បុរស​ជន​ជាតិ​ទំពួន​ប្ដឹង​ទាមទារ​កូន​ពី​ជន​ជាតិ​ចាម

បុរស​ជន​ជាតិ​ទំពួន​ម្នាក់ បាន​ស្វែង​រក​ការ​ជួយ​គាំទ្រ​ក្នុង​ការ​ទាម​ទារ​យក​កូន​ស្រី​អាយុ ១​ឆ្នាំ ៨​ខែ របស់​ខ្លួន​មក​វិញ បន្ទាប់​ពី​ប្រពន្ធ​បាន​យក​កូន​នោះ​ទៅ​លក់​ឲ្យ​គេ។

0:00 / 0:00

បុរស​ជន​ជាតិ​ទំពួន​ឈ្មោះ លិល វ៉ិត អាយុ​៣៣​ឆ្នាំ រស់​នៅ​ភូមិ​ឡូន សង្កាត់​យក្សឡោម ក្រុង​បានលុង ខេត្ត​រតនគិរី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ថា លោក​បាន​ស្នើ​សុំ​យក​កូន​ពី​អ្នក​ដែល​បាន​ទិញ​កូន​ពី​ប្រពន្ធ​របស់​លោក ប៉ុន្តែ​គេ​មិន​ព្រម​ឲ្យ។ លោក​បាន​ប្ដឹង​នគរបាល​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​រួច​ហើយ ដើម្បី​ឲ្យ​ជួយ​យក​កូន​មក​វិញ ៖ «គាត់​ថា​ហើយ​ម៉េច​ហ្អែង​ចង់​ជាប់​គុក​ហ្អី​បាន​ជា​មក​រញ៉េរញ៉ៃ​អា​រឿង​កូន​លក់​ឲ្យ​គេ​យក​លុយ​គេ​ហើយ​ហ្នឹង»

លិល វ៉ិត មាន​មុខ​របរ​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯក​ជន​ស្តង់ដារ នៅ​ទីក្រុង​ភ្នំពេញ បាន​រៀប​រាប់​ថា ប្រពន្ធ​បាន​នាំ​កូន​ត្រឡប់​ពី​ភ្នំពេញ​មក​កាន់​ខេត្ត​រតនគិរី​វិញ នៅ​ពេល​ដែល​មាន​ទំនាស់​ពាក្យ​សម្ដី​បន្តិច​បន្តួច ហើយ​ក៏​បាន​យក​កូន​ស្រី​ទៅ​លក់​ឲ្យ​ជន​ជាតិ​ចាម​រស់​នៅ​ភូមិ​១ សង្កាត់​ឡា​បាន​សៀក ក្រុង​បានលុង ក្នុង​ទឹក​ប្រាក់​៤០​ម៉ឺន​រៀល កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា។ លោក​ក៏​បាន​មក​ដល់​ខេត្ត​រតនគិរី និង​បាន​ទៅ​ជួប​ក្រុម​អ្នក​ទិញ​កូន​របស់​លោក និង​សុំ​យក​កូន​វិញ ដោយ​បង់​ប្រាក់ ៤០​ម៉ឺន​រៀល​ជូន​ពួក​គេ តែ​គេ​មិន​ព្រម ហើយ​ក៏​ថែម​ទាំង​គំរាម​កំហែង​លោក​ផង។

នាង ភឿន​មុំ អាយុ​២៦​ឆ្នាំ ជា​ប្រពន្ធ​របស់ លិល វ៉ិត ដែល​ត្រូវ​បាន​ចោទ​ថា លក់​កូន​ឲ្យ​ទៅ​អ្នក​ដទៃ​នោះ​បាន​បញ្ជាក់​ថា នាង​បាន​ប្រគល់​កូន​ឲ្យ​គេ និង​បាន​ទទួល​ប្រាក់ ៤០​ម៉ឺន​រៀល​មែន ក្រោយ​ពី​មាន​ទំនាស់​ជា​មួយ​ប្ដី និង​អស់​សង្ឃឹម​ថា​ប្តី​មិន​វិល​មក​រក​នាង​វិញ​នោះ។ ឥឡូវ​នាង​ដឹង​ថា​មាន​កំហុស​ធ្ងន់ ក៏​បាន​ជូន​ប្ដី​ទៅ​សុំ​កូន​មក​វិញ តែ​នៅ​មិន​ទាន់​បាន​កូន​ត្រឡប់​មក​វិញ​នៅ​ឡើយ ៖ «ខ្ញុំ​ជូន​កូន​ខ្ញុំ​ទៅ​រួច​គេ​ឲ្យ​ខ្ញុំ​នោះ ១០០​ដុល្លារ។ ឲ្យ​ប្តី​ខ្ញុំ​ប្តឹង​ទៅ ខ្ញុំ​ថា​បើ​ខ្ញុំ​ជាប់​ក៏​ពូ​ឯង​ជាប់​ដែរ។ គេ​ថា​បើ​គេ​ជាប់​គុក គេ​នឹង​វា​ឲ្យ​ជិះ​ទៀត»

បុរស​ឈ្មោះ រូន លីម ជា​ជន​ជាតិ​ខ្មែរ​ឥស្លាម ដែល​ត្រូវ​បាន​ចោទ​ថា ជា​អ្នក​ទិញ និង​មិន​ព្រម​ប្រគល់​កូន​ឲ្យ​វិញ​នោះ បាន​បញ្ជាក់​ថា គាត់​គ្មាន​កូន​ស្រី ស្រាប់​តែ​នារី​មាន​ម្នាក់​ជា​ម្ដាយ​អះអាង​ថា​ប្ដី​នាង​បាន​បោះ​បង់​នាង​ហើយ គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន​សោះ និង​ចង់​ឲ្យ​មាន​អ្នក​សង្គ្រោះ​ជួយ​ចិញ្ចឹម​កូន​នេះ​ឲ្យ​បាន​ធំ​ធាត់។ ដូច្នេះ​លោក​ក៏​បាន​ទទួល​យក​កូន​នោះ ដោយ​មាន​មេ​ភូមិ​ដឹង​ឮ ធ្វើ​លិខិត​ស្នាម និង​មាន​អ្នក​ភូមិ​ទូទៅ​បាន​ដឹង​ឮ​ជា​សាក្សី។ ករណី​នេះ​លោក​បាន​ផ្ដល់​ប្រាក់ ៤០​ម៉ឺន​រៀល​ជូន​ទៅ​ម្ដាយ​ក្មេង​ស្រី​នោះ​មែន តែ​ជា​ការ​ជូន​សគុណ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​លក់​ទិញ​មនុស្ស​ឡើយ ៖ «ទើប​នឹង​បាន​ប្រាំ​ថ្ងៃ​ក៏​មក​រក​កូន​វិញ ហើយ​យក​ទាំង​ប្តី​មក​ទៀត ទាម​ទារ​យក​វិញ។ កូន​ហ្នឹង​ខ្ញុំ​ថា​ប្រពន្ធ​ខ្ញុំ​យក​ទៅ​លេង​ស្រុក​ប្រហែល ២​ថ្ងៃ​បាន​មក​វិញ ហើយ​គេ​មិន​ព្រម​ជឿ​ខ្ញុំ​ទេ ទៅ​ប្ដឹង​ផ្ដល់​គ្រប់​កន្លែង​ទាំង​អស់»

លោក រូន លីម បាន​បន្ត​ថា លោក​បាន​ប្រាប់​ប្រពន្ធ​ឲ្យ​នាំ​យក​កូន​នោះ​ពី​ខេត្ត​កំពង់ចាម​មក​វិញ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ដើម្បី​ប្រគល់​ឲ្យ​ប៉ូលិស​ជូន​ត្រឡប់​ទៅ​ឪពុក​ម្ដាយ​គេ​ជួប​ជុំ​គ្នា​វិញ។

មន្ត្រី​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ប្រចាំ​ខេត្ត​រតនគិរី លោក មាស សុភា បាន​ពន្យល់​ថា ករណី​ស្មុំ​កូន​យោង​តាម​ច្បាប់ គេ​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​មាន​ជាប់​ជំពាក់​នឹង​ការ​បង់​ប្រាក់​ទៅ​ឲ្យ​ម្ដាយ ឬ​ឪពុក​របស់​ក្មេង​នោះ​ទេ ហើយ​គេ​ត្រូវ​បំពេញ​លិខិត​បទដ្ឋាន​នានា​តាម​ច្បាប់។ ក្នុង​ករណី​មាន​ការ​បង់​ប្រាក់​ដូច​ករណី​នេះ វា​គឺ​ជា​ការ​ជាប់​សង្ស័យ​នឹង​ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់​ហើយ ដែល​អាជ្ញាធរ​នឹង​ត្រូវ​ស៊ើប​អង្កេត​យ៉ាង​ល្អិត​ល្អន់៕