សមាគម​ចិន​​​កាត់​បន្ថយ​កម្មវិធី​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

សមាគម​ចិន​នៅ​កម្ពុជា បាន​ប្រកាស​លុប​ចោល​កម្មវិធី​កម្សាន្ត​ផ្សេងៗ​មួយ​ចំនួន​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នៅ​ក្នុង​ឆ្នាំ​២០១៣ នេះ។

0:00 / 0:00

មូល​ហេតុ​ដែល​កម្មវិធី​ខ្លះ​ត្រូវ​លុប​ចោល​នោះ ពីព្រោះ​គេ​យល់​ថា ការ​ចូល​ឆ្នាំ​ថ្មី​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ នោះ គឺ​ហាក់​ដូច​ជា​នៅ​កៀក​គ្នា​ពេក​នឹង​ការ​បញ្ចប់​ព្រះរាជ​ពិធី​ព្រះ​មរណទុក្ខ​ព្រះ​មហា​វីរក្សត្រ។

ប្រជាពលរដ្ឋ​ខ្មែរ-​ចិន​មួយ​ចំនួន​ដែល​មាន​ដើម​កំណើត​ជាប់​សែ​ស្រឡាយ​ចិន និង​កំពុង​តែ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វ​ថ្ងៃ​នេះ ជា​រៀងរាល់​ឆ្នាំ​គេ​តែង​តែ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ទៅ​តាម​វប្បធម៌​ប្រពៃណី​ចិន របស់​គេ។

ដូចជា​នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ដើម ប្រជាពលរដ្ឋ​ខ្មែរ-​ចិន នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​គេ​ប៉ាន់ប្រមាណ​ថា មាន​ប្រហែល ៧​សែន​នាក់​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។ ប៉ុន្តែ​ប្រការ​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​នេះ គេ​ឃើញ​មិន​សូវ​មាន​ភាព​អ៊ូអរ ឬ​គគ្រឹកគគ្រេង​ដូច​ដែល​គេ​ធ្លាប់​ធ្វើ​កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន​មុនៗ​ទេ។

លោក អៀក ស៊ីង ប្រធាន​ការិយាល័យ​សមាគម​ចិន ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន របស់​បង​ប្អូន​ខ្មែរ-​ចិន នៅ​ក្នុង​ឆ្នាំ​នេះ​គឺ​ពិត​ជា​មិន​មាន​ភាព​អធិកអធម​ទេ ពី​ព្រោះ​នៅ​តាម​សមាគម​ចិន ទូទាំង​ប្រទេស​កម្ពុជា ដែល​មាន​ចំនួន​ជាង ១៥០​សមាគម បាន​ប្រកាស​កាត់​បន្ថយ​នូវ​កម្មវិធី​កម្សាន្ត​មួយ​ចំនួន។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​កាត់​បន្ថយ​កម្មវិធី​កម្សាន្ត​ខ្លះៗ​នោះ មាន​ដូច​ជា​ពិធី​ជួប​ជុំ​ជប់លៀង​ភោជនាហារ​រវាង​បង​ប្អូន​ក្នុង​ត្រកូល​សែ​ចិន នីមួយៗ ពិធី​ឡក​ម៉ុងសាយ នៅ​ក្នុង​ព្រះ​បរម​រាជវាំង និង​កាត់​បន្ថយ​ពិធី​ដង្ហែ ការ​ឡក​ម៉ុងសាយ​នៅ​តាម​គេហដា្ឋន ឬ​តាម​ដង​ផ្លូវ​សាធារណៈ​ជាដើម។

ប្រធាន​ការិយាល័យ​សមាគម​ចិន ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ទៀត​ថា ការ​កាត់​បន្ថយ​កម្មវិធី​ទាំង​ប៉ុន្មាន​នេះ គឺ​ដើម្បី​សំដែង​ពី​សមានចិត្ត​របស់​ប្រជាពលរដ្ឋ​កូន​ចៅ​ចិន ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា ចំពោះ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។

លោក​បាន​បន្ថែម​ទៀត​ថា ថ្វី​បើ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ចូល​រួម​ព្រះ​មរណទុក្ខ​បាន​បញ្ចប់​ទៅ​ហើយ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ព្រឹត្តិការណ៍​នោះ​ហាក់​ដូច​ជា​នៅ​ថ្មីៗ​នៅ​ឡើយ​ទេ៖ «ចប់​ថ្មីៗ យើង​ចូល​ឆ្នាំ​ចិន​តែម្ដង ដល់​អ៊ីចឹង​យើង​មាន​ចិត្ត​មួយ​ថា ត្រូវ​តែ​កាន់​មរណទុក្ខ​សម្ដេច​តា​ហ្នឹង​ណា ត្រូវ​គោរព។ ដល់​អ៊ីចឹង​មិន​សូវ​អបអរ​សាទរ​ប៉ុន្មាន​ទេ​ចូល​ឆ្នាំ​ហ្នឹង។ ខាង​សមាគម​ហ្នឹង ចូល​ឆ្នាំ​ហ្នឹង​គេ​មិន​ធ្វើ​ពិធី​អី​គគ្រឹកគគ្រេង​ទេ គឺ​ដោយ​សមានចិត្ត​របស់​យើង​ណា មិន​មែន​គេ​ហាម​ឃាត់​គេ​អី​ទេ»

នៅ​រៀងរាល់​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន នៅ​កម្ពុជា ដែល​គេ​ឃើញ​ជន​ជាតិ​ខ្មែរ​កាត់​ចិន បាន​ប្រារព្ធ​ធ្វើ​កន្លង​នោះ គឺ​មាន​ដូច​ជា​ធ្វើ​ពិធី​ទទួលទាន​អាហារ​កម្សាន្ត​សប្បាយ​តាម​សមាគម​នីមួយៗ ឬ​មួយ​គេ​ដង្ហែ​ក្រុម​ភ្លេង និង​អ្នក​ឡក​ម៉ុងសាយ​នៅ​តាម​ផ្ទះ​គ្រួសារ​កូន​ចៅ​ចិន អ្នក​មាន​ធនធាន ហើយ​និង​ការ​ឡក​ម៉ុងសាយ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ជាដើម។

ចំពោះ​ការ​ឡក​ម៉ុងសាយ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ម្ដងៗ ដែល​គេ​ធ្លាប់​ធ្វើ​ពី​មុន​មក​នោះ ពីព្រោះ​គេ​មាន​ជំនឿ​ថា គឺ​ដើម្បី​សំដែង​ថ្វាយ​ទេវតា​នៅ​ក្នុង​ព្រះ​បរម​រាជវាំង ហើយ​សុំ​លោក​ប្រទាន​ពរ​ជ័យ​សិរី​សួស្ដី និង​សេចក្ដី​សុខ​ចម្រើន​ថ្វាយ​ដល់​អង្គ​ព្រះ​មហាក្សត្រ​ខ្មែរ៖ «ព្រោះ​ថា ក្រុម​ឡក​ម៉ុងសាយ គឺ​គេ​លើក​រាសី ដល់​អ៊ីចឹង​ខាង​ព្រះ​បរម​រាជវាំង គេ​ចូល​រួម​មរណទុក្ខ យើង​មិន​អាច​ចូល​ទៅ​ក្នុង​រាជវាំង​បាន​ទេ»

ការ​ឡក​ម៉ុងសាយ​ដែល​មាន​ការ​ប្រគំ​បទភ្លេង​បន្ទរ​ផង​នោះ គឺ​ជា​ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ចិន ដែល​គេ​និយម​បំផុត​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​គេ។

លោក ដួង ឈីវ ប្រធាន​សមាគម​ចិន នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ពិធី​លេង​ម៉ុងសាយ​នេះ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ពីព្រោះ​ប្រជាជន​ចិន មាន​ជំនឿ​ថា ម៉ុងសាយ​នោះ​គឺ​ជា​តំណាង​សត្វ​តោ​ដ៏​មាន​ឫទ្ធ​ខ្លាំង​ក្លា​លើស​អស់​សត្វ​ទាំង​ពួង ហើយ​និង​អាច​ដេញ​ឧបទ្រព​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​អស់ ហើយ​នាំ​មក​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​ដល់​ឆ្នាំ​ថ្មី៖ «បាទ! ព្រោះ​ឡក​ម៉ុងសាយ គឺ​ឲ្យ​ទាំង​អស់​គ្នា​សុខ​សប្បាយ ឲ្យ​ប្រទេស​យើង​ជឿន​លឿន​ទៅ​មុខ​ទៀត។ ជូនពរ​ទាំង​អស់​គ្នា​សុខភាព​ល្អ...»

ទាក់ទង​នឹង​ប្រវត្តិ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​ចិន បាន​ឲ្យ​ដឹង​ថា ប្រពៃណី​ទំនៀម​ទម្លាប់​នេះ​គឺ​ជន​ជាតិ​ចិន បាន​ធ្វើ​តៗ​គ្នា​ទៅ​តាម​ការ​និទាន​រឿង​របស់​ដូន​តា ឬ​កុង​ម៉ា​ប្រាប់​តៗ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដោយ​មិន​ដឹង​ច្បាស់លាស់​ថា តើ​រឿង​នោះ​ពិត ឬ​មិន​ពិត​យ៉ាង​ណា​នោះ​ទេ។

រី​ឯ​រឿង​និទាន​នោះ​បាន​តំណាល​ថា នា​កាល​មួយ​នោះ​មាន​សត្វ​ចម្លែក​មួយ​ឈ្មោះ «នាន» វា​តែង​តែ​ចេញ​មក​សម្លាប់​មនុស្ស​ស៊ី​ជា​អាហារ​ជា​រៀងរាល់​ឆ្នាំ ហើយ​នៅ​មុន​ពេល​ដែល​វា​ចេញ​ដំណើរ​មក​ចាប់​មនុស្ស​នោះ គឺ​វា​បាន​សំដែង​មហិទ្ធិឫទ្ធិ​ដោយ​បង្កើត​ជា​ខ្យល់​ព្យុះ ភ្លៀង​ផ្គរ ដើម្បី​បន្លាច​អ្នក​ស្រុក​ឲ្យ​ភ័យ​ខ្លាច។ ប៉ុន្តែ​អ្នក​ស្រុក​នៃ​ជនជាតិ​ចិន មួយ​ចំនួន​នា​សម័យ​នោះ បាន​នាំ​គ្នា​រិះ​រក​មធ្យោបាយ​មួយ​ដោយ​នាំ​គ្នា​ដុត​ផាវ​ឲ្យ​ផ្ទុះ​ផូង​ផាំង​ឡើង​ពាសពេញ​ទាំង​ភូមិ ដើម្បី​ដេញ​បង្អើល​សត្វ​កាច​សាហាវ​នោះ។

បន្ទាប់​ពី​ការ​ដុត​ផាវ​របស់​អ្នក​ស្រុក​គេ​ក៏​មិន​ឃើញ​មាន​ហេតុ​អ្វី​កើត​ឡើង​ពី​សត្វ «នាន» នោះ​ទៀត​ទេ។ នៅ​ពេល​នោះ​ឯង​ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​ជនជាតិ​ចិន មាន​សេចក្ដី​សប្បាយ​រីករាយ​យ៉ាង​ក្រៃលែង ពីព្រោះ​ពួកគេ​បាន​រួច​រស់​ជីវិត​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដែល​ហាក់​បី​ដូច​ជា​គេ​បាន​កើត​ជា​ថ្មី​ម្ដង​ទៀត។

ដោយ​ផ្អែក​ទៅ​លើ​ការ​និទាន​រឿង​យ៉ាង​ដូច្នេះ​ហើយ ទើប​ជន​ជាតិ​ចិន​គេ​មាន​ជំនឿ​មុតមាំ ហើយ​បាន​បន្ត​ប្រពៃណី​ដុត​ផាវ​នៅ​ក្នុង​ពេល​ចូល​ឆ្នាំ​ថ្មី​ម្ដងៗ ដើម្បី​ជា​និមិត្ត​រូប​នៃ​ការ​បណ្ដេញ​នូវ​សត្វ​ចង្រៃ​ឲ្យ​អស់ ហើយ​នាំ​មក​នូវ​សិរី​សួស្ដី សប្បាយ​រីករាយ​ដល់​ក្រុម​គ្រួសារ​របស់​គេ​នីមួយៗ។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​វប្បធម៌​ចិន បាន​បញ្ជាក់​ប្រាប់​ទៀត​ថា តាម​ទំនៀម​ទម្លាប់​ពី​បុរាណ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន គឺ​គេ​ធ្វើ​អស់​រយៈពេល ១៥​ថ្ងៃ។ ប៉ុន្តែ​ក្រោយៗ​មក​ក៏​មាន​ការ​បំព្រួញ​នៅ​ត្រឹម​បី​ថ្ងៃ​រហូត​ដល់​បច្ចុប្បន្ន​នេះ។

នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នោះ គឺ​នៅ​ថ្ងៃ​ចូល​ដំបូង​គេ​មាន​ធ្វើ​ពិធី​សែន​ព្រេន​ជី​ដូន​ជីតា ឬ​កុងម៉ា​ទៅ​តាម​ធនធាន​រៀងៗ​ខ្លួន ដោយ​មាន​ម្ហូប​អាហារ គ្រឿង​សុរា និង​នំ​ចំណី​ផ្លែ​ឈើ​ផ្សេងៗ​ជា​ច្រើន​មុខ។

នៅ​ក្នុង​ពិធី​សែន​នេះ គឺ​គេ​សែន​នៅ​ក្នុង​ផ្ទះ​ផង និង​ក្រៅ​ផ្ទះ​ផង​ដោយ​មាន​ដុត​ទៀន​ធូប ដុត​ក្រដាស​ពណ៌​មាស និង​ប្រាក់ ដោយ​សន្មត​ថា ជា​ក្រដាស​ប្រាក់ ឬ​លុយ​កាក់​មែន​ទែន ដើម្បី​ជា​ការ​ឧទ្ទិស​ជូន​ទៅ​ឪពុក​ម្ដាយ​កុងម៉ា ញាតិ​មិត្ត​ជិត​ឆ្ងាយ​របស់​គេ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ។

ក្រៅ​ពី​មាន​ការ​សែន​ម្ហូប​អាហារ​នៅ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន សារសំខាន់​មួយ​ទៀត គឺ​គេ​តាំង​លំអ​ដើម​ផ្កា​អង្គាសីល ដោយ​មាន​ចង​អំពូល​ភ្លើង​អគ្គិសនី​ចម្រុះ​ពណ៌ ហើយ​និង​មាន​ចង​ក្រដាស​មាស​ប្រាក់​នៅ​ជាប់​នឹង​ដើម​ផ្កា​នោះ​ផង​ដែរ។ ការ​ធ្វើ​ដូច្នេះ​ដើម្បី​ជា​និមិត្ត​រូប​នៃ​ភាព​រឹងមាំ​ក្នុង​ប្រពៃណី​ចិន ពីព្រោះ​គេ​បាន​ឃើញ​ថា ផ្កា​អង្គាសីល​នេះ គឺ​មាន​តែ​នៅ​ក្នុង​រដូវ​ទឹក​កក​ធ្លាក់ និង​រីក​ស្គុះស្គាយ​ពេញ​ទាំង​ព្រៃ​នៅ​ក្នុង​ប្រទេស​ចិន បើ​ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​រដូវ​ទឹក​កក​ត្រជាក់​យ៉ាង​ណា​ក៏ដោយ។

សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​ចិន នៅ​កម្ពុជា​វិញ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គេ​ដាក់​តាំង​ផ្កា​អង្គាសីល​នៅ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី គឺ​ដើម្បី​មើល​រាសី​ឡើង​ចុះ គឺ​ថា បើ​ផ្កា​នោះ​រីក​ស្គុះស្គាយ​ល្អ គឺ​រាសី​របស់​គេ​បាន​ល្អ​រក​ស៊ី​មាន​បាន។ ប៉ុន្តែ​ប្រសិន​បើ​ផ្កា​នោះ​មិន​សូវ​រីក​ល្អ​ទេ គឺ​រាសី​របស់​គេ​នឹង​ត្រូវ​ស្រុត​ចុះ រក​ស៊ី​មិន​កាក់កប​ឡើយ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។

សមាគម​ចិន​ប្រចាំ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នៅ​កម្ពុជា គឺ​ធ្វើ​ដូច​គ្នា​នឹង​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​របស់​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​ដែរ។ ប៉ុន្តែ​ចំពោះ​ការ​ដុត​ផាវ គឺ​មិន​មាន​ធ្វើ​ទេ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពីព្រោះ​គោរព​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រក្សា​ស្ថិរភាព សុវត្ថិភាព​ក្នុង​ប្រទេស។

សមាគម​ដដែល​បាន​បន្ថែម​ទៀត​ថា សម្រាប់​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៣ នេះ ក៏​សមាគម​បាន​ប្រកាស​ផ្អាក​កម្មវិធី​កម្សាន្ត​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែរ គឺ​ធ្វើ​តែ​កម្មវិធី​សែន​កុង​ម៉ា និង​ការ​ឡក​ម៉ុងសាយ​បន្តិច​បន្តួច ពីព្រោះ​ដើម្បី​ចូល​រួម​ព្រះ​រាជ​មរណទុក្ខ​ព្រះ​មហា​វីរក្សត្រ​ដែល​លោក​ទើប​សោយ​ព្រះ​ទិវង្គត​ទៅ។

ចំពោះ​ការ​ផ្អាក​កម្មវិធី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នោះ សមាគម​ចិន​កម្ពុជា បាន​គិត​ថា នឹង​មិន​មាន​ផល​ប៉ះពាល់​អ្វី​ធំដុំ​ដល់​ប្រពៃណី​ចិន នៅ​កម្ពុជា​ប៉ុន្មាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។