លិខិតចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ បានសរសេរដែរថា បើគណបក្សថ្មីនេះកើតចេញជារូបរាង តំណែងប្រធានបក្សរាជានិយមថ្មីឈ្មោះ ហ៊្វុនស៊ិនប៉ិច៨១ ត្រូវតែប្រគល់ឲ្យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធានបក្ស។
លោក ប៉ែន សង្ហា តំណាងគណបក្ស នរោត្តម រណឫទ្ធិ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូថា ៖ «ខ្ញុំមិននិយាយថា យល់ព្រមទេ ប៉ុន្តែខ្ញុំសុំនិយាយថា ឯកឧត្តម កែវ ពុទ្ធរស្មី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១០ បានជួបពិភាក្សាជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយបានយល់ឃើញថា ចង់ឲ្យមានការបង្រួបបង្រួមគណបក្សរាជានិយមឲ្យទៅជាគណបក្សរាជានិយមតែមួយ ក្រោមឈ្មោះថា ហ៊្វុនស៊ិនប៉ិច៨១»។
អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បានប្រសាសន៍ថា លិខិតពីគណបក្ស នរោត្តម រណឫទ្ធិ ទើបផ្ញើមកថ្មីគណបក្សហ៊្វុនស៊ិនប៉ិច មិនទាន់បានទទួលនៅឡើយទេ។
លោកថា ទោះជាយ៉ាងណា គណបក្សហ៊្វុនស៊ិនប៉ិច នៅតែប្រកាន់ជំហរមិនទទួលយកសំណើបន្ថែមឈ្មោះគណបក្សមានកន្ទុយលេខ៨១ទេ ៖ «បើចង់បង្រួបបង្រួមគ្នាដដែលទេ ចាំបាច់មាន៨១ ៨២អី យើងចេញពីផ្ទះតែមួយ ជាមួយតែគ្នាដដែល»។
តំណាងគណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា ឲ្យដឹងថា កាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១០ គណបក្ស នរោត្តម រណឫទ្ធិ បានឃើញលិខិតជូនដំណឹងថា គណបក្សហ៊្វុនស៊ិនប៉ិច មិនទទួលយកការស្នើសុំបង្រួបបង្រួមគណបក្សទាំង២នោះទេ។ នៅថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០១០ ទើបមានលិខិតផ្លូវការពីគណបក្សហ៊្វុនស៊ិនប៉ិច ផ្ញើជូនគណបក្ស នរោត្តម រណឫទ្ធិ ថា មិនទទួលយកសំណើឈ្មោះគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានលេខ៨១ នៅកន្ទុយនោះទេ។
លោកបានពន្យល់ថា លេខ៨១ គឺជាឆ្នាំកំណើតបង្កើតរណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្យសន្តិភាព និងសហប្រតិបត្តិការជាភាសាបារាំង ហៅថា FUNCINPIC ដែលបានកើតឡើងពីថ្ងៃ២១ ខែមីនា ឆ្នាំ១៩៨១ កាលនោះ បង្កើតដោយសម្ដេចឳ។ នៅឆ្នាំ១៩៩២ ខែមិថុនា រណសិរ្សនេះ បានប្ដូរឈ្មោះជាគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីបោះឆ្នោតឆ្នាំ១៩៩៣ រហូតមក។
លោក ប៉ែន សង្ហា សម្ដែងការសោកស្ដាយថា គណបក្សហ៊្វុនស៊ិនប៉ិច មិនគួរប្រញាប់ច្រានចោលសំណើរបស់គណបក្ស នរោត្តម រណឫទ្ធិនោះទេ។
លោកបន្តថា ៖ «បើសិនជាយើងពិតជាមានបំណងឲ្យមានការរួបរួមគ្នានោះ យើងគួរតែស្នើឲ្យមានការចរចាអ៊ីចេះអ៊ីចុះសិនទៅ បានវាជាការល្អមើល ប្រសើរជាងការច្រានចោល។ មានន័យថា បើការច្រានចោល មានន័យថា ទ្វារហាក់ដូចជាបិទ»។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍ថា មិនចោទជាបញ្ហាចំពោះការរួមគណបក្សគ្នាបង្កើតឈ្មោះគណបក្សថ្មីនោះទេ។ ប្រសិនបើគណបក្សទាំង២ ចង់រួបរួមគ្នាមែននោះ អ្វីដែលសំខាន់ គឺលើយុទ្ធសាស្ត្រ និងឧត្ដមគតិរួមគ្នា ដើម្បីផលប្រយោជន៍រួមគ្នាទើបជាការសំខាន់។
មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច មួយចំនួនទៀត សម្ដែងយោបល់ថា ប្រសិនបើមេគណបក្សទាំង២ បានចរចាគ្នាត្រូវរ៉ូវ បង្កើតគណបក្សរាជានិយមថ្មី ពួកគាត់ខ្លះគាំទ្រឲ្យសម្ដេចក្រុមព្រះដឹកនាំ ក៏ប៉ុន្តែអាចមានបញ្ហាប៉ះពាល់អំណាចថ្នាក់ដឹកនាំគណបក្សទាំង២ នៅមូលដ្ឋាននានា៕