ផ្ទះ​បន​ស្រី​ជា​ច្រើន​នៅ​ខែត្រ​ប៉ៃលិន​បន្ត​រកស៊ី​ជា​ធម្មតា

ផ្ទះ​បន​ស្រី​រកស៊ី​ផ្លូវ​ភេទ​ជា​ច្រើន​នៅ​ខេត្ត​ប៉ៃលិន​បាន​បន្ត​បើក​រកស៊ី​ជា​ធម្មតា ទោះ​បី​លោក អ៊ី ឈាន អភិបាល​ខេត្ត បាន​ដាក់​បញ្ជា​ឲ្យ​បង្ក្រាប​ផ្ទះ​បន​ស្រី​រកស៊ី​ផ្លូវ​ភេទ​ឲ្យ​អស់​ទាំង​ស្រុង​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ក៏​ដោយ។

0:00 / 0:00

ក្រុម​អ្នក​ភូមិ​នៅ​ក្រុង​ប៉ៃលិន​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​មិថុនា ថា​ផ្ទះ​បន​ស្រី​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ភូមិ​អូរច្រា សង្កាត់​អូរតាវ៉ៅ និង​ទី​កន្លែង​មួយចំនួន​ទៀត នៅ​តាម​ទី​ប្រជុំជន​ក្នុង​ខេត្ត​ប៉ៃលិន​នៅតែ​បើក​រកស៊ី​ទទួល​ភ្ញៀវ​ជា​ធម្មតា។

កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា អភិបាល​ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន ក្នុង​ពិធី​បំពាក់​ស័ក្តិ​នាយ​នគរបាល​និង​មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ដាក់​បញ្ជា​ឲ្យ​បង្ក្រាប​ផ្ទះ​បន​ស្រី​រកស៊ី​ផ្លូវ​ភេទ។

លោក អ៊ី ឈាន បញ្ជាក់​ថា នៅ​ខេត្ត​ប៉ៃលិន​មាន​បន​ស្រី​ប៉ុន្មាន ស្នងការ​នគរបាល​ត្រូវ​ចេញ​បទបញ្ជា​បិទ​ទាំងអស់​កុំ​ឲ្យ​សល់។

លោក ប៊ូ សារិន ស្នងការ​រង​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ថ្លែង​ថា ការបិទ​ផ្ទះ​បន​ស្រី​មិន​មែន​ជា​បន្ទុក​របស់​លោក​ទេ ប៉ុន្តែ​តាម​អ្វី​ដែល​លោក​បាន​ដឹង​គឺ​សមត្ថកិច្ច​នគរបាល​កំពុង​ធ្វើការ​ក្នុង​រឿង​នេះ។

លោក ប៊ូ សារិន បាន​ឲ្យ​ដឹង​ថា ៖ «អា​ហ្នឹង​យើង​រៀបចំ​ឯកសារ​ឲ្យ​មាន​ការស៊ីញ៉េ​ទទួល​ស្គាល់​ដឹង​ឮ ធ្វើការ​ស្រង់​ស្ថិតិ​ចំនួន​ហាង ចំនួន​ទី​កន្លែង ទីតាំង»

ទាក់ទិន​នឹង​បទបញ្ជា​ឲ្យ​បិទ​ផ្ទះ​បន​ស្រី​នៅ​ខេត្ត​ប៉ៃលិន​នេះ លោក សួស ស៊ីយ៉ាត អភិបាល​ក្រុង​ប៉ៃលិន​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «បើ​សិន​យើង គាត់​គ្រាន់​តែ​មាន​ប្រសាសន៍​ហើយ​យើង​យក​ទៅ​អនុវត្ត យើង​មាន​លិខិត​បទដ្ឋាន​ណា​ដែល​សំអាង​ផ្លូវការ»។

បុគ្គលិក​អង្គការ Afeship លោកស្រី គង់ សុភ័ក្រ្ត បាន​ថ្លែង​ថា ការបិទ​ផ្ទះ​បន​ស្រី​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​មុខរបរ​ស្ត្រី​រកស៊ី​បម្រើ​ផ្លូវ​ភេទ​ទាំង​នោះ។

លោកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា ៖ «ខ្ញុំ​ក៏​សំណូមពរ​ទៅ​អធិការ​ថា បើ​សិន​ណា​វា​ទៅ​ស្រុក​កំណើត​វា​ជា​រឿង​មួយ​ល្អ​ប្រសើរ តែ​បើ​មិន​ទៅ​ស្រុក​កំណើត​វា​ទេ បើ​សិន​ជា​ក្មេង​ស្រី​ទាំងអស់​នោះ​ផ្លាស់​ប្តូរ​មុខរបរ ចង់​រក​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​អនាគត ខ្ញុំ​មាន​មណ្ឌល​បី​នៅ​ខាង​អង្គការ Afeship ខ្ញុំ​នឹង​យក​ចូល​មជ្ឈមណ្ឌល​ខ្ញុំ»

ក្រុម​អ្នក​រកស៊ី​ផ្លូវ​ភេទ​និង​អ្នក​ភូមិ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ធ្លាប់​បាន​ចោទ​ថា ប៉ូលិស​ក្រុង​ប៉ៃលិន​បាន​យក​លុយ​ប្រចាំ​ខែ​ពី​បន​ស្រី​ជា​ច្រើន​កន្លែង ដោយ​ក្នុង​មួយ​ខែៗ​យក​ពី​១៥​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល​តាម​ចំនួន​ស្រី្ត​តិច​ឬ​ច្រើន​ដែល​រកស៊ី​ផ្លូវ​ក្នុង​ហាង។

ប៉ុន្តែ​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ៃលិន លោក អ៊ួន វិន បាន​ថ្លែង​បដិសេធ ហើយ​បាន​ទម្លាក់​កំហុស​នេះ​ទៅ​លើ​មន្ទីរ​ទេសចរណ៍ មន្ទីរ​ព័ត៌មាន និង​មន្ទីរ​ពន្ធដារ​ខេត្ត ថា​ជា​អ្នក​យក​លុយ​ប្រចាំ​ថ្ងៃ​និង​ប្រចាំ​ឆ្នាំ។

យោង​តាម​ស្ថិតិ​ពី​អង្គការ Afeship ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ប៉ៃលិន​បាន​បង្ហាញ​ថា នៅ​ខេត្ត​ប៉ៃលិន​មាន​ផ្ទះ​បន​ស្រី​ចំនួន​១២ មាន​ស្រី្ត​បម្រើ​ផ្លូវ​ភេទ​៩៤​នាក់ ហាង​ខារ៉ាអូខេ​១២ មាន​ស្រ្តី​បម្រើ​សេវា​ផ្លូវ​ភេទ​៩១​នាក់ ហាង​ម៉ាស្សា​១ ស្រ្តី​បម្រើ​ផ្លូវ​ភេទ​៥​នាក់ និង​ភោជនីយដ្ឋាន​ចំនួន​២ ស្រ្តី​១៥​នាក់​ដែល​ភ្ញៀវ​អាច​ចរចា​យក​ទៅ​បម្រើ​ផ្លូវ​ភេទ​បាន​នៅ​ក្រោយ​ការទទួល​ទាន​អាហារ​រួច៕