ប្រជាពលរដ្ឋទាំង ៥រូប មានអាការៈភ័យស្លន់ស្លោ ធ្វើដំណើរមកកាន់អង្គការលីកាដូ (Licadho) ខេត្តពោធិ៍សាត់ សុំការជួយអន្តរាគមន៍ ដោយពួកគាត់បានទទួលដីកាពីតុលាការកោះហៅឲ្យពួកគាត់ចូលខ្លួនដោយពុំដឹងថាគាត់មានរឿងអ្វី។
ស្ត្រីអ្នកភូមិឈ្មោះ ហៃ ហួត ជាប្រជាពលរដ្ឋនៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គាត់បានឲ្យដឹងបន្ទាប់ចេញពីតុលាការថា តុលាការខេត្តបានហៅគាត់ប្រាប់ថា គាត់ជាដើមបណ្ដឹងក្នុងករណីបង្ខិតបង្ខំឲ្យផ្ដិតមេដៃ និងក្លែងលិខិតសាធារណៈ។ គាត់បន្តថា គាត់មិនបានប្ដឹងនរណាទេ ហេតុអ្វីបានជាតុលាការហៅគាត់មកសួរក្នុងនាមជាដើមបណ្ដឹងដូច្នេះ។
គាត់សំណូមពរឲ្យតុលាការជួយរកអ្នកដែលក្លែងបន្លំឈ្មោះគាត់ទៅប្រើប្រាស់ក្នុងការប្ដឹងផ្ដល់នេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ផង៖ «ខ្ញុំអត់បានទៅប្ដឹងផ្ដល់អីបញ្ហាព្រៃសហគមន៍ដែលខ្ញុំបានផ្ដិតមេដៃឲ្យលោកក្មួយ ឡាំង ឡៃ នោះទេ។ ខ្ញុំផ្ដិតមេដៃដើម្បីសុំព្រៃទុកសម្រាប់ឲ្យក្របីគោជ្រក គ្មាននរណាបង្ខំអីខ្ញុំទេ។ ខ្ញុំអត់បានប្ដឹងឈ្មោះ គុជ វេង ឡោន ស៊ីវី និង ឡាំង ឡៃ ឡើយ...»។
ដូចគ្នានេះដែរ បុរសអ្នកភូមិក្បាលទាហាន ឈ្មោះ ហេង ហ៊ុង និងឈ្មោះ សែ គឹម បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ មករា ថា ពួកគាត់ពុំដែលបានប្ដឹងផ្ដល់អ្នកណាទេ ហេតុអ្វីបានជាតុលាការកោះហៅគាត់មកសាកសួរក្នុងនាមជាដើមបណ្ដឹងដូច្នេះ៖ «ខ្ញុំអត់បានប្ដឹងពីឈ្មោះ គុជ វេង ឡោន ស៊ីវី និង ឡាំង ឡៃ នោះទេ ហើយខ្ញុំក៏មិនដែលស្គាល់ឈ្មោះ គុជ វេង និងឈ្មោះ ឡោន ស៊ីវី ដែរ។ ខ្ញុំចង់ឲ្យតុលាការវែកមុខរកអ្នកដែលក្លែងបន្លំមេដៃ និងឈ្មោះខ្ញុំមកប្រើនេះ មកផ្ដន្ទាទោស ពីព្រោះខ្ញុំអត់បានដឹងអីទាំងអស់ហ្នឹង...»។
មន្ត្រីតុលាការទទួលបន្ទុកសាកសួរ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត គឺលោក តន់ សីហតេជៈ មិនព្រមផ្ដល់ឈ្មោះអ្នកកាន់ពាក្យបណ្ដឹងមកដាក់នៅតុលាការទេ បើទោះបីជាប្រជាពលរដ្ឋដែលត្រូវបានតុលាការហៅមកសាកសួរក្នុងនាមជាដើមបណ្ដឹងបានបដិសេធថា ពួកគេមិនបានដាក់បណ្ដឹងនេះក៏ដោយ។
យ៉ាងនេះក្ដី ប្រជាពលរដ្ឋចំនួន ៥រូបនេះ បានផ្ដោតការមន្ទិលថា គឺអាជ្ញាធរភូមិជាអ្នកបានប្រើប្រាស់ឈ្មោះ និងស្នាមមេដៃពួកគាត់មកដាក់បណ្ដឹងនេះ។ អ្នកភូមិទាំង ៥រូបនេះ បានឲ្យដឹងដូចគ្នាថា គណៈកម្មការភូមិក្បាលទាហាន ដែលមានលោកអតីតមេភូមិឈ្មោះ តុន តន អនុប្រធានភូមិឈ្មោះ អ៊ុយ រូ និងសមាជិកភូមិឈ្មោះ ស៊ឹម សុផល ហៅ ក្រឹម ធ្លាប់បានយកក្រដាសដែលពុំមានសរសេរអក្សរមកឲ្យពួកគាត់ផ្ដិតមេដៃដោយពុំមានបញ្ជាក់ពីមូលហេតុ ហើយឥឡូវស្រាប់កើតមានជារឿងថា ពួកគាត់ជាដើមបណ្ដឹងប្ដឹងពីឈ្មោះ គុជ វេង ឈ្មោះ ឡោន ស៊ីវី និងឈ្មោះ ឡាំង ឡៃ ទៅវិញ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា ដោយយោងលើការបដិសេធរបស់ប្រជាពលរដ្ឋថា គាត់មិនបានប្ដឹងទេ។ អ្នកដែលយកពាក្យបណ្ដឹងនេះមកដាក់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ពីបទក្លែងលិខិតសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។