ការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ស្ថិតិអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងខេត្តពោធិ៍សាត់ មានការថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
អនុប្រធានការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តពោធិ៍សាត់ គឺលោក វរសេនីយ៍ត្រី ចេង ផល្លា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៩ មិថុនាថា ស្ថិតិអ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងខេត្ត មានការថយចុះពី ៥២នាក់នៅចុងឆ្នាំ២០០៩ មកនៅត្រឹម ៤៦នាក់នៅក្នុងឆមាសទី១ នៃឆ្នាំ២០១០។ លោកវរសេនីយ៍ត្រី ចេង ផល្លា ពន្យល់អំពីកត្តាដែលនាំឲ្យមានការថយចុះនូវចំនួនអ្នកប្រើប្រាស់គ្រឿងញៀនខេត្តពោធិ៍សាត់នេះថា ៖ «ធ្វើការតស៊ូប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន ដោយប្រើបច្ចេកទេសខ្លះៗ ដូចជាការអប់រំផ្សព្វផ្សាយ ការឃោសនាអូសទាញអ្នកដែលងាយរងគ្រោះ ឲ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដូចជាស្ត្រីប្រកបមុខរបរខារ៉ាអូខេជាដើម»។
អាជ្ញាធរខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៩ មិថុនា បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដើម្បីសុខភាពត្រូវបដិសេធន៍គ្រឿងញៀន» ដែលមានការចូលរួមពីមន្ត្រីគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ក្នុងខេត្ត។
អភិបាលខេត្តពោធិ៍សាត់ គឺលោក ខូយ សុខា មានប្រសាសន៍ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តនេះថា ការថយចុះនៃអ្នកប្រើគ្រឿងញៀនក្នុងខេត្ត គឺជាលទ្ធផលនៃការអនុវត្តគោលការណ៍ពហុវិស័យ រួមមានការអប់រំផ្សព្វផ្សាយ ការប្រើវិធានការច្បាប់តឹងរ៉ឹង និងការពង្រីកយន្តការសង្គ្រោះព្យាបាលទាន់ពេលវេលា។
លោក ខូយ សុខា មានប្រសាសន៍ដូច្នេះ ៖ «គ្រប់ស្ថាប័នទាំងអស់ អង្គភាព មន្ទីរនានាជុំវិញខេត្ត។អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់។ កម្លាំងប្រដាប់អាវុធទាំងអស់។ សង្គមស៊ីវិល។ វិស័យសាសនាសូមមេត្តាជួយអប់រំផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដើម្បីឲ្យការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននេះ បានជ្រួតជ្រាបក្នុងសង្គមយើងទាំងមូល»។
ក្នុងខេត្តពោធិ៍សាត់ ស្ថិតិផ្លូវការគឺមានអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ៤៦នាក់។ ប៉ុន្តែប្រភពពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនក្នុងខេត្តនេះ អាចមានរហូតដល់ទៅជាងមួយរយនាក់ឯណោះ។
យុវជន នូ សាវ៉េត សិស្សថ្នាក់ទី១១ នៃវិទ្យាល័យពោធិ៍សាត់ តំណាងឲ្យយុវជនក្នុងទូទាំងខេត្ត បានធ្វើការប្ដេជ្ញាថា នឹងចូលរួមធ្វើការផ្សព្វផ្សាយ និងអប់រំយុវវ័យឲ្យចៀសឆ្ងាយពីគ្រឿងញៀន បន្ទាប់ពីទទួលបាននូវដំបូន្មានថ្មីៗ ៖ «ការប្រារព្ធទិវានេះ គឺជាការល្អដែលអាចឲ្យយុវវ័យទាំងអស់មានការយល់ដឹងពីផលអាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន ហើយនាំគ្នាចៀសឲ្យឆ្ងាយពីវា»។
តួលេខផ្លូវការរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អ្នកញៀនថ្នាំដែលបានចុះបញ្ជីទូទាំងប្រទេស មានចំនួនប្រមាណជាង ៦ពាន់នាក់។ ប៉ុន្តែតាមការប៉ាន់ប្រមាណចំនួនអ្នកដែល ប្រើប្រាស់គ្រឿងញៀនទាំងអស់ អាចមានរហូតដល់ទៅជាង ៣ម៉ឺននាក់ ក្នុងទូទាំងប្រទេស៕