ការលើកឡើងដូច្នេះ ដោយហេតុផលថា ប្រទេសអាស៊ានមួយចំនួនជាអ្នកនាំចេញអង្ករឈានមុខ និងសមាជិកមួយចំនួនក៏ជាអ្នកនាំចូលអង្ករដែរ។ ក្នុងនោះដែរ កម្ពុជាមានភាពឈ្នះជាមួយបណ្ដាប្រទេសសមាជិកមួយចំនួនក្នុងវិស័យអង្ករនេះ រួមទាំងការវិនិយោគ និងកែច្នៃអង្ករនាំចេញ។
កិច្ចប្រជុំអាជ្ញាធរថ្នាក់ខ្ពស់បំផុតរបស់អាស៊ាន គឺកិច្ចប្រជុំរបស់ប្រមុខរដ្ឋាភិបាលអាស៊ាន ឬកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Submit)។
កាលពីឆ្នាំ១៩៩២ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤ នៅប្រទេសសិង្ហបុរី បានសម្រេចថា ប្រមុខរដ្ឋាភិបាលអាស៊ាននឹងជួបប្រជុំជាផ្លូវការបីឆ្នាំម្ដង ហើយជួបក្រៅផ្លូវការយ៉ាងហោចណាស់ម្ដងក្នុងចន្លោះពេលបីឆ្នាំនោះ ដើម្បីដាក់ចេញនូវទិសដៅ និងការផ្ដួចផ្ដើមគំនិតសម្រាប់សកម្មភាពអាស៊ាន។
បច្ចុប្បន្នប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចប្រារព្ធកិច្ចប្រជុំកំពូលរៀងរាល់ឆ្នាំទៅតាមលំដាប់តួអក្សររបស់ប្រទេសជាសមាជិក ដោយពុំមានកិច្ចប្រជុំក្រៅផ្លូវការទៀតទេ។
នៅដើមខែមេសា ឆ្នាំ២០១២ នេះ កម្ពុជាបានធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន ដោយមានការអានសុន្ទរកថាបើកដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រីបានលើកយកវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ ជាដំណាំសំខាន់ដែលទាមទាការអភិវឌ្ឍបន្ថែម។
លោកមានប្រសាសន៍បន្តថា យោងលើសក្ដានុពលលើវិស័យកសិកម្មនៅក្នុងតំបន់អាស៊ាន មិនត្រឹមតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធានាសន្តិសុខស្បៀងសម្រាប់តំបន់ខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងអាចចូលរួមវិភាគទានដល់ការធានាដល់សន្តិសុខស្បៀងសម្រាប់ពិភពលោកថែមទៀតផង។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា ដើម្បីសម្រេចបានសក្ដានុពលនេះ គឺទាមទារការលើកស្ទួយនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដោយផ្ដោតលើការលើកកម្ពស់កសិកម្ម។
ក្នុងចំណោមប្រទេសអាស៊ានទាំងអស់មានសក្ដានុពលខ្លាំងទាក់ទងការផ្គត់ផ្គង់ស្បៀងអាហារនៅលើពិភពលោក និងម៉្យាងវិញទៀតការធ្វើពាណិជ្ជកម្ម និងវិនិយោគផ្នែកកសិកម្ម ជាពិសេសដំណាំស្រូវ គឺមានសក្ដានុពលខ្លាំងក្នុងចំណោមប្រទេសអាស៊ាន។
បញ្ជាក់បន្ថែមអំពីបញ្ហានេះ ប្រទេសអាស៊ានទាំងអស់ក៏មានសហប្រតិបត្តិការផ្សេងៗត្រូវបានអនុវត្តដើម្បីជំរុញការងារផលិតកម្ម និងពាណិជ្ជកម្មលើផលិតផលកសិកម្ម និងព្រៃឈើ ពីព្រោះវិស័យទាំងនេះមានសារសំខាន់ចំពោះសេដ្ឋកិច្ចអាស៊ានជាច្រើន។ ការព្រមព្រៀងថ្នាក់រដ្ឋមន្ត្រីស្តីពីសហប្រតិបត្តិការរបស់អាស៊ានលើវិស័យម្ហូបអាហារ កសិកម្ម និងព្រៃឈើ នឹងផ្ដល់នូវក្របខ័ណ្ឌសំរាប់សហប្រតិបត្តិការតាមផ្នែកលើវិស័យនេះ។
អនុស្សរណៈនៃការយោគយល់ស្ដីពីសហប្រតិបត្តិការអាស៊ាន លើគ្រោងការជំរុញផលិតផលកសិកម្ម និងព្រៃឈើ ក្នុងគោលបំណងត្រូវបានរៀបចំដើម្បីធ្វើឲ្យប្រសើរឡើងនូវភាពប្រកួតប្រជែងនៃផលិតផលកសិកម្ម និងព្រៃឈើ។ ក្នុងនោះដែរការបម្រុងសន្តិសុខស្បៀងអាស៊ាន គឺកំពុងត្រូវបានពិនិត្យឡើងវិញសំដៅបង្កើតកិច្ចព្រមព្រៀងដ៏ខ្លាំងខ្លាមួយស្ដីពីសន្តិសុខស្បៀង ដើម្បីជំរុញពាណិជ្ជកម្មក្នុងរង្វង់អាស៊ាន និងការជំរុញផលិតកម្មស្បៀង ដោយឈរលើគោលការណ៍ឧត្ដមភាពប្រៀបធៀប។
ទាក់ទងទៅនឹងការនាំចេញនៃវិស័យកសិកម្មនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ថា ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ កម្ពុជាមានសក្ដានុពលខ្លាំងជាងគេ ក្នុងទីផ្សារនាំទំនិញកសិកម្មទៅបណ្ដាប្រទេសអភិវឌ្ឍផ្សេងៗលើសកលលោក ដោយហេតុផលថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍដែលស្ថិតក្នុងការអនុគ្រោះពន្ធរបស់ប្រទេសជឿនលឿនទាំងនោះ ហើយម៉្យាងវិញទៀត បើធៀបទៅនឹងប្រទេសមានការអភិវឌ្ឍតិចតួចមួយចំនួន ដូចជា ឡាវ និង ភូមា ឬមីយ៉ាន់ម៉ា ក៏កម្ពុជាមានភាពឈ្នះដែរ ទាំងការផលិត និងការផ្គត់ផ្គង់ទីផ្សារ។
អ្នកវិភាគកសិកម្ម លោក ស្រី ចន្ធី បានអង្កេតឃើញថា ទីផ្សារអាស៊ានគឺមានទំហំធំសម្រាប់ការនាំចូលកសិផលកសិកម្មមួយចំនួន ដូចជាការនាំចេញអង្ករជាដើមនៅក្នុងទីផ្សារតំបន់អាស៊ាននោះ។ លោកបន្ថែមថា នៅឆ្នាំ២០១៥ ខាងមុខនឹងមានការបើកចំហកាន់តែទូលាយ កម្ពុជាងាយស្រួលក្នុងការនាំចេញអង្ករទៅទីផ្សារអាស៊ាន ប៉ុន្តែទំនិញនាំចេញត្រូវតែមានគុណភាពខ្ពស់ទៅតាមទីផ្សារចង់បាន។
លោក ចន្ធី បន្តថា កម្ពុជាមានភាពប្រកួតប្រជែងឈ្នះជាមួយប្រទេសនានាក្នុងអាស៊ាន ទាក់ទងនឹងដំណាំស្រូវ ដោយសារតែថ្លៃកសិផលដែលទិញនៅនឹងកន្លែងមានតម្លៃទាបជាងគេ។
លោក ស្រី ចន្ធី មានប្រសាសន៍បន្ថែមថា បញ្ហាប្រឈមនានាដែលទាក់ទងនឹងការនាំចេញ គឺថ្លៃកិន ដឹកជញ្ជូន និងសេវាកម្មនាំចេញ ដោយលោកបញ្ជាក់ថា កម្ពុជាបានធ្វើការប្រសើរឡើងនោះ ការប្រកួតប្រជែងរបស់កម្ពុជា គឺកាន់តែខ្លាំង។
ទោះជាយ៉ាងក៏ដោយ កម្ពុជាគ្រោងនឹងសម្រេចឲ្យបានការបង្កើតសហគមន៍តែមួយនៅឆ្នាំ២០១៥ ដោយអនុញ្ញាតឲ្យកត្តាផលិតកម្ម ទំនិញ សេវាកម្ម និងអ្វីផ្សេងៗទៀតចរាចរណ៍ក្នុងតំបន់អាស៊ានដោយសេរី និងរួចពន្ធ។ ទន្ទឹមនឹងនេះដែរ កម្ពុជាគ្រោងនឹងនាំចេញអង្ករឲ្យបានចំនួន ១លានតោន នៅឆ្នាំ២០១៥ ផងដែរ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។