ទិវា​ប្រឆាំង​គ្រឿង​ញៀន​នៅ​ពោធិ៍សាត់

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ ញៀន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ក្រោម​ប្រធានបទ «ដើម្បី​សុខភាព​ត្រូវ​បដិសេធន៍​គ្រឿង​ញៀន» ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​គ្រប់​ស្ថាប័ន កង​កម្លាំង​ប្រដាប់​អាវុធ សិស្សានុសិស្ស និង​ប្រជា​ពលរដ្ឋ​ប្រមាណ ៥០០​នាក់។
ដោយ មណ្ឌល កែវ
2010-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ពោធិ៍សាត់
ផែនទី​ខេត្ត​ពោធិ៍សាត់
Photo courtesy of eac.gov.kh

ការិយាល័យ​នគរបាល​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ឲ្យ​ដឹង​ថា ស្ថិតិ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ការ​ថយ​ចុះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។

អនុប្រធាន​ការិយាល័យ​នគរបាល​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ពោធិ៍សាត់ គឺ​លោក វរសេនីយ៍​ត្រី ចេង ផល្លា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា​ថា ស្ថិតិ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន នៅ​ក្នុង​ខេត្ត មាន​ការ​ថយ​ចុះ​ពី ៥២​នាក់​នៅ​ចុង​ឆ្នាំ​២០០៩ មក​នៅ​ត្រឹម ៤៦​នាក់​នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១០។ លោក​វរសេនីយ៍​ត្រី ចេង ផល្លា ពន្យល់​អំពី​កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​ថយ​ចុះ​នូវ​ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខេត្ត​ពោធិ៍សាត់​នេះ​ថា ៖ «ធ្វើ​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​គ្រឿង​ញៀន ដោយ​ប្រើ​បច្ចេកទេស​ខ្លះ​ៗ ដូច​ជា​ការ​អប់រំ​ផ្សព្វ​ផ្សាយ ការ​ឃោសនា​អូស​ទាញ​អ្នក​ដែល​ងាយ​រង​គ្រោះ ឲ្យ​មាន​ការ​យល់​ដឹង​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដូច​ជា​ស្ត្រី​ប្រកប​មុខ​របរ​ខារ៉ាអូខេ​ជា​ដើម»

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក្រោម​ប្រធាន​បទ «ដើម្បី​សុខភាព​ត្រូវ​បដិសេធន៍​គ្រឿង​ញៀន» ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​គ្រប់​ស្ថាប័ន កង​កម្លាំង​ប្រដាប់​អាវុធ សិស្សានុសិស្ស និង​ប្រជា​ពលរដ្ឋ​ប្រមាណ ៥០០​នាក់ ក្នុង​ខេត្ត។

អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខូយ សុខា មាន​ប្រសាសន៍​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្នុង​ខេត្ត​នេះ​ថា ការ​ថយ​ចុះ​នៃ​អ្នក​ប្រើ​គ្រឿង​ញៀន​ក្នុង​ខេត្ត គឺ​ជា​លទ្ធផល​នៃ​ការ​អនុវត្ត​គោលការណ៍​ពហុ​វិស័យ រួម​មាន​ការ​អប់រំ​ផ្សព្វផ្សាយ ការ​ប្រើ​វិធានការ​ច្បាប់​តឹងរ៉ឹង និង​ការ​ពង្រីក​យន្តការ​សង្គ្រោះ​ព្យាបាល​ទាន់​ពេលវេលា។

លោក ខូយ សុខា មាន​ប្រសាសន៍​ដូច្នេះ ៖ «គ្រប់​ស្ថាប័ន​ទាំង​អស់ អង្គភាព មន្ទីរ​នានា​ជុំវិញ​ខេត្ត។អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់។ កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់។ សង្គម​ស៊ីវិល។ វិស័យ​សាសនា​សូម​មេត្តា​ជួយ​អប់រំ​ផ្សព្វ​ផ្សាយ​តាម​គ្រប់​មធ្យោបាយ ដើម្បី​ឲ្យ​ការ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នេះ បាន​ជ្រួត​ជ្រាប​ក្នុង​សង្គម​យើង​ទាំង​មូល»

ក្នុង​ខេត្ត​ពោធិ៍សាត់ ស្ថិតិ​ផ្លូវ​ការ​គឺ​មាន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន ៤៦​នាក់។ ប៉ុន្តែ​ប្រភព​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​ខេត្ត​នេះ អាច​មាន​រហូត​ដល់​ទៅ​ជាង​មួយ​រយ​នាក់​ឯណោះ។

យុវជន នូ សាវ៉េត សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ពោធិ៍សាត់ តំណាង​ឲ្យ​យុវជន​ក្នុង​ទូទាំង​ខេត្ត បាន​ធ្វើ​ការ​ប្ដេជ្ញា​ថា នឹង​ចូល​រួម​ធ្វើ​ការ​ផ្សព្វ​ផ្សាយ និង​អប់រំ​យុវវ័យ​ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន បន្ទាប់​ពី​ទទួល​បាន​នូវ​ដំបូន្មាន​ថ្មីៗ ៖ «ការ​ប្រារព្ធ​ទិវា​នេះ គឺ​ជា​ការ​ល្អ​ដែល​អាច​ឲ្យ​យុវវ័យ​ទាំង​អស់​មាន​ការ​យល់​ដឹង​ពី​ផល​អាក្រក់ នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ហើយ​នាំ​គ្នា​ចៀស​ឲ្យ​ឆ្ងាយ​ពី​វា»

តួ​លេខ​ផ្លូវ​ការ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ឲ្យ​ដឹង​ថា អ្នក​ញៀន​ថ្នាំ​ដែល​បាន​ចុះ​បញ្ជី​ទូទាំង​ប្រទេស មាន​ចំនួន​ប្រមាណ​ជាង ៦​ពាន់​នាក់។ ប៉ុន្តែ​តាម​ការ​ប៉ាន់​ប្រមាណ​ចំនួន​អ្នក​ដែល ប្រើ​ប្រាស់​គ្រឿង​ញៀន​ទាំង​អស់ អាច​មាន​រហូត​ដល់​ទៅ​ជាង ៣​ម៉ឺន​នាក់ ក្នុង​ទូទាំង​ប្រទេស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល