អ្នក​វិភាគ​សេដ្ឋ​កិច្ច​បារម្ភ​ថា ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា​នឹង​ធ្លាក់​ចុះ

អ្នកវិភាគ​សេដ្ឋកិច្ច​និង​អ្នក​ជំនួញ​ផ្នែក​អចលន​ទ្រព្យ​នៅ​កម្ពុជា បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ថា ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា​នឹង​មាន​ការ​ធ្លាក់​ចុះ ដោយសារ​តែ​តម្លៃ​អចលន​ទ្រព្យ​ធ្លាប់​បាន​ឡើង​ខ្ពស់​កប់​ពពក វិបត្តិ​សេដ្ឋកិច្ច​របស់​ពិភពលោក​និង​វិបត្តិ​ព្រំដែន​កម្ពុជា​-ថៃ។

0:00 / 0:00

អ្នក​វិភាគ​ខាង​ផ្នែក​សេដ្ឋកិច្ច លោក ចាន់ សុផល បាន​មាន​ប្រសាសន៍​ថា តម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា នឹង​មាន​ការធ្លាក់​ចុះ ឬ​ក៏​នៅ​ទ្រឹង បើ​សិន​ជា​គ្មាន​ការ​មក​វិនិយោគ​បន្ថែម​ទេ​នោះ។

លោក ចាន់ សុផល មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អា​នេះ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន ខ្ញុំ​យល់​ថា វា​នឹង​ទ្រឹង ឬ​ក៏​ធ្លាក់​ចុះ​នូវ ១​-២​ឆ្នាំ​ខាង​មុខ លើកលែង​តែ​មាន​ថវិកា​ថ្មីៗ​ពី​ប្រទេស​ផ្សេង​ចូល​មក ដែល​យើង​ពិបាក​មើល​ដឹង»

អនុប្រធាន​ក្រុមហ៊ុន ខេមបូឌា អង្គរ រៀល អ៊ីស្តេត ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀមរាប លោក វង្ស ធីនន្ទ បាន​មាន​ប្រសាសន៍​ថា តម្លៃ​អចលន​ទ្រព្យ​នៅ​ខេត្ត​សៀមរាប មាន​ដី​ធ្លី និង​សំណង់ នៅ​មាន​តម្លៃ​ខ្ពស់​ដដែល ប៉ុន្តែ​ថា គ្មាន​អតិថិជន​មក​ទិញ​ឡើយ។

លោក វង្ស ធីនន្ទ បាន​ឲ្យ​ដឹង​ថា តម្លៃ​របស់​អចលន​ទ្រព្យ​នៅ​ក្នុង​ខេត្ត​សៀមរាប​នេះ បាន​ឡើង​ថ្លៃ​ខ្ពស់ ហើយ​ថា តម្លៃ​នោះ​អាច​នឹង​មាន​ការធ្លាក់​ចុះ​មក​វិញ បន្ទាប់​ពី​គ្មាន​អ្នក​ទិញ ៖ «វា​ក៏​អាច​ធ្លាក់​ចុះ​វិញ​ដែរ​បញ្ហា​ហ្នឹង ដោយសារ​តែ​ទី​១ តម្លៃ​ឡើង​ខ្ពស់ បន្ទាប់​មក​ដល់​ពេល​អត់​មាន​អ្នក​ទិញ នឹង​ត្រូវ​ចុះ​វិញ​ហើយ​រឿង​ហ្នឹង។ ខ្ញុំ​បាន​ជួប​អតិថិជន​ជា​ច្រើន អ្នក​រស់​នៅ​ក្រៅ នៅ​បណ្ដា​ប្រទេស​នានា នៅ​ពេល​បាន​ឮ​ថា តម្លៃ​ទីផ្សារ​នៅ​ស្រុក​ខ្មែរ​យើង​ខ្ពស់​ជាង​នៅ​ស្រុក​គាត់ អ៊ីចឹង​ភាគ​ច្រើន​ល្មមៗ គាត់​យក​លុយ​ទៅ​ទិញ​នៅ​ស្រុក​គេ​ហើយ»

ទោះ​ជា​យ៉ាង​ណា លោក វង្ស ធីនន្ន បាន​សម្ដែង​សេចក្ដី​សុទុដ្ឋិនិយម​ថា តម្លៃ​នៃ​អចលន​វត្ថុ នឹង​កើន​ឡើង​វិញ ក្រោយ​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​និង​បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ ត្រូវ​បាន​ដោះស្រាយ​រួច។

នាយករង​នៃ​ភ្នាក់ងារ​សេវា​អចលន​ទ្រព្យ​កម្ពុជា លោក ឡន ស៊ីណារ៉ា បាន​ទទួល​ស្គាល់​ថា តម្លៃ​ដី​ធ្លី​និង​សំណង់​នៅ​កម្ពុជា កន្លង​មក​បាន​ឡើង​យ៉ាង​គំហុក​ហួស​កម្រិត​តម្លៃ​ទីផ្សារ​ពិត​មែន ដោយសារ​មាន​អ្នក​បំប៉ោង​តម្លៃ​ដើម្បី​ក្រឡុក​ទីផ្សារ។

លោក​បាន​សម្ដែង​ការព្រួយ​បារម្ភ​ថា តម្លៃ​អចលន​ទ្រព្យ​អាច​នឹង​មាន​ការ​ធ្លាក់​ចុះ ដោយ​មើល​ឃើញ​ថា តម្លៃ​អចលន​ទ្រព្យ​ទាំង​នោះ បាន​ជាប់​នៅ​ទ្រឹង បន្ទាប់​ពី​មាន​ការ​បោះឆ្នោត ជម្លោះ​ព្រំដែន និង​វិបត្តិ​សេដ្ឋកិច្ច​លើ​ពិភពលោក។

លោក ឡន ស៊ីណារ៉ា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ហ្នឹង វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​មែន​ទែន ដែល​ធ្វើ​ឲ្យ​វិនិយោគ​បរទេស​ត្រូវ​ថយ និង​ធ្លាក់​ចុះ​ធម្មតា គេ​គិត​ថា ជួយ​ប្រទេស​គេ ការ​[បម្រុង]​ហិរញ្ញវត្ថុ​សម្រាប់​វិនិយោគ​ក្នុង​ស្រុក​គេ​មួយៗអ៊ីចឹង​ការ​យក​លុយ​មក​វិនិយោគ​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​ប្រទេស​កម្ពុជា​យើង ជា​ទីផ្សារ​ថ្មី​ហ្នឹង គឺ​ហាក់​ដូចជា​មាន​ផល​លំបាក​ច្រើន»

លោក វង្ស ធីនន្ន និង​លោក ឡន ស៊ីណារ៉ា បាន​មាន​ប្រសាសន៍​ថា ជន​ជាតិ​បរទេស ដែល​មក​វិនិយោគ​លើ​ផ្នែក​អចលន​ទ្រព្យ ភាគ​ច្រើន គឺ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង។

នាយករង​ភ្នាក់ងារ​សេវា​អចលន​ទ្រព្យ​កម្ពុជា លោក ឡន ស៊ីណារ៉ា បាន​ឲ្យ​ដឹង​ថា តំបន់​ដែល​អាច​នឹង​ទទួល​រង​ការ​ធ្លាក់​ចុះ​ថ្លៃ​ផ្នែក​អចលន​ទ្រព្យ​ខ្លាំង​ជាង​គេ គឺ​តំបន់​នៅ​ឆ្ងាយៗ​ពី​ទីក្រុង​និង​ទី​ប្រជុំជន ដែល​គេ​បាន​ទិញ​ដើម្បី​លក់​យក​ចំណេញ ហើយ​មិន​បាន​យក​មក​វិនិយោគ ដូចជា​ការ​ដាំដុះ​ដំណាំ​កសិកម្ម​ផ្សេងៗ​ជា​ដើម។

លោក ឡន ស៊ីណារ៉ា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា អ្នក​ដែល​រង​គ្រោះ​ពី​ការ​ធ្លាក់​ថ្លៃ អចលន​ទ្រព្យ​ខ្លាំង​ជាង​គេ​នោះ គឺ​ជា​អ្នក​ដែល​បាន​ខ្ចី​លុយ​ពី​ធនាគារ​យក​ទៅ​ទិញ​ដី​និង​សំណង់​លំនៅ​ដ្ឋាន​ក្នុង​តម្លៃ​ថ្លៃ ហើយ​ថា តាម​ការ​សង្កេត​របស់​ភ្នាក់ងារ​លោក មាន​មនុស្ស​ប្រមាណ ៣០ ទៅ ៤០ ភាគរយ ដែល​បាន​ទិញ​អចលនទ្រព្យ​ដើម្បី​ទុក​យក​ចំណេញ។

ឡន ស៊ីណារ៉ា មាន​ប្រសាសន៍​ថា ៖ «បើ​គាត់​ទិញ​ក្នុង​ន័យ​វិនិយោគ បាន​ន័យ​ថា គាត់​ទិញ​ដើម្បី​ដាំស្រូវ ដើម្បី​ដាំ​បន្លែ​បង្ការ ឬ​ក៏​ដាំ​ដើម​ឈើ ឧស្សាហកម្ម​អី វា​អាច​ល្អ ប៉ុន្តែ​បើ​សិន​ជា​គាត់​ទិញ​លក់​ចំណេញ អាហ្នឹង​ហើយ​ដែល​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដែល​ជះ​ឥទ្ធិពល​ខ្លាំង​នោះ យើង​ឃើញ​ថា ក្រៅ​ពី​ទីក្រុង​ភ្នំពេញ ក្រុង​សៀមរាប ក្រុង​ព្រះសីហនុ ដី​ក្រៅ​ពី​នេះ ដូច​គ្មាន​ចលនា​អី​ល្អ​ទេ។ តែ​បើ​ថា​ដី​កសិកម្ម​ខ្លះ ដែល​គាត់​ទិញ​ដើម្បី​វិនិយោគ ដូច​ជា ដាំ​អំពៅ ឬ​មួយ​ធ្វើ​ស្រែ​ចម្ការ អាហ្នឹង​ខ្ញុំ​គិត​ថា ទោះ​បី​ជា​ថា​ចុះ ក៏​គាត់​អាច​រក​ផល​ប្រយោជន៍​ពី​ដី​ហ្នឹង​បាន​ដែរ តែ​អ្នក​ខ្លះ​គាត់​ទិញ​ទុក​ចោល អត់​មាន​ធ្វើ​អី​ផង រួច​ជា​ដី​ព្រៃ ដី​អី​ផ្សេងៗ​ទៀត​ហ្នឹង ខ្ញុំ​គិត​ថា វា​អាច​មាន​ឥទ្ធិពល​ខ្លះ ដែល​គាត់​យក​លុយ​ទៅ​បោះចោល។ ហើយ​ក្រៅ​ពី​នេះ​ទៀត ខ្ញុំ​ឃើញ​ថា អ្នក​ទិញ​ដូរ​មួយ​ចំនួន​ទៀត ក៏​បាន​ខ្ចី​លុយ​គេ ឬ​មួយ​ខ្ចី​លុយ​ធនាគារ ហើយ​គាត់​ទិញ​ក្នុង​ទ្រង់​ទ្រាយ​ធំ ផ្ទះ​ល្វែង​សង់ ៤​-១០​បូរី​អី​អ៊ីចឹង គាត់​ទិញ​សឹង​គ្រប់​បុរី​ទាំង​អស់ ដល់​អ៊ីចឹង គាត់​ជាប់​គាំង​នឹង​អាហ្នឹង​ឯង ហើយ​មិន​ដែល​បង់​លុយ​ទាំង​អស់​ទេ គាត់​បង់ ៣០​-៤០% , ៥០% សល់​ប៉ុន្មាន គាត់​បង់​រំលោះ​អ៊ីចឹង​ទៅ គាត់​ខ្ចី​ពី​នេះ ខ្ចី​ពី​នោះ​ទៅ អ្នក​ទាំង​អស់​ហ្នឹង​ហើយ ដែល​ជះ​ឥទ្ធិពល​ខ្លាំង»

លោក ឡន ស៊ីណារ៉ា រំពឹង​ថា រដ្ឋាភិបាល​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ឲ្យ​បាន​ច្រើន​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ ដែល​នឹង​នាំ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​មាន​ការកើន​ឡើង​ដូច​ដើម។

អ្នក​វិភាគ​ខាង​ផ្នែក​សេដ្ឋកិច្ច លោក ចាន់ សុផល បាន​សង្កេត​ឃើញ​ថា ចលនា​ទិញ​ដូរ​អចលន​ទ្រព្យ មាន​ការ​ធ្លាក់​ចុះ ហើយ​ថា តម្លៃ​អាច​នឹង​ធ្លាក់​ចុះ​ផង​ដែរ។

លោក ចាន់ សុផល បាន​ទទួល​ស្គាល់​ថា តម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា​នា​ពេល​កន្លង​មក បាន​ឡើង​ថ្លៃ​កប់​ពពក ហើយ​ថា វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក និង​បញ្ហា​ព្រំដែន ក៏​បាន​ជះ​ឥទ្ធិពល​លើ​តម្លៃ​អចលន​ទ្រព្យ​នេះ​ផង​ដែរ។

លោក ចាន់ សុផល មាន​ប្រសាសន៍​ថា ៖ «តាម​ការ​អង្កេត​ឃើញ យើង​ឃើញ​ថា ការទិញ​ដូរ​បច្ចុប្បន្ន មាន​ការ​ធ្លាក់​ចុះ ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ តែ​កាលណា​ការ​ទិញ​ដូរ​ធ្លាក់​ចុះ តម្លៃ​ពិបាក​នឹង​កើន​ឡើង គេ​អាច​នៅ​ចង់​បាន​ថ្លៃ​ខ្ពស់​ដដែល ប៉ុន្តែ​ត្រង់​ថា គ្មាន​អ្នក​ទិញ ប៉ុន្តែ​ជួល​កាល​បើ​ឲ្យ​គេ​លក់​ថោក ក៏​គេ​មិន​លក់​ដែរ»

លោក ចាន់ សុផល បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា តម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា អាច​កើន​ឡើង​វិញ លុះ​ត្រា​តែ​មាន​ការបោះ​ទុន​មក​វិនិយោគ​ពី​បរទេស​មាន​ការ​កើន​ឡើង ហើយ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា មាន​ការ​លូត​លាស់​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទិញ​អចលន​ទ្រព្យ​នោះ​បាន។

លោក ចាន់ សុផល មាន​ប្រសាសន៍​ថា ៖ «តម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា​យើង នឹង​កើន​ឡើង​វិញ ប៉ុន្តែ​សួរ​ថា ពេល​ណា យើង​បាន​ត្រឹម​ទាយ​ផ្អែក​លើ​គោលការណ៍​ឬ​កត្តា​សេដ្ឋកិច្ច​មួយ​ចំនួន។ ខ្ញុំ​ថា កត្តា​ច្បាស់​ជាង​គេ យើង​ចាំ​មើល​ថា មាន​ថវិកា​ថ្មីៗចូល​មក​វិនិយោគ​ក្នុង​ស្រុក​យើង​ច្រើន​ជាង​ឬ​ទេ? បើ​សិន​ជា​មាន នោះ​ទីផ្សារ​អចលន​ទ្រព្យ​នឹង​ឈាន​ទៅ​មុខ​ទៀត បើ​មិន​អ៊ីចឹង​ទេ អាច​ប្រហែល​ជា​មួយ​ឆ្នាំ ទៅ ២​ឆ្នាំ ទើប​បាន​កើន​ឡើង​វិញ​ខ្លាំង​ទៀត»

គួរ​ជម្រាប​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការវិនិយោគ​ខាង​ផ្នែក​សំណង់​និង​អចលន​ទ្រព្យ​បាន​កើន​ឡើង​យ៉ាង​គំហុក នៅ​ក្នុង​ប្រទេស​កម្ពុជា។

នាយករង​ភ្នាក់ងារ​សេវា​អចលន​ទ្រព្យ​កម្ពុជា លោក ឡន ស៊ីណារ៉ា បាន​ឲ្យ​ដឹង​ថា គុណភាព​សំណង់​ភាគ​ច្រើន​បំផុត គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ ដោយ​ការ​សាងសង់​មិន​ត្រូវ​តាម​បច្ចេកទេស​និង​គ្មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​ជាដើម៕