មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ បានថ្លែងឲ្យដឹងនៅថ្ងៃនេះថា តាមតួលេខដែលប្រជាពលរដ្ឋរងគ្រោះបានដាក់ពាក្យប្តឹងមកអង្គការនោះ មានប្រជាពលរដ្ឋចំនួនជាង ៣.៥០០គ្រួសារដែលបានរងគ្រោះបាត់បង់ដីធ្លីជាកម្មសិទ្ធិរបស់ខ្លួនដោយសារតែការវិវាទបំពានរបស់ក្រុមទាហាន។
លោក ឆេង សុភ័ស្ត មន្ត្រីស៊ើបអង្កេតរបស់អង្គការ លីកាដូ បានមានប្រសាសន៍ឲ្យដឹងថា តួលេខនេះ គ្រាន់តែជាការដកស្រង់របស់អង្គការ លីកាដូ មួយតែប៉ុណ្ណោះ ហើយមានករណីជាច្រើនទៀតដែលអង្គការមិនបានទទួលនោះ។
លោក ឆេង សុភ័ស្ដ មានប្រសាសន៍ដូច្នេះថា ៖ «ក្រុមហ៊ុនខ្លះគាត់ជួលទាហានដើម្បីការពារ ជួនណាក្រុមហ៊ុនហ្នឹងគាត់ត្រូវការអីធ្វើ គាត់ប្រើប្រាស់ទាហាន ហើយជួនកាលទាហានខ្លួនឯងហ្នឹងគាត់យកលេសថា ត្រូវការពង្រីកកន្លែងទាហាន ដីទាហាន ដីសាធារណៈរបស់រដ្ឋ»។
លោកបានថ្លែងបន្តទៀតថា ជាក់ស្តែងករណីជម្លោះរវាងប្រជាពលរដ្ឋនិងក្រុមទាហានកងពលលេខ៣១ នៃខេត្តកំពង់ស្ពឺ នៅក្នុងទឹកដី ស្រុកឈូក ខេត្តកំពត បានធ្វើឲ្យប្រជាពលរដ្ឋ ៣នាក់ រងរបួសធ្ងន់ ២នាក់ រងរបួសស្រាល ហើយក្នុងករណីនោះដែរ តុលាការខេត្តកំពត ចាប់មនុស្ស ៤នាក់ ដាក់ពន្ធនាគារផងដែរ។ ហើយមានករណីផ្សេងៗទៀត ស្រដៀងគ្នានេះដែរ។
លោកបានមានប្រសាសន៍ទៀតថា ក្រុមអ្នកមានជម្លោះជាមួយនឹងប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទាមទារនិងបណ្ដេញប្រជាពលរដ្ឋចេញពីដីដែលពួកគាត់កាន់កាប់នោះ។
លោក ឆេង សុភ័ស្ត មានប្រសាសន៍ថា ៖ «ទាហានគាត់អត់អាចធ្វើខ្លួនឯងបានទេ គាត់ត្រូវប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីធ្វើជាលេសមួយចោទលើតំណាងសហគមន៍។ សហគមន៍គាត់ការពារដីទឹករបស់ខ្លួនគាត់ ហើយទាហានគាត់គ្មានកាតព្វកិច្ចអីដើម្បីទៅចាប់ប្រជាពលរដ្ឋ អ៊ីចឹងគាត់ត្រូវប្រើប្រាស់ប្រព័ន្ធតុលាការ។ គាត់ចេះតែចោទតំណាងសហគមន៍ទៅ ថាអ៊ីចេះ ថាអ៊ីចុះ ឬយកលេសអីផ្សេងៗ ថាប្រជាពលរដ្ឋបង្ករបួសស្នាម ប្រជាពលរដ្ឋបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ គាត់ធ្វើលេសដើម្បីឲ្យប្រជាពលរដ្ឋប្រគល់ដីធ្លីទៅឲ្យគាត់»។
លោក ឆេង សុភ័ស្ត បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋតែងតែមានការភ័យខ្លាចនៅពេលដែលមានដំណឹងថា តំបន់របស់គាត់រស់នៅមានគម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗនោះ។ ជាពិសេស នៅពេលដែលមានក្រុមប្រដាប់អាវុធជាអ្នកការពារតំបន់អភិវឌ្ឍន៍នោះ។
ចំណែកឯអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងលោក សុន ឆ័យ បានមានប្រសាសន៍ឲ្យដឹងថា ការប្រព្រឹត្តរបស់ក្រុមទាហានមួយចំនួននោះ គឺជាអំពើខុសច្បាប់ដោយសារតែសមត្ថកិច្ចមួយចំនួនតូចនោះ បានប្រព្រឹត្តផ្ទុយពីតួនាទីនិងកាតព្វកិច្ចការពារជាតិមាតុភូមិនោះ។
លោក សុន ឆ័យ មានប្រសាសន៍ដូច្នេះថា ៖ «យើងយល់អំពីតួនាទីរបស់កងទ័ព គឺការពារជាតិ ការពារទឹកដីនិងការពារប្រជាពលរដ្ឋ។ ហើយបើទាហានទៅស៊ីឈ្នួល ឬក៏ទៅយកអំណាចយោធាទៅយកដីប្រជារាស្រ្ដ អាហ្នឹងគឺជាអំពើខុសច្បាប់ធ្ងន់ធ្ងរណាស់ ព្រោះយើងបានធ្វើផ្ទុយនឹងភារកិច្ចរបស់យោធា។ ហើយកន្លងទៅនេះ យើងឃើញមានឈ្មួញជាអ្នករកស៊ីដីប្រើប្រាស់កងប្រដាប់អាវុធហ្នឹងទៅបាញ់សម្លាប់រហូតដល់ដុតផ្ទះសម្បែង រឹបអូសយកដីប្រជារាស្រ្ដ គឺជាចលនាប្រដាប់អាវុធ ប្រព្រឹត្តឧក្រិដ្ឋកម្ម។ ពួកនេះត្រូវយកទៅផ្ដន្ទាទោសជាទម្ងន់ ទាំងថៅកែ ទាំងទាហានទាំងអស់ហ្នឹង»។
លោកបានមានប្រសាសន៍ទៀតថា នេះគឺជារឿងដែលអាចអាប់ឱនកិតិ្តយសដល់កងយោធពលខេមរភូមិន្ទនិងសមត្ថកិច្ចមួយចំនួនទៀត ហើយគួរតែរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងស្ថាប័នសាមីចាត់វិធានការឲ្យបានច្បាស់លាស់និងមានប្រសិទ្ធភាព ជៀសវាងការចោទប្រកាន់ពីមជ្ឈដ្ឋានសាធារណៈថា កងកម្លាំងប្រដាប់អាវុធទៅបំពានយកដីធ្លីរបស់ប្រជាពលរដ្ឋនិងការពារផលប្រយោជន៍ឲ្យក្រុមហ៊ុនឯកជន ប្រើអំពើហិង្សាលើប្រជាពលរដ្ឋនោះ។
លោក សុន ឆ័យ បានមានប្រសាសន៍ទៀតថា លោកមានការសោកស្តាយដោយសារតែបញ្ហានេះ ថ្នាក់ដឹកនាំហាក់ព្រងើយកន្តើយនិងមិនយកចិត្តទុកដាក់ដោះស្រាយនោះ ៖ «យើងសង្កេតឃើញថា ការដោះស្រាយទាំងនេះគឺមិនមានការទទួលខុសត្រូវទេ ដែលចាំបាច់យើងត្រូវតែមានការចុះពិនិត្យពីរដ្ឋាភិបាល ត្រូវបង្កើតគណៈកម្មការចុះពិនិត្យ ដើម្បីយកពួកខិលខូចនេះមកផ្ដន្ទាទោស ពីព្រោះវាខុសពីវិន័យរបស់កងទ័ព សូម្បីតែពលរដ្ឋធម្មតាក៏លោកងឿងឆ្ងល់ដែរថា ហេតុអីបានកងប្រដាប់អាវុធដែលគេឲ្យអាវុធដើម្បីការពារសន្តិសុខដល់ជាតិ ដល់កិច្ចការពារដល់ប្រជាពលរដ្ឋ បែរជាយកកាំភ្លើង យកអំណាច មកបាញ់ មកសម្លាប់ បំផ្លាញទ្រព្យសម្បត្តិប្រជារាស្រ្ដ ដែលផ្ទុយអំពីគោលការណ៍រដ្ឋាភិបាល ដែលមានភារកិច្ចផ្ដល់ជម្រក ផ្ដល់ដីធ្លីដល់ពលរដ្ឋឲ្យរស់នៅបានសមរម្យ»។
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ីបានមានប្រសាសន៍ឲ្យដឹងទៀតថា ការកើតឡើងនៃទំនាស់រវាងប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលការពារឲ្យក្រុមហ៊ុនឯកជននោះ គឺដោយសារតែក្រុមមេៗនៃស្ថាប័នទាំងនោះមានផលប្រយោជន៍នៅក្នុងរឿងទំនាស់។
ឆ្លើយតបនឹងករណីទាំងនោះលោក ជាម យៀប អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ទទួលស្គាល់ថា មានករណីនេះបានកើតឡើងប្រាកដមែន ៖ «គ្រាន់តែថា នៅពេលអ្នកដែលគេមានលុយកាក់អ៊ីចឹងទៅ ជួនកាលគេនិយាយជាមួយមេបញ្ជាការ ជួនកាលគេបាននិយាយជាមួយសាមីខ្លួន ឆ្លៀតឱកាសដើម្បីទៅរកនៅក្រៅ ដើម្បីមកបំប៉នជីវភាពរស់នៅប្រចាំថ្ងៃអីហ្នឹង យើងរកបន្ទោសមិនកើតទេ។ បើតាមត្រឹមត្រូវគឺថា ប្រាក់បៀវត្សរ៍ដែលរដ្ឋបានផ្ដល់ជូន លោកបំពេញភារកិច្ច ករណីយកិច្ច កាតព្វកិច្ចរបស់លោកដើម្បីការពារជាតិ ការពារអីក្រោមការដឹកនាំរបស់មេបញ្ជាការគ្រប់ថ្នាក់របស់លោក»។
លោកបានមានប្រសាសន៍ទៀតថា ការកើតមានជម្លោះរវាងប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនឯកជន ឬជាមួយនឹងសមត្ថកិច្ចប្រដាប់អាវុធនោះ គឺក្នុងកំឡុងពេលដែលតម្លៃដីធ្លីបានឡើងថ្លៃខ្ពស់នោះ ហើយលោកបញ្ជាក់ទៀតថា ជម្លោះទាំងនោះនឹងកាត់បន្ថយច្រើននៅក្នុងឆ្នាំ២០០៩។
អ្នកតំណាងរាស្ត្រ ជាម យៀប បានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលមិនព្រងើយកន្តើយក្នុងការដោះស្រាយជូនប្រជាពលរដ្ឋនោះទេ បើទោះបីជាស្ថានភាពជម្លោះនោះបានកើតឡើងដោយរបៀបណាក៏ដោយ។
លោក ជាម យៀប មានប្រសាសន៍ថា ៖ «ខ្ញុំសូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកអត់ព្រងើយកន្តើយទេ លោកបានលើកឡើងហើយថា បញ្ហាដីធ្លីជាបញ្ហាក្ដៅគគុក ដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវតែតាមដានត្រួតពិនិត្យឲ្យបានដិតដល់។ ពេលខ្លះ លោកលើកឡើងថា កុំថាផ្កាយមួយ ផ្កាយពីរ ផ្កាយបី ផ្កាយ៤ សូម្បីពាក់លោកខែ ក៏លោកចាំបាច់ត្រូវតែធ្វើការវះកាត់ឲ្យបានទាន់ពេលវេលា បើមានប៉ះពៀរជាមួយនឹងប្រជាកសិករ។ ទន្ទឹមនឹងនេះ យើងឃើញថា នៅក្នុងទីស្ដីការគណៈរដ្ឋមន្រ្តី លោកបានរៀបចំនូវគណៈកម្មការជាតិដោះស្រាយជម្លោះ ទំនាស់ដីធ្លី យើងមានតុលាការរបស់យើង គ្រប់ជាន់ថ្នាក់ ដែលជាអ្នកត្រូវរកមជ្ឈត្តករ គឺសម្រាប់ដោះស្រាយបញ្ហាទំនាស់គ្រប់បែបយ៉ាងទាំងអស់»។
លោកបានមានប្រសាសន៍ទៀតថា សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំពុងតែស្រាវជ្រាវនិងដោះស្រាយជាបណ្តើរៗនូវរាល់ជម្លោះជូនប្រជាពលរដ្ឋ។
ចំណែកឯមន្ត្រីស៊ើបអង្កេតនៃអង្គការ លីកាដូ លោក ឆេង សុភ័ស្ត បានឲ្យដឹងថា សមត្ថកិច្ចដែលជាអ្នកល្មើសតែងតែរួចខ្លួន ដោយមិនដែលបានផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឡើយ ដោយធើ្វឲ្យប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាកាន់តែធ្លាក់ចុះ៕