លោក រស់ សុឃិត បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីក្នុងពន្ធនាគារព្រៃស នៅថ្ងៃទី៤ តុលា ដោយទទូចសុំទៅលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានឲ្យជួយអន្តរាគមន៍ទៅតុលាការ ដើម្បីដោះលែងរួបគាត់ឲ្យបានឆាប់ៗ ព្រោះលោកកំពុងតែមានបញ្ហាសុខភាព ហើយថា លោកគ្មានទោសកំហុសអ្វីធ្ងន់ធ្ងរនោះទេ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងទៅលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាច្រើនលើកតាមទូរស័ព្ទ នៅថ្ងៃទី៤ តុលា ប៉ុន្តែលោកមិនបានធ្វើអធិប្បាយអំពីករណីនេះទេ ដោយលោកប្រាប់ថាជាប់រវល់។
លោក រស់ សុឃិត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៨ តុលា ឆ្នាំ២០០៩ ហើយសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្ដី បន្ទាប់ពីគេចាប់ខ្លួនលោកមួយថ្ងៃ គឺនៅពីថ្ងៃទី២៩ តុលា ឆ្នាំ២០០៩ ដដែល ដោយបានកាត់ទោសឲ្យលោកជាប់គុកចំនួន២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៩លានរៀលផ្សេងទៀត ពីបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ តាមបណ្ដឹងរបស់លោក សយ សុភាព អតីតអគ្គនាយកវិទ្យុដើមអំពិល។
លោក សយ សុភាព បានបដិសេធថា លោកមិនដែលបានប្ដឹងអ្នកសារព័ត៌មានណាម្នាក់នោះទេ ប៉ុន្តែពេលនោះ លោកគ្រាន់តែប្ដឹងទៅអគ្គស្នងការនគរបាលជាតិឲ្យជួយវែកមុខបុគ្គលណា ដែលបានផ្ញើសារគំរាមលោកទេ។
ទោះជាមានការអះអាងយ៉ាងនេះក្ដី មេធាវីរបស់លោក រស់ សុឃិត លោក សោម គង់ បានបញ្ជាក់ថា កូនក្តីរបស់លោកឈ្មោះ រស់ សុឃិត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកាត់ទោសឲ្យជាប់គុកតាមបណ្ដឹងរបស់លោក សយ សុភាព។
លោក សោម គង់ បានបញ្ជាក់ទៀតថា សាលាឧទ្ធរណ៍ធ្លាប់បានលើកពេលសវនាការករណីលោក រស់ សុឃិត ម្ដងរួចមកហើយ កាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ២០១០ ដោយសារតែលោកមិនបានទទួលលិខិតជួនដំណឹងពីតុលាការ ហើយសាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការនៅថ្ងៃទី១៥ តុលារខាងមុខនេះ។
អគ្គលេខាធិការសមាគមកម្ពុជាការពារអ្នកកាសែត និងជាអ្នកនាំពាក្យ លោក នេត្រ ភក្ត្រា ក៏បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានជួយលោក រស់ សុឃិត ផងដែរ ដោយលោកបានលើកឡើងថា សមាគមកម្ពុជាការពារអ្នកកាសែត មិនចង់ឲ្យអ្នកសារព័ត៌មានណាម្នាក់ជាប់គុក ដោយសារតែរឿងបញ្ចេញមតិនោះទេ។
របាយការណ៍របស់សមាគមកម្ពុជាការពារអ្នកកាសែត បានបង្ហាញថា គិតពីខែឧសភា ឆ្នាំ២០០៨ ដល់ខែឧសភា ឆ្នាំ២០០៩ មានករណីប្ដឹងផ្ដល់អ្នកកាសែត ២ករណី ហើយគិតពីខែឧសភា ឆ្នាំ២០០៩ ដល់ខែឧសភា ឆ្នាំ២០១០ បានកើនឡើងដល់ ១០ករណី ក្នុងនោះ អ្នកសារព័ត៌មានត្រូវបានគេចាប់ខ្លូង ២៤នាក់ និង២នាក់ ត្រូវបានគេប្ដឹងពីបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ រួមមានលោក រស់ សុឃិត និងលោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក។ ប៉ុន្តែលោក ហង្ស ចក្រា ត្រូវបានគេដោះលែងវិញហើយ កាលពីខែមេសា ឆ្នាំ២០១០៕