អ្នក​កាសែត​រស់​សុឃិត​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​នៅ​ក្រៅ​ឃុំ

អ្នក​យក​ព័ត៌មាន​មួយ​រួប​ឈ្មោះ រស់ សុឃិត ដែល​កំពុង​ជាប់​ពន្ធនាគារ​បាន​ស្វះ​ស្វែង​រក​អន្តរាគមន៍​ឲ្យ​គេ​ជួយ​ដោះ​លែង ​ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​ជាប់​ឃុំ​អស់​រយៈ​ពេល ១១​ខែ​កន្លង​មក។

0:00 / 0:00

លោក រស់ សុឃិត បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ពី​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​៤ តុលា ដោយ​ទទូច​សុំ​ទៅ​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ ដើម្បី​ដោះ​លែង​រួប​គាត់​ឲ្យ​បាន​ឆាប់ៗ ព្រោះ​លោក​កំពុង​តែ​មាន​បញ្ហា​សុខភាព ហើយ​ថា លោក​គ្មាន​ទោស​កំហុស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​ទៅ​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ជា​ច្រើន​លើក​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​៤ តុលា ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​អធិប្បាយ​អំពី​ករណី​នេះ​ទេ ដោយ​លោក​ប្រាប់​ថា​ជាប់​រវល់។

លោក រស់ សុឃិត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០០៩ ហើយ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី បន្ទាប់​ពី​គេ​ចាប់​ខ្លួន​លោក​មួយ​ថ្ងៃ គឺ​នៅ​ពី​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០០៩ ដដែល ដោយ​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​គុក​ចំនួន​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៩​លាន​រៀល​ផ្សេង​ទៀត ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារកេរ្តិ៍ តាម​បណ្ដឹង​របស់​លោក សយ សុភាព អតីត​អគ្គ​នាយក​វិទ្យុ​ដើម​អំពិល។

លោក សយ សុភាព បាន​បដិសេធ​ថា លោក​មិន​ដែល​បាន​ប្ដឹង​អ្នក​សារព័ត៌មាន​ណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​ពេល​នោះ លោក​គ្រាន់​តែ​ប្ដឹង​ទៅ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ឲ្យ​ជួយ​វែក​មុខ​បុគ្គល​ណា ដែល​បាន​ផ្ញើ​សារ​គំរាម​លោក​ទេ។

ទោះ​ជា​មាន​ការ​អះ​អាង​យ៉ាង​នេះ​ក្ដី មេធាវី​របស់​លោក រស់ សុឃិត លោក សោម គង់ បាន​បញ្ជាក់​ថា កូន​ក្តី​របស់​លោក​ឈ្មោះ រស់ សុឃិត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​គុក​តាម​បណ្ដឹង​របស់​លោក សយ សុភាព។

លោក សោម គង់ បាន​បញ្ជាក់​ទៀត​ថា សាលាឧទ្ធរណ៍​ធ្លាប់​បាន​លើក​ពេល​សវនាការ​ករណី​លោក រស់ សុឃិត ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១០ ដោយ​សារ​តែ​លោក​មិន​បាន​ទទួល​លិខិត​ជួន​ដំណឹង​ពី​តុលាការ ហើយ​សាលាឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៥ តុលារ​ខាង​មុខ​នេះ។

អគ្គ​លេខាធិការ​សមាគម​កម្ពុជា​ការ​ពារ​អ្នក​កាសែត និង​ជា​អ្នក​នាំ​ពាក្យ លោក នេត្រ ភក្ត្រា ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ជួយ​លោក រស់ សុឃិត ផង​ដែរ ដោយ​លោក​បាន​លើក​ឡើង​ថា សមាគម​កម្ពុជា​ការ​ពារ​អ្នក​កាសែត មិន​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ជាប់​គុក ដោយសារ​តែ​រឿង​បញ្ចេញ​មតិ​នោះ​ទេ។

របាយការណ៍​របស់​សមាគម​កម្ពុជា​ការ​ពារ​អ្នក​កាសែត បាន​បង្ហាញ​ថា គិត​ពី​ខែ​ឧសភា ឆ្នាំ​២០០៨ ដល់​ខែ​ឧសភា ឆ្នាំ​២០០៩ មាន​ករណី​ប្ដឹង​ផ្ដល់​អ្នក​កាសែត ២​ករណី ហើយ​គិត​ពី​ខែ​ឧសភា ឆ្នាំ​២០០៩ ដល់​ខែ​ឧសភា ឆ្នាំ​២០១០ បាន​កើន​ឡើង​ដល់ ១០​ករណី ក្នុង​នោះ អ្នក​សារព័ត៌មាន​ត្រូវ​បាន​គេ​ចាប់​ខ្លូង ២៤​នាក់ និង​២​នាក់ ត្រូវ​បាន​គេ​ប្ដឹង​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារកេរ្តិ៍ រួម​មាន​លោក រស់ សុឃិត និង​លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក។ ប៉ុន្តែ​លោក ហង្ស ចក្រា ត្រូវ​បាន​គេ​ដោះ​លែង​វិញ​ហើយ កាល​ពី​ខែ​មេសា ឆ្នាំ​២០១០៕