ពលរដ្ឋខ្លះយល់ឃើញថា សាលាក្ដីខ្មែរក្រហម គួរតែឃុំខ្លួនជនជាប់ចោទ អៀង ធីរិទ្ធ ដែលបានចូលរួមជាមួយអតីតមេដឹកនាំខ្មែរក្រហមជាច្រើននាក់ទៀត បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរជិត២លាននាក់ បានបាត់បង់ជីវិត ដោយសារការកាប់សម្លាប់ ការធ្វើទារុណកម្ម និងបង្អត់អាហារជាដើម ក្រោមការគ្រប់គ្រងរបស់ខ្លួន។
ពលរដ្ឋខ្មែរខ្លះដែលជាជនរងគ្រោះក្នុងរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅក្រៅប្រទេស បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ឲ្យនៅក្រៅឃុំ។ អ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលជា "ស្ត្រីទី១" មានតួនាទីខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានសាលាក្ដីខ្មែរក្រហម ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា។
ពលរដ្ឋខ្មែរម្នាក់ អ្នកស្រី ម៉ារី ជា បច្ចុប្បន្នរស់នៅក្នុងរដ្ឋវឺហ្យីនា (Virginia) សហរដ្ឋអាមេរិក មានសមាជិកក្រុមគ្រួសារប្រមាណជាង៥០នាក់ បានស្លាប់ក្នុងសម័យខ្មែរក្រហម។ អ្នកស្រីបានប្រតិកម្មយ៉ាងខ្លាំងថា ការដោះលែងជនជាប់ចោទដែលបានកាប់សម្លាប់ពលរដ្ឋខ្លួនបែបនេះ គឺបង្ហាញគំរូអាក្រក់ដល់អ្នកប្រព្រឹត្តបទល្មើស និងជាទង្វើមួយមិនសមហេតុសមផល៖ «នៅតែមានទោស គ្មានពេលអ្នកឯងរួចខ្លួនទេ ទោះជាចាស់វង្វេងវង្វាន់ក៏ដោយ។ អ្នកកាប់សម្លាប់គេវាបានចិត្ត វាចេះតែធ្វើទៀត។ ស្រុកគេដែលមានច្បាប់ទម្លាប់ គេគោរពច្បាប់ អ្នកណាធ្វើអ្វី អ្នកនឹងទទួលហ្នឹង។ មិនមែនយកគំនិតថា ធ្វើអ្វីមិនកើតឲ្យរួចខ្លួនទេ»។
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានសម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ឱ្យនៅក្រៅឃុំ ដោយបញ្ជាក់ហេតុផលថា អៀង ធីរិទ្ធ មានជំងឺវង្វេងវង្វាន់ និងបាត់ការចងចាំធ្ងន់ធ្ងរ មិនអាចចូលរួមតតាំងក្ដីក្នុងសវនាការបានទេ និងមិនមានសញ្ញាណាមួយនឹងអាចមានសុខភាពប្រសើរឡើងវិញបាននោះទេ។ ហេតុផលនេះ គឺផ្អែកតាមសក្ខីកម្មរបស់អ្នកជំនាញផ្នែកពេទ្យចិត្តសាស្ត្រ ពេទ្យវិកលចរិត និងពេទ្យផ្នែកជំងឺមនុស្សចាស់។
អតីតនិស្សិតពីប្រទេសបារាំង ម្នាក់ គឺអ្នកស្រី នូវ សារឹម ត្រូវបានមេដឹកនាំខ្មែរក្រហមយកទៅឃុំខ្លួនក្នុងមន្ទីរឃុំឃាំងបឹងត្របែក ក្នុងរាជធានីភ្នំពេញ ក្នុងសម័យខ្មែរក្រហម។ អ្នកស្រី នូវ សារឹម សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ទោះបីជាមានការឈឺចាប់យ៉ាងខ្លាំងដោយសារក្រុមគ្រួសារអ្នកស្រី រួមមានកូន២នាក់ និងស្វាមី បានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមក៏ដោយ ក៏អ្នកស្រីជឿ និងយល់ស្របទៅតាមការសម្រេចរបស់ពេទ្យ៖ «ពេទ្យគេថាគាត់មិនអាចឡើងតុលាការបាន ដោយសារគាត់ឆ្កួតអ៊ីចឹង។ ចំពោះខ្ញុំ បើខ្ញុំ គឺជឿទៅតាមពេទ្យ បើពេទ្យគេមើលឃើញយ៉ាងម៉េច ត្រូវតែធ្វើទៅតាមការសម្រេចរបស់ពេទ្យ។ ម៉្យាង ខ្ញុំយល់ថា អ្នកដែលទៅជាឆ្កួតអ៊ីចឹង បានន័យថា គាត់ឈឺចាប់ និងមានវិប្បដិសារីដល់កម្រិត ទើបបានទៅជាវង្វេងវង្វាន់ឆ្កួតអ៊ីចឹង»។
ពាក់ព័ន្ធនឹងការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ នេះដែរ អគ្គលេខាធិការនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក អៀ ចាន់ណា មានប្រសាសន៍ពីប្រទេសន័រវែស (Norway) ថា ទង្វើនេះជាភាពអយុត្តិធម៌បំផុតចំពោះជនរងគ្រោះក្នុងរបបខ្មែរក្រហម។ លោកថា តុលាការខ្មែរក្រហមគួរមានវិធានការណាមួយសមស្របជាងនេះ៖ «ខ្ញុំយល់ឃើញថា ជាការអនុវត្តមួយដែលមានលក្ខណៈមិនយុត្តិធម៌ចំពោះជនរងគ្រោះប្រមាណជាង២លាននាក់ បានសម្លាប់ក្នុងរបបដែលលោកស្រី អៀង ធីរិទ្ធ កាលនោះជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។ បើយោងលើស្មារតីយុត្តិធម៌ និងគតិច្បាប់ ការដោះលែងទាំងស្រុងឲ្យនៅក្រៅឃុំនេះ គឺជាការអនុវត្តអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរទៅដល់ជនរងគ្រោះ»។
អ្នកស្រី អៀង ធីរិទ្ធិ អាយុ៨០ឆ្នាំ គឺជាភរិយារបស់ជនជាប់ចោទ អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសជំនាន់ខ្មែរក្រហម។ ការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ឱ្យនៅក្រៅឃុំនេះ តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានដាក់លក្ខខណ្ឌ៣ចំណុច។ ទី១ ជនជាប់ចោទត្រូវជូនដំណឹងដល់អង្គជំនុំជម្រះអំពីអាសយដ្ឋានដែលខ្លួនស្នាក់នៅ។ ទី២ ជនជាប់ចោទត្រូវប្រគល់លិខិតឆ្លងដែន និងឯកសារធ្វើដំណើរពាក់ព័ន្ធដទៃទៀត ហើយមិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជាឡើយ។ ទី៣ ជនជាប់ចោទត្រូវគោរពតាមដីកាកោះហៅរបស់តុលាការ។
ទោះបីជាក្នុងហេតុផលយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងប្រទេសហ្វាំងឡង់ (Finland) លោក ប៉ាង សុខឃឿន មានប្រសាសន៍ថា តុលាការខ្មែរក្រហមគួរបន្តឃុំខ្លួនជនជាប់ចោទ និងត្រូវស៊ើបអង្កេតបន្ថែមទៀត ស្វែងរកការពិតនៅពីក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម៖ «ការដោះលែងនេះ ពិតជាមិនត្រឹមត្រូវទេ។ ហើយខ្ញុំសំណូមពរឲ្យមានការស៊ើបអង្កេតឡើងវិញ ពីព្រោះ អ្វីដែលគាត់បានកសាងក្នុងរបប ប៉ុល ពត គឺមានគ្រោះថ្នាក់ធ្ងន់ណាស់ បន្សល់ទុកនូវទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរ»។
បន្ថែមពីទស្សនៈខុសៗគ្នាខាងលើនេះ ព្រះតេជព្រះគុណ ហុក សុវណ្ណ មានថេរដីកាពីវត្តម៉ុងត្រេអាល់ (Montreal) ពីប្រទេសកាណាដា ថា ទោះបីជាជនជាប់ចោទ អៀង ធីរិទ្ធ មានស្ថានភាពសុខភាពយ៉ាងណាក៏ដោយ តុលាការខ្មែរក្រហមត្រូវតែកាត់ទោសដដែល ដើម្បីរករឿងហេតុឲ្យដឹងអំពីតួនាទី និងកំហុសរបស់គាត់៖ «អាត្មាយល់ថា រឿងសុខភាព បាត់បង់ការចងចាំម្យ៉ាង តែសុំឲ្យនៅតែកាត់ទោសដដែល ទោះបីជាគាត់មិនឆ្លើយផ្ទាល់ក៏ដោយ ត្រូវរករឿងហេតុក្នុងតំណែងរបស់គាត់ដែលបានប្រព្រឹត្តខុសមកលើប្រជាជន។ តាមអាត្មាដឹង ប្រជារាស្ត្រទូទៅចង់រកយុត្តិធម៌ជូនអ្នករងគ្រោះ»។
ចំណែកលោកសាស្ត្រាចារ្យ សំ សុខ បានមានប្រសាសន៍ពីប្រទេសបារាំង គាំទ្រការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ នេះ៖ «ជាគោលការណ៍ គេមិនយកមនុស្សឆ្កួតយកទៅកាត់ទោសទេ ពីព្រោះថា មនុស្សឆ្កួតគឺមនុស្សឡប់សតិ។ ពេលគេសួរគាត់ គាត់អាចឆ្លើយផ្ដេសផ្ដាស ដូច្នេះតុលាការមិនអាចធ្វើការបានទេ។ ដើម្បីកាត់សេចក្តីក្នុងរឿងអ្វីមួយ តុលាការត្រូវការរកព័ត៌មានឲ្យបានច្បាស់ ទើបធ្វើសេចក្តីសម្រេចបាន។ បើសិនជាអ្នកមានវិកលចរិត គឺគេមិនអាចយកជាការបានទេ»។
កម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ដែលដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា គ្រប់គ្រងប្រទេសកម្ពុជា ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើអោយពលរដ្ឋកម្ពុជាជិតពីរលាននាក់ស្លាប់ ដោយសារការធ្វើទារុណកម្ម និងសម្លាប់ ការបង្អត់អាហារ ការបង្ខំអោយធ្វើការបាក់កម្លាំង និងគ្មានថ្នាំព្យាបាលជំងឺ។
ជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហម៥នាក់ រួមមាន នួន ជា ខៀវ សំផន អៀង សារី អៀង ធីរិទ្ធ និងកាំង ហ្កេកអ៊ាវ ហៅ ឌុច បានត្រូវសាលាក្ដីខ្មែរក្រហម កំពុងជំនុំជម្រះរឿងក្តីពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទចោទមួយចំនួនទៀត ដូចជា ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនាជាដើម។ រហូតមកដល់ពេលនេះ មានតែជនជាប់ចោទម្នាក់ប៉ុណ្ណោះ គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។