សមរង្ស៊ីនឹងមិនចូលស្រុកបើពលរដ្ឋ២នាក់មិនត្រូវបានដោះលែង
2010.01.29
ការថ្លែងរបស់លោក សម រង្ស៊ី បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មានពីប្រទេសបារាំងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១០នេះ។
លោក សម រង្ស៊ី បានបញ្ជាក់ថា ៖ «ខ្ញុំមិនទាន់វិលត្រឡប់ទៅប្រទេសកម្ពុជាវិញទេ។ ខ្ញុំសុំឲ្យដោះលែងអ្នកដែលត្រូវជាប់គុកនោះ លោក ព្រំ ជា ហើយអ្នកស្រី មាស ស្រី ដោះលែងគាត់សិន។ បើខ្ញុំចូលទៅគេចាប់ខ្ញុំដែរ បើជាប់គុកទាំងអស់គ្នាតើបានប្រយោជន៍អី? អ្នកណាជួយអ្នកណាកើត! បើគេចាប់ដាក់គុកទាំងអស់គ្នា។ តែឥឡូវខ្ញុំថា ដោះលែងពួកគាត់សិនទៅ អ៊ីចឹងទៅបានខ្ញុំចូលទៅឲ្យគេចាប់!»។
លោក សម រង្ស៊ី ត្រូវតុលាការខេត្តស្វាយរៀងកាត់ទោសកំបាំងមុខដាក់គុករយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ៨លានរៀល កាលពីថ្ងៃទី២៧ មករាកន្លងទៅ ពីបទចោទថា បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងញុះញង់ឲ្យមានការរើសអើងពូជសាសន៍។ ការកាត់ទោសនេះដោយសារតែលោក សម រង្ស៊ី ជាមួយនឹងប្រជាពលរដ្ឋនៅខេត្តស្វាយរៀងមួយចំនួនទៀត បានដកបង្គោលតម្រុយព្រំដែនលេខ១៨៥ រវាងប្រទេសកម្ពុជានិងវៀតណាម កាលពីខែតុលា ឆ្នាំ២០០៩។
នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៨ ខែមករា លោក សម រង្ស៊ី ថ្លែងថា បង្គោលតម្រុយព្រំដែនលេខ១៨៤, ១៨៥, ១៨៦ និង ១៨៧ សុទ្ធតែជាបង្គោលរំលោភចូលទឹកដីខ្មែរពីសំណាក់ប្រទេសវៀតណាម ដោយសំអាងលើការវាស់វែងរបស់លោក។ លោកគ្រោងនឹងប្រើឯកសារពីការវាស់វែងនេះជាភស្តុតាងសម្រាប់ប្តឹងទៅសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិ។
ឆ្លើយតបនឹងបញ្ហានេះ លោកទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា គឺលោក វ៉ា គឹមហុង មានប្រសាសន៍ថា ៖ «ប្រើឯកសារក្លែងបន្លំ រួចមកចោទគណៈកម្មការព្រំដែនថា បោះត្រង់នេះ ត្រង់នោះ! អាហ្នឹងជាការមិនពិត! ដោយចេតនាឬអចេតនា ខ្ញុំមិនដឹងទេក្នុងការគាត់ចុចទីតាំងបង្គោលទាំង៤ នៅលើផែនទីដែលវាជាផែនទីត្រឹមត្រូវ។ ខ្សែព្រំដែនគិតថាវាត្រឹមត្រូវចុះ ប៉ុន្តែថា អ្វីដែលគាត់ចុចលើទីតាំងនៅលើផែនទីហ្នឹងវាខុស! គាត់ចុចខុសដោយចេតនា ឬក៏គាត់ចុចខុសដោយអចេតនា ដោយគាត់ល្ងង់ខ្លៅ បើគាត់ល្ងង់ខ្លៅទេ គួរសិក្សារៀនសូត្រពីអ្នកចេះដឹង សួរខាងគណៈកម្មការព្រំដែនទៅ កុំពឹងបរទេសដែលមិនដឹងកិច្ចការហ្នឹងឲ្យច្បាស់លាស់!»។
ទាក់ទងនឹងរឿងក្តីរបស់លោក លោក សម រង្ស៊ី មានប្រសាសន៍ថា លោកនឹងមិនរវល់ជាមួយនឹងតុលាការខេត្តស្វាយរៀងទេ ដោយលោកចាត់ទុកថាជាតុលាការលេងសើច។
ចំពោះការកាត់ទោសឲ្យលោកជាប់គុក ២ឆ្នាំ ជាមួយនឹងកសិករ ២រូបទៀត លោក សម រង្ស៊ី ថ្លែងថា មិនមែនជារឿងធំដុំទេ រឿងកាត់ដីឲ្យបរទេសគឺជារឿងធំដុំ។ លោកបន្តថា បង្គោលតម្រុយព្រំដែននោះជាបង្គោលខុសច្បាប់ និងបង្គោលឈ្លានពានទឹកដីខ្មែរ។ លោកថា ពលរដ្ឋខ្មែរមានសិទ្ធិដកចេញ បើគ្មានការអនុញ្ញាតពីម្ចាស់ដី។
លោក វ៉ា គឹមហុង មានប្រសាសន៍ផ្តាំទៅលោក សម រង្ស៊ី ថា ការប្រើប្រាស់ឯកសារដែលលោកបង្កើតឡើងបន្លំមតិមហាជនអាចនឹងត្រូវចោទប្រកាន់ផ្សេងទៀត ហើយស្នើឲ្យលោក សម រង្ស៊ី ទុកចិត្តគណៈកម្មាធិការព្រំដែនជាតិ៕