន់នោះ។
លោកមេធាវី ជួង ជូងី បានមានប្រសាសន៍ថា ៖ «នៅក្នុងច្បាប់ភូមិបាលក៏ទទួលស្គាល់ដែរការដែលចូលទៅកាន់កាប់អត់ជាដីរបស់នរណា ហើយគាត់កាន់កាប់រយៈពេលយូរ គ្មានការតវ៉ា អាហ្នឹងបានន័យថា ការកាន់កាប់របស់គាត់ស្របច្បាប់ហើយ មិនមែនចាំថាមានប័ណ្ណកម្មសិទ្ធិទើបស្របច្បាប់ មិនមែនទេ»។
ទាក់ទិនការថ្លែងរបស់ពលរដ្ឋដែលថា ការបូមខ្សាច់មកលុបបំពេញបឹងកក់ហើយកំពុងបណ្តាលឲ្យជន់លិចផ្លូវដើរនិងលំនៅឋានខ្លះរបស់ពលរដ្ឋនោះវិញ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី អភិបាលរងរាជធានីភ្នំពេញគឺលោក ប៉ា សុជាតិវង្ស បានអធិប្បាយយ៉ាងដូច្នេះថា ៖ «ការពិតទៅយើងបានទៅពិនិត្យជាក់ស្ដែង វាមិនមែនជាតំបន់លិចទឹកហ្នឹងដោយសាររឿងបូមហ្នឹងទេ។ ការពិតទៅ ខែវស្សាហ្នឹងវាត្រូវទឹកឡើងដោយសារភ្លៀង។ កម្រិតរាល់ថ្ងៃហ្នឹងឡើងមិនទាន់ដល់កម្រិតផង ហើយយើងបានគណនាយ៉ាងច្បាស់លាស់ពីចំនួនទឹកបូមចូល ហើយនិងទឹកបូមចេញ មានតែការបូមចេញហ្នឹងច្រើនជាងបូមចូល។ ដូច្នេះបញ្ហាវាអត់មានទាក់ទងទៅនឹងបញ្ហាបូមហ្នឹងទេ អ៊ីចឹងគាត់សួរទៅវិញថា កាលពីឆ្នាំទៅដែលគ្មានបូម ទឹកឡើងត្រឹមណា? តាមពិតហ្នឹង ឥឡូវនេះវាឡើងមិនទាន់ដល់កម្រិតពីឆ្នាំទៅផង ដោយសារយើងបានបូមលើសពីការបូមចូល នេះជាបច្ចេកទេសច្បាស់លាស់រឿងហ្នឹង»។
លោក ប៉ា សុជាតិវង្ស ក៏បានថ្លែងគូសបញ្ជាក់ទៀតថា ការបូមដីមកចាក់បំពេញបឹងកក់នោះគឺដើម្បីធ្វើឲ្យមានដីគ្រប់គ្រាន់សម្រាប់សង់លំនៅឋានដោះដូរឲ្យប្រជាពលរដ្ឋ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ៖ «ឥឡូវគោលការណ៍របស់រដ្ឋាភិបាលក៏ដូចជាកិច្ចសន្យាដែលសាលាក្រុងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននោះ វាតម្រូវឲ្យសាលាក្រុងយើងសង់ផ្ទះនៅនឹងកន្លែងជូនគាត់។ អានេះជាថ្នូរមួយដែលយើងបានធ្វើបុរីកីឡា។ និយាយរួមគឺជាលទ្ធភាពល្អបំផុត ជម្រើសល្អបំផុតរបស់គាត់ហើយ ពីនៅនៅលើទីតាំងមួយមិនស្របច្បាប់ នៅក្នុងស្ថានភាពជាសំណង់មិនរៀបរយ ហើយបានជាប្លង់ផ្ទះមួយដែលបានស្របច្បាប់ ហើយរៀបរយល្អ អានេះជាថ្នូរមួយដែលរដ្ឋាភិបាលបានគិតបញ្ហាសិទ្ធិមនុស្ស បញ្ហាអីផ្សេងៗហ្នឹងគ្រប់គ្រាន់ហើយ។ ក៏ប៉ុន្តែបើយើងចង់ទៅសង់ យើងមានកន្លែងណាសង់? បើតំបន់ទាំងអស់ហ្នឹងនៅលើគោកប្រមាណជា៣០ហិកតារ បងប្អូនរស់នៅ នៅក្នុងទឹក១០០ជាងហិកតារសង់វាមិនកើត។ អ៊ីចឹងហើយបានជាសាលាក្រុងផ្ដើមគំនិតថា ចាំបាច់ត្រូវតែបូមតទៅទៀតបានយើងមានដីសង់ឲ្យគាត់ទាន់ពេលវេលា បើយើងមិនបូមមានន័យថា យើងអត់មានដីសង់»។
ជាមួយគ្នានេះឆ្លើយតបនឹងការលើកឡើងរបស់លោកមេធាវី ជួង ជូងី អំពីម្ចាស់កម្មសិទ្ធិដីនោះ លោក ប៉ា សុជាតិវង្ស បានថ្លែងថាដីតំបន់បឹងកក់ដែលមានទំហំ១៣៣ហិកតារនោះគឺជាដីរបស់រដ្ឋ ហើយដែលកាលពីថ្ងៃទី៧ ខែសីហាថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់តំបន់បឹងកក់ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដើម្បីអភិវឌ្ឍ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ «បើគាត់ថាប្រឆាំងនឹងការបូម អាហ្នឹងគឺជាបញ្ហាមិនត្រូវទេ។ គាត់មិនមានសិទ្ធិអីដល់ប៉ុណ្ណឹងទេ ពីព្រោះគាត់បានមកនៅក្នុងតំបន់មួយដែលវាមិនស្របច្បាប់ ដែលគាត់មិនអាចធ្វើកម្មសិទ្ធិបានទេនៅតំបន់រាល់ថ្ងៃនេះ»។
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក គឺលោក ចាន់ សូវ៉េត ដែលតាមដានការតវ៉ារបស់ពលរដ្ឋជាបន្តបន្ទាប់មកនោះបានថ្លែងថា លោកគាំទ្រចំពោះផែនការអភិវឌ្ឍន៍តំបន់បឹងកក់នោះ ក៏ប៉ុន្តែអាជ្ញាធរនិងក្រុមហ៊ុនត្រូវតែពិភាក្សាជាមួយពលរដ្ឋអំពីសំណងសមរម្យ និងត្រូវសិក្សាឲ្យច្បាស់ពីផលប៉ះពាល់នៃបរិស្ថាន។
ជាមួយគ្នានេះ លោក ចាន់ សុវ៉េត បានអធិប្បាយតាមផ្លូវច្បាប់ទាក់ទិនកម្មសិទ្ធិដីនៅបឹងកក់នោះយ៉ាងដូច្នេះដែរថា ៖ «តំបន់ដីបឹងកក់ ប្រជាពលរដ្ឋគាត់រស់នៅបាន។ បើសិនជាដីនោះជាដីសាធារណៈរបស់រដ្ឋ មានន័យថាអ្នកណាក៏គ្មានសិទ្ធិក្នុងការយកកន្លែងទីតាំងហ្នឹងធ្វើជាការអភិវឌ្ឍ ឬក៏រស់នៅលើលំនៅហ្នឹងបានដែរ អ្នកណាក៏អត់ដែរ ហ្នឹងជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ តែបើសិនជាទ្រព្យនោះជាទ្រព្យឯកជនរបស់រដ្ឋ គឺក្រុមហ៊ុនក៏អាចដាក់ពាក្យស្នើសុំបាន ប្រជាពលរដ្ឋក៏អាចនៅបានដែរ»។
ជុំវិញភាពចម្រូងចម្រាសលើផែនការអភិវឌ្ឍន៍នៅតំបន់បឹងកក់នេះដែរ ស្ថាបត្យករប្លង់និងសំណង់មានបទពិសោធន៍មួយរូបធ្លាប់មានប្រសាសន៍ប្រៀបប្រដូចបឹងកក់ថាជាសួតនៃរាជធានីភ្នំពេញ។
លោកស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ជាអ្នកគូរប្លង់ដែលទាក់ទាញការចាប់អារម្មណ៍ជាច្រើន រួមមានប្លង់វិមានឯករាជ្យ និងប្លង់ពហុកីឡដ្ឋានជាតិអូឡាំពិកផងនោះ មានប្រសាសន៍បន្តថា ការចាក់ដីលុបបំពេញបឹងកក់នឹងអាចបណ្តាលឲ្យមានការជន់លិចតំបន់ខ្លះនៃទីក្រុងភ្នំពេញ ជាពិសេសនៅតំបន់ទួលគោក៕