រដ្ឋាភិបាល​ប្រកាស​លើកលែង​ពន្ធ​អចលនទ្រព្យ​នៅ​ក្នុង​សង្កាត់​ចំនួន​២០

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ប្រកាស​លើក​លែង​ពន្ធ​អចលនទ្រព្យ​នៅ​ក្នុង​សង្កាត់​ចំនួន ២០ នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១១។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១១ ដោយ​លើក​លែង​ពន្ធ​អចលន​ទ្រព្យ ឬ​ការ​បង់​ពន្ធ​ថ្លៃ​ដី និង​ផ្ទះ​នៅ​តំបន់​ខ្លះ​នៃ​រាជ​ធានី​ភ្នំពេញ។ ក៏​ប៉ុន្តែ លិខិត​ប្រកាស​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក គាត ឈន់ ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នោះ បាន​កំណត់​ទុក​ពេល​តែ​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​៣១ មួយ​ថ្ងៃ​បន្ទាប់​ពី​សេចក្ដី​ប្រកាស​ជូន​ដំណឹង​​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​បង់​ពន្ធ​ផ្ទះ​ហើយ ឲ្យ​មក​ដក​ប្រាក់​ដែល​ខ្លួន​បាន​បង់​ពន្ធ​ហើយ​យក​ទៅ​វិញ។

កញ្ញា ជា សុខលាង សហការី​អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក (Affiliated Network for Social Accountability in East Asia and the Pacific) បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​ទុក​ពេល​ឲ្យ​បាន​យូរ​ជាង​នេះ ហើយ​គួរ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​​បាន​ទូលំទូលាយ​ជាង​នេះ ដើម្បី​ឲ្យ​គាត់​អាច​ដក​ប្រាក់​ពន្ធ​ដែល​បាន​បង់​ហើយ​នោះ​មក​ប្រើ​ការ​វិញ​បាន។

កញ្ញា ជា សុខលាង៖ «យើង​មើល​ឃើញ​អំពី​កង្វះ​ខាត​របស់​ក្រសួង​ដែរ ដែល​គាត់​មាន​យន្តការ មាន​ការ​លើកលែង​ពន្ធ​លើ​អចលន​ទ្រព្យ​នៅ​សង្កាត់​មួយ​ចំនួន​ហើយ ប៉ុន្តែ​ការ​ប្រកាស​របស់​គាត់​បាន​យឺត​ពេល។ ដូច​ជា​មាន​រយៈ​ពេល​ផ្សព្វផ្សាយ​តែប៉ុណ្ណោះ។ យន្ត​ការ​នេះ​ទុក​ដូចជា​ម្ចាស់​អចលនទ្រព្យ​មិន​អាច​បង្វិល​ប្រាក់​មក​ប្រើ​ប្រាស់​វិញ​ទេ»

ទោះ​យ៉ាង​ណា ប្រាក់​​ទាំង​នោះ​មិន​បាត់​ទេ។ លិខិត​ដដែល​ចារ​ថា ចំពោះ​ប្រជាពលរដ្ឋ​ណា ដែល​មិន​អាច​ដក​ប្រាក់​នោះ​បាន​ទាន់​ពេល​កំណត់ គឺ​រដ្ឋាភិបាល​បាន​សម្រេច​បង្វិល​ទឹក​ប្រាក់​នោះ ទុក​សម្រាប់​បង់​ពន្ធ​អចលនទ្រព្យ​ឆ្នាំ​បន្ទាប់​ទៀត គឺ​ឆ្នាំ​២០១២។

កន្លង​មក​ក្រុម​មន្ត្រី​​ឲ្យ​ដឹង​ថា ចំនួន​ទឹក​ប្រាក់​បង់​ពន្ធ​​អចលនទ្រព្យ​​គិត​ជា​គ្រួសារ មាន​ទាប​បំផុត​ចាប់​ពី​ជិត​មួយ​ម៉ឺន​រៀល​ឡើង​ដល់​ខ្ពស់​បំផុត ៤.០០០​ដុល្លារ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក ឱម ចន អនុ​ប្រធាន​ការិយាល័យ​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ដើម្បី​សុំ​បញ្ជាក់​ព័ត៌មាន​បន្ថែម។

លោក ស៊ឹង ប៊ុណ្ណា ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា មាន​ប្រសាសន៍​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល ដែល​ផ្ទេរ​ប្រាក់​ពន្ធ​របស់​ប្រជាពលរដ្ឋ​បាន​បង់​ហើយ​នោះ ទៅ​ឆ្នាំ​ក្រោយ ព្រោះ​លោក​យល់​ថា នីតិវិធី​ដក ឬ​ដាក់​ប្រាក់​នេះ ស្មុគស្មាញ នាំ​ឲ្យ​ខាត​ពេលវេលា​ទាំង​មន្ត្រី​រដ្ឋាភិបាល ទាំង​ប្រជាពលរដ្ឋ​ដែល​ទៅ​ដក​ប្រាក់​មក​វិញ បើ​សិន​ជា​ទុក​បង់​ពន្ធ​ឆ្នាំ​ក្រោយ​តែ​ម្ដង​ទៅ​គឺ​ស្រួល​​ជាង ព្រោះ​ថា នឹង​ចៀស​បង់​ពន្ធ​មិន​រួច​ដូច​តែ​គ្នា​ដដែល។

លោក ស៊ឹង ប៊ុណ្ណា៖ «អ្នក​ណា​ដែល​មិន​ទាន់​បាន​បង់​២០១១ ហើយ​តំបន់​ដែល​លើកលែង​នេះ គាត់​ត្រូវ​បង់ ២០១២ ហើយ​អ្នក​ដែល​បាន​បង់​កាល​ពី​មុន ហើយ​បង្វិល​វា​មក​ចូល​២០១២ ទៅ គឺ​ជា​ការ​ស្រេច​ហើយ។ វា​ល្អ​ជាង​យើង​ដក​ចុះ​ដក​ឡើង បង់​ចុះ​បង់​ឡើង ហើយ​ការងារ​ដដែល វា​ខាត​ការងារ​មន្ត្រី​ជំនាញ​ទៀត​បាទ!»

នៅ​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ប្រកាស​យក​ពន្ធ​ផ្ទះ ហើយ​ប្រមូល​បាន​ប្រាក់​ពន្ធ​សរុប​ជាង ​១១​លាន​ដុល្លារ។ ក៏​ប៉ុន្តែ សេចក្ដី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ថា រដ្ឋាភិបាល​បាន​សម្រេច​លើក​ពន្ធ​នៅ​សង្កាត់​ចំនួន​២០ ​ព្រោះ​ថា តំបន់​ទាំង​នោះ​នៅ​មាន​បញ្ហា​ធ្វើ​បែបបទ​ឯកសារ​ផ្ទេរ​ពី​ខេត្ត​កណ្ដាល កាត់​ចូល​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជធានី​ភ្នំពេញ​វិញ ខណៈ​ដែល​រដ្ឋាភិបាល​ពង្រីក​ទីក្រុង​​ភ្នំពេញ ធំ​ជាង​មុន។

សង្កាត់​ទាំង​២០ នោះ​មាន៖ សង្កាត់​ព្រែកភ្នៅ សង្កាត់​សំរោង និង​សង្កាត់​ពញាពន់ ក្នុង​ខណ្ឌ​សែនសុខ។ សង្កាត់​១១ ក្នុង​ខណ្ឌ​ដង្កោ គឺ​សង្កាត់​ពន្សាំង សង្កាត់​ស្នោរ សង្កាត់​ឪឡោក សង្កាត់​បឹងធំ សង្កាត់​កន្ទោក សង្កាត់​គងនយ សង្កាត់​ទៀន សង្កាត់​រលួស សង្កាត់​កំបូល សង្កាត់​ស្ពានថ្ម និង​សង្កាត់​ព្រែកកំពិស។

ក្នុង​ខណ្ឌ​មានជ័យ មាន​សង្កាត់ ៤ គឺ​សង្កាត់​វាលស្បូវ សង្កាត់​ព្រែកឯង សង្កាត់​ក្បាលកោះ សង្កាត់​ព្រែក​ថ្មី ហើយ​ចុង​ក្រោយ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ មាន​សង្កាត់​ពីរ គឺ​សង្កាត់​បាក់ខែង និង​សង្កាត់​កោះដាច់៕