ស្លាប់​៤​នាក់ របួស​៨​នាក់ នៅ​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​ត្រាក់ទ័រ​នៅ​ខេត្ត​រតនគិរី

សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍ និយាយ​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន ៤​នាក់​បាន​ស្លាប់​និង ៨​នាក់ រង​របួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​ក្រឡាប់​ត្រាក់ទ័រ​សណ្ដោង​ដែល​ដឹក​កម្មករ​ជិត ២០​នាក់ នៅឯ​ឃុំ​កាចុង ស្រុក​បរកែវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ចន្ទ ទី​១១ សីហា ឆ្នាំ​២០០៨​នេះ។

0:00 / 0:00

ប្រភព​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ដែល​ស្លាប់​និង​របួស សុទ្ធសឹង​តែ​ជា​ក្រុម​កម្មករ​លក់​ពលកម្ម ដែល​ត្រូវ​បាន​គេ​នាំ​មក​ពី​ខេត្ត​កំពង់ចាម​និង​ខេត្ត​តាកែវ ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ឈ្មោះ ឌីអឹម​ហ្រ្គុប ដើម្បី​ដាំ​កៅស៊ូ។

សាក្សី​ក្នុង​ហេតុការណ៍ ឈ្មោះ ព្រំ សារី ដែល​កូន​គាត់​អាយុ ៣​ឆ្នាំ បាន​ស្លាប់​និង​ប្រពន្ធ​គាត់ រង​របួស​បាក់​ជើង មាន​ប្រសាសន៍​បញ្ជាក់​ពី​ហេតុការណ៍ ៖ «គេ​ចង់​ឲ្យ​តៃកុង​ចាស់​បើក អ្នក​ហ្នុង គេ​មិន​សុខ​ចិត្ត គេ​ឡើង​មក​បើក​ខ្លួន​ឯង​តែ​ម្ដង រហូត​មក​ដល់​ចំណុច​គ្រោះថ្នាក់​ហ្នឹង កម្មករ​ទាំង​អស់ ឲ្យ​តៃកុង​ហ្នឹង​ឈប់ តៃកុង​ហ្នឹង​អត់​ឈប់​ទេ បើក​បោក​កន្ទុយ​ក្រឡាប់ ទាញ​អាត្រាក់​ហ្នឹង​បោក​ក្រឡាប់​តែ​ម្ដង សង្កត់​លើ​សាកសព​ទាំង ៤​ហ្នឹង»

ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ផែន ឌីណា មាន​ប្រសាសន៍​ថា តាម​របាយការណ៍​ពី​ប៉ូលិស​មូលដ្ឋាន ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ កើត​ឡើង​នៅ​ចំណុច​ជម្រាល​ផ្លូវ​ចង្កេះ​ភ្នំ​មួយ នៅភូមិ​លើហន់ ខណៈពេល​ត្រាក់ទ័រ​ដឹក​ជញ្ជូន ក្រុម​គ្រួសារ​កម្មករ​ពី​ការដ្ឋាន​ដាំ​កៅស៊ូ ក្នុង​បំណង​ទៅ​ផ្សារ​ឯ​ទីរួម​ស្រុក​បរកែវ ដើម្បី​ទិញ​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់​ខ្លួន។ លោក​ថា ប៉ូលិស​បាន​អន្តរាគមន៍​សង្រ្គោះ​អ្នក​របួស​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ជា​បឋម និង​ធ្វើ​របាយការណ៍​អំពី​ករណី​នេះ​តាម​ផ្លូវ​ច្បាប់។

លោក ផែន ឌីណា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គេ​យក​ចិត្ត​ទុក​ដាក់​ហើយ ម៉េចៗ យើង​ទាក់ទង​តាម​ហ្នឹង​ឲ្យ​មែនទែន ព្រោះ​អី​តៃកុង​វា​ស្លាប់​ហើយ អ៊ីចឹង​ខាង​ក្រុមហ៊ុន​ហ្នឹង​ហើយ អ្នក​ទទួល​ខុស​ត្រូវ​ហ្នឹង»

តាម​សាក្សី​បញ្ជាក់​ថា ជនរងគ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ ឌឿន ជា​អ្នក​បើកបរ​មាន​ទី​លំនៅ​នៅ​ភូមិ​ព្រៃធំ ឃុំ​ពេជ្រផ្សារ ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ ឈ្មោះ ភារៈ អាយុ ៣​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំងឈូក ឃុំ​ត្រឡាច ស្រុក​ត្រាំង ខេត្ត​តាកែវ និង​ពីរ​នាក់​ទៀត ជា​ម្ដាយ​កូន ឈ្មោះ យឹម សុខា អាយុ ៣៩​ឆ្នាំ និង​កូនស្រី​ឈ្មោះ ជិត ណៃគ្រី អាយុ ១៥​ឆ្នាំ មក​ពី​ខេត្ត​កំពង់ចាម។ បច្ចុប្បន្ន សាកសព​ពួកគេ​ត្រូវ​បាន​រក្សាទុក​នៅ​វត្ត​ឯ​ទី​រួមស្រុក រង់ចាំ​ស្វែងរក​ក្រុម​គ្រួសារ។

ប្រធាន​ការដ្ឋាន​ក្រុមហ៊ុន ឌីអឹម ហ្រ្គុប ឈ្មោះ ម៉ុល មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​កំពុង​ទទួល​ខុស​ត្រូវ​ក្នុង​ការរៀបចំ​សាកសព​អ្នក​ស្លាប់ ក៏​ប៉ុន្តែ​ទាក់ទិន​ចំពោះ​ការទទួល​ខុស​ត្រូវ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ លោក​ពុំ​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ ៖ «មិនដឹង​សង ឬ​យ៉ាង​ម៉េច ខ្ញុំ​មិន​ទាន់​បាន​ជួប​និយាយ​គ្នា​ទេ។ ឥឡូវ​មធ្យោបាយ យើង​រៀបចំ​សាកសព​ស្រួលបួល​សិន បើ​បង​ប្អូន​ព្រម​ថា ឥឡូវ​ធ្វើ​បុណ្យ​នៅ​ហ្នឹង ក៏​យើង​ក្រុមហ៊ុន​ធ្វើ​បុណ្យ​ទៅ»

គួរ​បញ្ជាក់​ដែរ​ថា នៅ​ខេត្ត​រតនគិរី ផ្លូវ​គមនាគមន៍​ចេញ​ទៅ​តាម​ស្រុក​គឺ​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម ហើយ​ត្រូវ​ឡើង​ចំណោទ​ភ្នំ​ខ្ពស់​ៗ​ទៀត​ផង។

បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​ការដឹក​ជញ្ជូន​កម្មករ​ពី​បណ្ដា​ខេត្ត​មក​ធ្វើការ​តាម​ការដ្ឋាន​នានា ក្នុង​ខេត្ត​នេះ ហើយ​ការដឹក​ជញ្ជូន​ច្រើន​ធ្វើ​ឡើង​តាមរយៈ​រទេះ​គោយន្ត ឬ​ត្រាក់ទ័រ​សណ្ដោង​រ៉ឺម៉ក ឡើង​ជម្រាល​ភ្នំ ធ្វើ​ឲ្យ​រអិល​គ្រោះថ្នាក់​ជា​ញឹកញាប់។

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស រាយការណ៍​ថា ការទទួល​ខុស​ត្រូវ​ខាង​សំណង ភាគ​ច្រើន​មិន​បាន​ធ្វើ​ត្រឹមត្រូវ​សម្រាប់​ជន​រងគ្រោះ​នោះ​ឡើយ៕