ក្រុមហ៊ុន Royal Group គ្រោង​សង់​អាកាសយានដ្ឋាន​នៅ​លើ​កោះ​រុង​ក្នុង​ខេត្ត​ព្រះ​សីហនុ

ប្រធាន​ក្រុមហ៊ុន Royal Group គឺ​ឧកញ៉ា គិត ម៉េង បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ២៩ កក្កដា ថា ក្រុមហ៊ុន​លោក​កំពុង​ឈូស​ឆាយ​ផ្ទៃ​ដី​ដើម្បី​សង់​អាកាសយានដ្ឋាន​នៅ​លើ​កោះ​រុង​ដែល​ជា​កោះ​ធំ​ជាង​គេ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។

លោក​ប្រាប់​កាសែត​ថា លោក​បាន​នាំ​គ្រឿង​ចក្រ​ប៊ុលដូហ្ស៊ែ​៤០​គ្រឿង​ដើម្បី​ឆ្ការ​ឈូស​ឆាយ​សម្អាត​កោះ​នោះ​សង់​ផ្លូវ។

ឧកញ៉ា គិត ម៉េង បាន​នាំ​ឧកញ៉ា ភូ កុកអាន ថៅកែ​កាស៊ីណូ និង​ជា​សមាជិក​ព្រឹទ្ធសភា​ពី​បក្ស​ប្រជាជន​កម្ពុជា ទៅ​សិក្សា​អំពី​ផែនការ​ដាក់​ទុន​ជាមួយ​គ្នា។

យោង​តាម​កាសែត​នេះ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​សម្បទាន​អាជីវកម្ម​រយៈពេល​៩៩​ឆ្នាំ​កាលពី​ឆ្នាំ​២០០៨ ដល់​ក្រុមហ៊ុន Royal Group៕