សម្ដេច​ក្រុម​ព្រះ​ផ្ញើ​លិខិត​សរសើរ​លោក ហ៊ុន សែន

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ បាន​ផ្ញើ​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​សរសើរ​ពី​ភាព​ប៉ិនប្រសប់​ក្នុង​ការ​ដឹកនាំ​ចាត់ចែង​បាន​ល្អ និង​ជោគជ័យ លើ​កិច្ចការ​យាង​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ ពី​​ប្រទេស​ចិន មក​កម្ពុជា​វិញ និង​ការ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ល្អ​ប្រសើរ។
ដោយ សេក បណ្ឌិត
2012.10.31
នរោត្ដម រណឫទ្ធិ ៣០៥ សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/Mom Sophon

ការ​លើក​សរសើរ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ប្រហាក់ប្រហែល​គ្នា​នឹង​សែ​រាជវង្ស​មួយ​អង្គ បាន​សរសេរ​អត្ថបទ​រិះគន់​ថា មាន​ការ​រើស​អើង​សែ​រាជវង្ស​ចំពោះ​ការ​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព​សម្ដេច​ឪ ពី​គណបក្ស​ប្រជាជន​ដែល​ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល។

មន្ត្រី​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បញ្ជាក់​លើ​ខ្លឹមសារ​លិខិត​របស់​សម្ដេច​ក្រុមព្រះ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា គឺ​ជា​រឿង​ធម្មតា ដោយ​ពុំ​មាន​បង្កប់​នូវ​រូបភាព​ទំនាក់ទំនង​ខាង​នយោបាយ​នោះ​ទេ។

​អ្នក​នាំ​ពាក្យ​អតីត​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​៣១ តុលា ថា លិខិត​នោះ​គ្រាន់​តែ​សម្ដែង​នូវ​សេចក្ដី​អរគុណ​ចំពោះ​រដ្ឋាភិបាល ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចាត់ចែង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀប​ចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ។

លោក ប៉ែន សង្ហា៖ «ខ្ញុំ​គិត​ថា នេះ​គ្រាន់​តែ​ជា​សារ​មួយ ហើយ​មិន​មែន​ក្នុង​បំណង​នយោបាយ​ទេ គ្រាន់​តែ​ជា​ទំនាក់ទំនង​ដែល​កើត​ឡើង​ដោយ​សុទ្ធចិត្ត​របស់​សម្ដេច​ក្រុម​ព្រះ ក្នុង​នាម​ព្រះអង្គ​ជា​រាជបុត្រ​ផ្ទាល់​នៃ​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ ដែល​ព្រះអង្គ​បាន​សោយ​ព្រះ​ទិវង្គត​កាល​ពី​ពេល​ថ្មីៗ​នេះ»

កាល​ពី​ថ្ងៃ​ទី​២៣ តុលា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទ្រង់​លិខិត​ដោយ​សម្ដែង​នូវ​សេចក្ដី​កោត​សរសើរ និង​ថ្លែង​អំណរគុណ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​រៀប​ចំ​បុណ្យ​ព្រះ​បរម​សព​សម្ដេច​ឪ​បាន​អធិកអធម និង​ការ​សច្ចា​ចំពោះ​ព្រះ​បរម​សព​សម្ដេច​ឪ​ថា នឹង​ការពារ​ជា​និច្ច​នូវ​ព្រះរាជ​បល្ល័ង្ក របប​រាជនិយម និង​ព្រះរាជវង្សានុវង្ស​ជា​និច្ច​ត​រៀង​ទៅ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​ធម្មតា​ចំពោះ​គ្រួសារ​រាជវង្ស​ដែល​កំពុង​មាន​ទុក្ខ ហើយ​ត្រូវ​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ដែល​ចូល​រួម​ជួយ​ចែក​រំលែក​នូវ​ទុក្ខសោក​ទាំង​នោះ៖ «ដូច​ថា បាន​ជា​ទី​គាប់​ចិត្ត​អ៊ីចឹង​ទៅ ក៏​សរសេរ​លិខិត​ថ្លែង​អំណរ​គុណ ដូច​ជា​ពុំ​មាន​ន័យ​អី​ច្រើន​ទាក់ទង​នឹង​រឿង​នយោបាយ​ទេ»

ចំណែក​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ពុធ ទី​៣១ តុលា លោក​ពុំ​មាន​ការ​អត្ថាធិប្បាយ​វែង​ឆ្ងាយ​លើ​ខ្លឹមសារ​នៃ​លិខិត​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នោះ​ឡើយ ដោយ​លោក​ចាត់​ទុក​ថា ជា​រឿង​បុគ្គល​ផ្ទាល់​ខ្លួន​របស់​ម្ចាស់​លិខិត។

លោក ផៃ ស៊ីផាន៖ «យើង​មិន​អាច​ពិចារណា ឬ​ធ្វើ​ការ​វាយ​តម្លៃ​ដែល​នាំ​ឲ្យ​ប៉ះពាល់​នៅ​ក្នុង​ន័យ​លើ​លិខិត​នោះ​ទេ វា​គ្រាន់​តែ​ជា​រឿង​ផ្ទាល់​ខ្លួន​រវាង​សម្ដេច​ក្រុម​ព្រះ និង​សម្ដេច​តេជោ»

​នៅ​ក្រោយ​ពេល​សម្ដេច​ក្រុមព្រះ​ទ្រង់​លិខិត​ទៅ​លោក ហ៊ុន សែន បាន​ប្រមាណ​ជា​បី​ថ្ងៃ សែ​រាជវង្ស​មួយ​អង្គ គឺ នរោត្តម សោម៉ា បាន​សរសេរ​អត្ថបទ​មួយ​ចុះ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ដោយ​អត្ថាធិប្បាយ​ថា អនាគត​នៃ​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា។

ម្ចាស់ក្សត្រី នរោត្តម សោម៉ា ជា​ម្ចាស់​អត្ថបទ​នេះ បាន​ពណ៌នា​ថា ក្នុង​អំឡុង​ពេល​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា បាន​កត់​សម្គាល់​ឃើញ​ថា ការ​រួបរួម​ក្នុង​ចំណោម​គ្រួសារ​រាជវង្ស​មាន​លក្ខណៈ​ពុំ​រឹង​មាំ និង​មាន​ការ​បែងចែក​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន។ នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព សែ​រាជវង្ស​មិន​សូវ​បាន​ចូល​ទៅ​សម្ដែង​គារវកិច្ច​ទេ ហើយ​ច្រើន​តែ​ជា​មន្ត្រី​រដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ខៀវ កាញារីទ្ធ ច្រាន​ចោល និង​បាន​អត្ថាធិប្បាយ​ថា ជា​ការ​បញ្ឆេះ​បំបែក​បំបាក់​សែ​រាជវង្សានុវង្ស​ជាមួយ​រដ្ឋាភិបាល។

ទោះ​យ៉ាង​ណា​ក្ដី នៅ​លើ​ទំព័រ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ តុលា ថា ម្ចាស់ក្សត្រី នរោត្តម សោម៉ា បាន​សុំ​អភ័យ​ទោស​ព្រះ​បរម​សព​​​​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​កំហុស​ឆ្គង​របស់​ម្ចាស់​ក្សត្រី​ដែល​បាន​​សរសេរ​បរិយាយ​​​មិន​ល្អ​អំពី​រឿង​រាជវង្ស​ដែល​ថា នៅ​ក្រោម​ឥទ្ធិពល​បក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​​អំណាច​សព្វ​ថ្ងៃ។

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្ន​មិន​ស្ថិត​នៅ​ក្នុង​បក្ស​នយោបាយ​ណា​មួយ​ឡើយ បន្ទាប់​ពី​ទ្រង់​បាន​ប្រកាស​លាលែង​ពី​ឆាក​នយោបាយ​ជា​ថ្មី​ទៀត កាល​ពី​ថ្ងៃ​ទី​១១ ខែ​ស៊ីហា ឆ្នាំ​២០១២។ បច្ចុប្បន្ន​ទ្រង់​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។