លោក សម រង្ស៊ី ដែលគេទទួលស្គាល់ថាជាមេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ៖ «បើគ្មានថ្ងៃ២៣ តុលា គឺគ្មានអ្វីៗដែលយើងមានសព្វថ្ងៃទាំងអស់។ បើគ្មានថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ហ្នឹង ប្រទេសកម្ពុជារលាយបាត់ហើយ សាបសូន្យ ក្លាយជាអាណានិគមនិយមប្រទេសជិតខាងមួយដែលមានកងទ័ពបរទេសនៅគ្រប់គ្រងប្រទេសកម្ពុជា មានរបបមួយដែលបន្តុបឡើងដោយកងទ័ពបរទេស។ បើគ្មានថ្ងៃ២៣ តុលា ក៏គ្មានសិទ្ធិសេរីភាព មានដំណើរការប្រជាធិបតេយ្យ»។
ជាមួយការចាត់ទុកថា ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ជាថ្ងៃសំខាន់ លោក សម រង្ស៊ី ក៏បានមានប្រសាសន៍បញ្ជាក់ថា ថៃ្ងទី៩ ខែវិច្ចិកា ជាថៃ្ងបុណ្យឯករាជ្យដែលប្រទេសកម្ពុជារួចផុតពីអាណានិគមនិយមបារាំងកាលពីឆ្នាំ១៩៥៣នោះ គឺជាថៃ្ងឯករាជ្យពិតប្រាកដ។
លោកបានរិះគន់ថា ថៃ្ងទី១៨ ខែមីនា ឆ្នាំ១៩៧០ ជាថ្ងៃដែលមានការធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រខែ្មរ ព្រះបាទ នរោត្តម សីហនុ ចេញពីតំណែង ដែលនាំឲ្យមានភ្លើងសង្រ្គាមរវាងខែ្មរនិងខែ្មរ និងរបបវាលពិឃាតរបស់ខែ្មរក្រហម។
លោកបានបន្តទៀតថា រីឯថៃ្ងទី៧ ខែមករា គឺជាថៃ្ងដែលកងទ័ពបរទេសបានចូលមកឈ្លានពាននៅក្នុងប្រទេសកម្ពុជា ដែលបាននាំឲ្យមានខែ្មរចំនួន៤ភាគីបន្តជម្លោះសង្រ្គាមស៊ីវិលនៅក្នុងស្រុក។
គេសង្កេតឃើញមានព្រះសង្ឃចំនួន១៨អង្គ សមាជិកគាំទ្រគណបក្សសមរង្ស៊ីចំនួនប្រមាណជិត១០០នាក់ និងតំណាងនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្នុងប្រទេសកម្ពុជា បានចូលរួមនៅក្នុងពិធីសូត្រមន្តដើម្បីកត់សម្គាល់ខួបលើកទី១៨នៃកិច្ចព្រមព្រៀងសន្តិភាព ថៃ្ងទី២៣ ខែតុលា ឆាំ្ន១៩៩១នោះ។
ការថែ្លងរបស់លោក សម រង្ស៊ី ខាងលើនេះ មិនត្រូវបានស្វាគមន៍ទ្បើយពីសំណាក់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា។
លោក ខៀវ កាញារីទ្ធ ជាមន្រ្តីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជានិងជាមន្រ្តីអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាផងដែរនោះ បានមានប្រសាសន៍ប្រតិកម្មដោយប្រសាសន៍ធ្ងន់ៗថា ថៃ្ងទី២៣ ខែតុលា ជាថៃ្ងរំឭកអំពីអ្វីដែលលោក សម រង្ស៊ី ជាផែ្នកមួយរបស់ខែ្មរក្រហម ហើយបាននាំខែ្មរក្រហមចូលក្នុងរដ្ឋាភិបាលនៅពេលនោះ។ លោកបានបន្តថា បើគ្មានថៃ្ងទី២៣ ខែតុលា ក៏គ្មានការកាត់ទោសក្រុមអតីតមេដឹកនាំខែ្មរក្រហមផងដែរ។
សូមរំឭកថា ភាគីជម្លោះទាំង៤របស់កម្ពុជាមានដូចជា ចលនារបស់គណបក្សហ៊្វុនស៊ិនប៉ិច, ចលនាតស៊ូរបស់លោកតា សឺន សាន, ចលនារបស់កម្ពុជាប្រជាធិតេយ្យឬខែ្មរក្រហម និងភាគីរដ្ឋកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលមានប្រទេសចំនួន១៨ ក្នុងនោះមានសហរដ្ឋអាមេរិកផងដែរដែលជាប្រទេសហត្ថលេខី៕