ជម្រក​សត្វ​និង​ព្រៃ​អភិរក្ស​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កំពុង​រក​ការ​កាប់​ទន្ទ្រាន

មន្រ្តី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា អំពើ​ទន្រ្ទាន​ព្រៃឈើ​ពង្រីក​ដី​ដាំដុះ​និង​បង្កើត​ភូមិ​ថ្មី ក្នុង​ដី​ជម្រក​សត្វ​និង​ព្រៃ​អភិរក្ស ជាង​១៤​ម៉ឺន​ហិកតារ កំពុង​ហិនហោច​ព្រៃឈើ​មួយ​ចំនួន។

0:00 / 0:00

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក សឹង្ហ ប៊ុនធឿន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ខណៈ​ដែល​ជន​មួយ​ចំនួន​បង្កើន​សកម្មភាព​ចូល​កាប់​ព្រៃ​ឈើ​ដើម្បី​យក​ដី​សង់​ភូមិ​ថ្មី​និង​ធ្វើ​ដំណាំ​ចម្ការ​នៅ​តាម​តំបន់​ខ្លះ ក្នុង​ស្រុក​ឱរ៉ាល់​និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ៖ «ម្ដុំ​ស្រែពក​ហ្នឹង គឺ​ការកាប់​រាន​របស់​គាត់​ទៅ គឺ​យើង​សុទ្ធ​តែ​មាន​ដីកា​ដក​ហូត​អស់​ហើយ យើង​នៅ​តែ​អនុវត្ត​ទេ ចាប់​ពី​កន្ទួត ទៅ​ដល់​រហូត​អូរ​ព្រៃចាំ យើង​មាន​ដីកា​ដកហូត​របស់​ខេត្ត​ហើយ​អស់​ហើយ យើង​ចាំ​តែ​ភ្ជុំ​ហើយ នឹង​ធ្វើ»

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក កង ហ៊ាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ព្រងើយ​កន្តើយ​ក្នុង​រឿង​ទប់ស្កាត់​អំពើ​កាប់​ព្រៃឈើ​នោះ​ទេ។ ប៉ុន្តែ អាជ្ញាធរ​បាន​ចាប់​ខ្លះ លើក​លែង​ខ្លះ ដោយ​រដូវ​នេះ កសិករ​ភាគ​ច្រើន​ដាច់​ស្បៀង ត្រូវ​តែ​ចូល​ព្រៃ រក​អុស ដុត​ធ្យូង​លក់​ដើម្បី​យក​លុយ​ទិញ​អង្ករ ឬ​ចាយ​វាយ​ផ្សេងៗ។ ប៉ុន្តែ​អំពើ​ទន្រ្ទាន​ព្រៃ យក​ដី​ទុក​លក់ ឬ​ពង្រីក​ដី​ដាំ​ដុះ ឬ​បង្កើត​ភូមិ​ថ្មី គ្មាន​ការ​អនុញ្ញាត អាជ្ញាធរ​នឹង​បង្រ្កាប​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក កង ហ៊ាន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «កន្លង​មក​យើង​ធ្វើ​ផង យើង​មិន​ធ្វើ​ផង បាន​ន័យ​ថា កន្លែង​ណា​ដែល​រូបភាព​ធំ​ដុំ យើង​ធ្វើ ប៉ុន្តែ​បើ​ជា​រូបភាព​តូចតាច​កំប៉ិក​កំប៉ុក ពិសេស​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ ដែល​មាន​ការ​ខ្វះខាត​លំបាក យើង​អនុគ្រោះ​ឲ្យ​គាត់»

មេភូមិ​ច្រកទាក ឃុំ​ត្រពាំងជោរ លោក សន សុន មាន​ប្រសាសន៍​ថា កំណើន​អ្នក​ត្រូវការ​អុស​ និង​បង្គោល​របង កើន​នាំ​ភូមិ​ច្រកទាក រង​ការទន្រ្ទាន​ពៃ្រ​សហគមន៍ ៖ «គាត់​លុប​ក្នុង​មួយ​ម៉ែត្រ​គូប ៦​ម៉ឺន ទៅ​៧​ម៉ឺន​[រៀល]»

បុរស​ឈ្មោះ ឃីម មក​ពី​ភូមិ​ក្រវៀក ឃុំ​យាអង្គ ស្រុក​ថ្ពង អះអាង​ថា គាត់​មាន​ជីវភាព​ខ្វះ​ខាត​ទើប​មក​ឃុំ​ត្រពាំងជោរ រក​កាប់​ឈើ​លក់ ៖ «រក​កាប់​អុស​លក់ បង្គោល​របង​អី។ មួយ​ដើម ២​ពាន់​[រៀល] បាន​គ្រាន់​ចិញ្ចឹម​គ្រួសារ​តិច​តួច»

ប្រធាន​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក សឹង្ហ ប៊ុនធឿន មាន​ប្រសាសន៍​ថា ក្នុង​ខេត្ត​កំពង់ស្ពឺ ព្រៃ​រដ្ឋ​ថែ​រក្សា​អភិរក្ស មាន​ជាង​១៤​ម៉ឺន​ហិកតារ។ បច្ចុប្បន្ន ការបំផ្លាញ​ព្រៃ​អភិរក្ស​របស់​រដ្ឋ គ្រាន់​តែ​តំបន់​ឱរ៉ាល់​មួយ បំផ្លាញ​ព្រៃ​អស់​ព្រៃ​ជាង ២​គីឡូម៉ែត្រ ៖ «តាម​ភូមិ​ទាំង​ឡាយ​ដែល​នៅក្នុង​ដែន​ជម្រក ដូច​ស្នឹង​ចំបើង​អ៊ីចឹង អា​ឧស​គរ​ពេញ​ហ្នឹង។ អ៊ីចឹង​ទេ យើង​លំបាក​ណាស់ កាលណា​យើង​ទប់​ស្កាត់​ខ្លាំង យើង​ក៏​ត្រូវ​វេទនា​ខ្លាំង​ដែរ»

លោកសឹង្ហ ប៊ុនធឿន បន្ត​ថា អំពើ​បំពាន​ព្រៃ​ឈើ កើត​មាន​នៅ​តំបន់​ជ្រៅៗ​និង​ដាច់​ស្រយាល ពិសេស​តំបន់​ប្រជុំ​ច្រើន​ខេត្ត ឬ​ច្រើន​ស្រុក ស្ថិត​នៅ​ជ្រៅៗ​ពី​ថ្នល់​ជាតិ មាន​ការ​លំបាក​ទប់ស្កាត់​ខ្លាំង ដោយ​មន្រ្តី​បរិស្ថាន​ក្នុង​ខេត្ត មាន​តែ ៣០​នាក់ ឯ​ព្រៃឈើ មាន​ជាង ១៤​ម៉ឺន​ហិកតារ។ ទើប​កើត​ភាពអនាធិបតេយ្យ​បង្ហិន​ព្រៃ​ឈើ។ លោក​ថា ដើម្បី​ជួយ​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នេះ មន្ទីរ​និង​ក្រសួង​បរិស្ថាន បាន​បង្កើត​ជា​សហគមន៍​ចំនួន​៧ ឲ្យ​ជួយ​ការពារ​ព្រៃ​ឈើ។ ហើយ​ប្រជាសហគមន៍​ទាំង​នោះ​បាន​ជួយ​ការពារ​ព្រៃ​ឈើ​រដ្ឋ​ខ្លាំង​ក្លា។

ប៉ុន្តែ​ជន​ខិល​ខូច នៅ​តែ​អាច​ឆ្លៀត​ចូល​កាប់​ឈើ ទោះ​បី​មាន​ការចាប់​ជន​ខិលខូច បាន​ច្រើន​លើក​យក​មក​ព្រមាន​តាម​ច្បាប់ ក៏​ជន​បំផ្លាញ​ព្រៃ​មិន​ញញើត​រហូត​បាញ់​សម្លាប់​មន្រ្តី​បរិស្ថាន​ស្លាប់​អស់​២​នាក់ កាល​ពី​ឆ្នាំ​កន្លង​ទៅ៕