ប្រធានសហភាពសហជីពកម្ពុជា រួមទាំងសហព័ន្ធសហជីពចំនួន ៧ ទៀត ដែលជាសមាជិក គ្រោងនឹងដាក់ញត្តិទៅមេដឹកនាំអាស៊ាន នៅខែកក្កដាខាងមុខ ដើម្បីឲ្យជួយដោះស្រាយបញ្ហាមួយចំនួន ដែលកំពុងកើតមាននៅកម្ពុជា។
បញ្ហាសំខាន់ៗ ដែលគ្រោងនឹងដាក់ញត្តិនោះ រួមមាន បញ្ហាប្រាក់បៀវត្សគ្រូបង្រៀន និងលក្ខខណ្ឌការងារកម្មករ ដែលមានគម្លាតខុសគ្នារវាងប្រទេសក្នុងតំបន់ បញ្ហាអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ បញ្ហាពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលត្រូវគេធ្វើបាប បញ្ហាទាហានថៃបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ បញ្ហាជម្លោះព្រំដែនខ្មែរថៃ និងបញ្ហាព្រំដែនកម្ពុជាវៀតណាមជាដើម។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានប្រសាសន៍ថា នៅពេលប្រជុំកំពូលអាស៊ានបូកនឹងមេដឹកនាំពិភពលោកមួយចំនួន នៅខែកក្កដាខាងមុខ លោកនឹងយកញត្តិនេះ ដាក់ជួនមេដឹកនាំប្រទេសទាំងនោះ និងមេដឹកនាំអាស៊ាន ហើយបើសិនជាគេមិនព្រមទទួលយកញត្តិនេះទេ លោកនឹងប្រមូលផ្ដុំគ្នាហែក្បួននៅពេលនោះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង ដើម្បីសុំបំភ្លឺអំពីករណីនេះបាននៅឡើយទេ នៅថ្ងៃអាទិត្យទី ៨ មេសា។
ការគ្រោងដាក់ញត្តិនេះ គេធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ នៅស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី ៨ មេសា ដែលមានតំណាងសហព័ន្ធសហជីពចំនួន ៧ មកចូលរួម ដើម្បីពិភាក្សាគ្នាអំពីការដាក់ញត្តិនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក រ៉ុង ឈុន បានសង្កត់ធ្ងន់ថា គណៈកម្មាធិការព្រំដែនកម្ពុជា វៀតណាម បានចុះហត្ថលេខារួមគ្នាលើការព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរដីមួយចំនួន នៅតាមបណ្ដោយព្រំដែនកម្ពុជា និងវៀតណាម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១២ វាធ្វើឲ្យកម្ពុជាខាតបង់ ដែលបញ្ហានេះ រដ្ឋាភិបាលត្រូវតែពិចារណាឡើងវិញ។
ឆ្លើយតបទៅនឹងករណីនេះ ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានពន្យល់ កាលពីថ្ងៃទី ៥ មេសាថា រាល់ការចុះកិច្ចព្រមព្រៀងគឺរដ្ឋាភិបាលតែងគោរពតាមបទដ្ឋានច្បាប់មានការប្រយ័ត្នប្រយែង ពីព្រោះថា ខ្លួនត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងប្រវត្តិសាស្ត្រ។
លោក រ៉ុង ឈុន អះអាងថា បានជាសហភាពសហជីពកម្ពុជា គ្រោងនឹងដាក់ញត្តិនៅពេលកិច្ចប្រជុំអាស៊ាន នៅខែកក្កដាខាងមុខ ពីព្រោះថា ប្រទេសនៅក្នុងតំបន់អាស៊ាន ពិសេសមេដឹកនាំសហគមន៍អឺរ៉ុប មានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ាន ក្នុងការជំរុញឲ្យមានការដោះស្រាយនូវរាល់បញ្ហា ដែលលោកបានលើកឡើងនៅក្នុងញត្តិនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។