មានប្រសាសន៍តាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃ២២ ធ្នូ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា ឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា ច្បាប់នៃប្រទេសកម្ពុជាមិនអនុញ្ញាតឲ្យនរណាឬប្រទេសណាមួយយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានដើម្បីប្រឆាំងនឹងប្រទេសផ្សេងមួយទៀតឡើយ។
លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ ថ្លែងដូច្នេះថា ៖ «បើសិនជាធ្វើអ៊ីចឹង ច្បាប់កម្ពុជាមិនអនុញ្ញាតឲ្យយកទឹកដីហ្នឹង ឧទាហរណ៍ថា លូកដៃដើម្បីឲ្យបងប្អូនខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មប្រឆាំងនឹងវៀតណាមអីអ៊ីចឹង ឬក៏ប្រឆាំងនឹងប្រទេសណាមួយទៀត គឺមិនបានទេ។ នៅក្នុងហ្នឹងយើងដឹងច្បាស់ហើយថា ទឹកដីរបស់យើងគឺជាទឹកដីដែលប្រទេសកម្ពុជា អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ»។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃ២១ ធ្នូ កន្លងទៅ ការជួបជាមួយសហគមន៍ខ្មែរកម្ពុជាក្រោមនៅទីក្រុងភ្នំពេញ សមាជិកសភាសហគមន៍អឺរុបនិងជាអគ្គហិរញ្ញិកនៃអង្គការ UNPO លោក MARCO PERDUCA (ម៉ាកូ ពែរឌុយកា) បានមានប្រសាសន៍ថា ក្នុងនាមសមាជិកសភាសហគមន៍អឺរុបនិងក្នុងនាមនៃអង្គការ UNPO លោកនឹងពិចារណាក្នុងការរៀបចំបាតុកម្មអហិង្សាមួយនៅកម្ពុជា ឬនៅឯប្រទេសវៀតណាមដើម្បីទាមទារសិទ្ធិសេរីភាពឲ្យខ្មែរកម្ពុជាក្រោម នាឆ្នាំ២០០៩ខាមុខនេះ។
ប្រសាសន៍លោក MARCO PERDUCA ក៏ត្រូវបានអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក ទ្រិញ បាកឹម ប្រតិកម្មផងដែរថា ៖ «មិនមែនប្រទេសគេ ប្រទេសមួយមានអធិបតេយ្យ មានឯករាជភាពហ្នឹង គឺអ្នកណាក៏អាចធ្វើស្អីនៅក្នុងប្រទេសគេបានអ៊ីចឹងទេ។ ថាហ្នឹងវាងាយស្រួលទេ យើងថាស្អីក៏បានដែរ ប៉ុន្តែអនុវត្តជាក់ស្ដែងយ៉ាងម៉េចៗហ្នឹង វាមិនមែនស៊ីសងទៅលើការដែលគេថា ឬក៏សមត្ថភាពរបស់យើង ដែលយើងអាចធ្វើបានទេ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា អាដហុក លោក ធន់ សារាយ មានប្រសាសន៍ថា ការបញ្ចេញមតិជាសិទ្ធិរបស់មនុស្សគ្រប់រូប តែសកម្មភាពជាក់ស្តែងត្រូវឈរលើគតិច្បាប់ ៖ «ខ្ញុំគិតថា នេះជាការបញ្ចេញមតិរបស់តំណាងរាស្រ្ដមកពីសហគមន៍អឺរ៉ុប ជាមួយនឹងសមាគមកម្ពុជាក្រោម ប៉ុន្តែត្រង់ថា ធ្វើបានឬមិនបានអាហ្នឹងទៅតាមការអនុញ្ញាតច្បាប់ហ្នឹងមែន»។
គួរបញ្ជាក់ថា ជារឿយៗ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមតែងចោទប្រកាន់អាជ្ញាធរវៀតណាមថា បានធ្វើការគាបសង្កត់និងរំលោភសិទ្ធិសេរីភាពជំនឿសាសនារបស់ខ្លួន តែការចោទប្រកាន់នេះ តែងត្រូវបានបដិសេធថាជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន៕