បវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០១១-២០១២ បានចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១ ខែតុលា។ បវេសនកាលឆ្នាំនេះ មន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធវិស័យអប់រំ និងថ្នាក់ដឹកនាំរដ្ឋាភិបាល បានជំរុញឲ្យថ្នាក់ដឹកនាំក្រសួងអប់រំត្រូវយកចិត្តទុកដាក់ពង្រឹងលើវិស័យអប់រំឲ្យមានគុណភាពល្អ។
លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកឲ្យដឹងថា បវេសនកាលឆ្នាំថ្មីនេះ លោកចង់ឲ្យក្រសួងអប់រំ និងរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអប់រំថ្មី ដើម្បីជំរុញឲ្យគុណភាពអប់រំមានតម្លៃជាលក្ខណៈអន្តរជាតិ។
លោកបន្តថា វិស័យសិក្សាធិការអប់រំកម្ពុជាសព្វថ្ងៃនេះ មានតែបរិមាណ ដូចជាសាលារៀន និងចំនួនសិស្សកើនឡើងច្រើន ប៉ុន្តែគុណភាព ឬកម្មវិធីសិក្សារបស់ក្រសួងអប់រំ មិនបានផ្ដល់ជំនាញពិតប្រាកដដល់សិស្ស-និស្សិត ក្រោយបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ ឬមហាវិទ្យាល័យនោះទេ ៖ «វិស័យអប់រំនៅកម្ពុជាកំពុងប្រឈមនឹងហានិភ័យ។ មានន័យថាគ្មានគុណភាព បើធៀបនឹងបណ្ដាប្រទេសនៅក្នុងតំបន់យើង កំពុងជួបនូវហានិភ័យ។ ហើយបើក្រសួងមិនបានធ្វើការកែលម្អទេនៅក្នុងរយៈពេល ៣ទៅ ៥ឆ្នាំទៅមុខទៀត វិស័យអប់រំនិងជួបវិបត្តិដោយគ្មានសិស្សរៀន គឺមានតែសាលា និងគ្រូ សិស្សនឹងរត់ចូលទៅសាលាឯកជន ដោយសារតែសាលាឯកជនមួយចំនួនគេបានពង្រឹង គេមានលក្ខណៈប្រសើរជាងសាលារដ្ឋ»។
លោក រ៉ុង ឈុន អះអាងថា គុណភាពអប់រំធ្លាក់ចុះនេះ អាចបណ្ដាលមកពីអំពើពុករលួយកើតមានក្នុងវិស័យនេះ។
ដូចគ្នាដែរ លោក កែវ ថៃ គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ លោកក៏ចង់ឲ្យក្រសួងអប់រំជួយពង្រឹងគុណភាពអប់រំ ដែលកំពុងរងការរិះគន់នេះដែរ។ លោកបន្តថា គុណភាពអប់រំនៅកម្ពុជានឹងមិនអាចមានការរីកចំរើនទេ បើប្រាក់ខែគ្រូបង្រៀនរដ្ឋាភិបាលមិនបានជួយគិតគូរទេនោះ។
គ្រូបង្រៀនរូបនេះបានថ្លែងថា វិស័យអប់រំកម្ពុជាឃើញមានចំនួនសាលារៀន និងចំនួនសិស្សពី១ឆ្នាំទៅ១ឆ្នាំកើនឡើង ប៉ុន្តែកើនតែបរិមាណទេ ឯគុណភាពសិក្សាមិនរីកចម្រើននោះឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីក្រសួងអប់រំដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ពីការធ្លាចុះគុណភាពអប់រំបានទេនៅថ្ងៃទី១ ខែតុលា។ ប៉ុន្តែសេចក្ដីប្រកាសរបស់ក្រសួងអប់រំចុះថ្ងៃទី២៩ ខែកញ្ញា បានបង្ហាញថា ប្រទេសកម្ពុជា បានបង្កើតឲ្យមានសាលារៀនចំនួន ១០.៥០៧សាលា កំពុងជំរុញឲ្យវិស័យអប់រំនៅកម្ពុជាវិវឌ្ឍឈានឡើង។
ក្រសួងក៏បានបញ្ជាក់ថា បវេសនកាលឆ្នាំនេះ មានសាលាមត្តេយ្យចំនួន ៤.២៥៤កន្លែង និងមានកុមារជិត ២សែន ៥ម៉ឺននាក់បានចូលរៀន។ សាលាបឋមសិក្សាមានចំនួន ៦.៧៩៦សាលា បានកើនចំនួន ២៩សាលា និងមានសិស្សជាង២លាន ៩ម៉ឺននាក់។ សាលាអនុវិទ្យាល័យមានចំនួន ១.១៨១សាលា និងមានសិស្សជិត ៦សែននាក់។ សាលាវិទ្យាល័យមានចំនួន ៤៣៩សាលា កើនចំនួន ៣១សាលា បើធៀបឆ្នាំមុន និងមានសិស្សជាង ៣សែន ៤ម៉ឺននាក់កំពុងសិក្សា។
ក្រសួងអប់រំក៏បានឲ្យដឹងថា គ្រឹះស្ថានឧត្ដមសិក្សាមានចំនួន ៩៥គ្រឹះស្ថាន។ គ្រឹះស្ថានសិក្សាសាធារណៈរដ្ឋមានចំនួន៣៦ និងឯកជនមានចំនួន៥៩ និងមាននិស្សិតថ្នាក់ឧត្ដមសិក្សាសរុបជាង ២សែន ៤ម៉ឺននាក់។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១១-២០១២ ថ្ងៃទី១ ខែតុលា។ លោកបានផ្ញើសារទៅកាន់ជនរួមជាតិ ដោយបានចាត់ទុកការអប់រំនៅតែជាអាទិភាពមួយសម្រាប់ការអភិវឌ្ឍជាតិ និងជំរុញឲ្យក្រសួងអប់រំដោះស្រាយបញ្ហាប្រឈម គឺគុណភាពវិស័យអប់រំធ្លាក់ចុះ។
លោកបន្តថា ការសិក្សារៀនសូត្រ ជាការងារមួយគ្មានទីបញ្ចប់សម្រាប់ធានាការផលិតធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ស្របតាមទស្សនៈដែលថា “ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម-សេដ្ឋកិច្ច”។
លោកសង្កត់ធ្ងន់ថា បញ្ហាប្រឈមរបស់វិស័យអប់រំដែលត្រូវបន្តដោះស្រាយបន្ទាន់នោះ គឺគុណភាពអប់រំ ដោយត្រូវធានាឲ្យមានតុល្យភាពរវាងការពង្រឹងគុណភាពអប់រំ និងការពង្រីកបរិមាណអប់រំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងដូច្នេះ ៖ «បំពេញបន្ថែមនូវចំណុចខ្វះខាតកន្លងមក និងពុះពារដោះស្រាយនូវសំណូមពរនានា ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពអប់រំក្នុងដំណាក់កាលនៃកំណែទម្រង់វិស័យអប់រំបន្តទៀត ឲ្យស្របតាមនិន្នាការអប់រំក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក»។
យ៉ាងនេះក្ដី លោក រ៉ុង ឈុន បានថ្លែងថា វិស័យអប់រំប្រទេសកម្ពុជានឹងមិនរីកចម្រើនបានទេ បើសិនសាលារៀននិមួយៗ មានតែសំបកសាលា តែមិនមានសម្ភារៈ មានដូចជាសៀវភៅមេរៀនសម្រាប់សិស្ស និងគ្រូ ក្រសួងមិនបានផ្ដល់ជូនឲ្យបានគ្រប់គ្រាន់ទេនោះ ៖ «សូមឲ្យក្រសួងត្រូវតែផ្ដល់នូវសម្ភារៈសិក្សាឲ្យបានគ្រប់គ្រាន់ ជាពិសេសសៀវភៅសិស្ស និងសៀវភៅគ្រូ។ ពីព្រោះកន្លងមកយើងធ្វើការកត់សម្គាល់ឃើញថា មានការខ្វះខាតដែលក្រសួងមិនបានផ្ដល់ឲ្យបានទាន់ពេលសម្រាប់សិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូសម្រាប់សៀវភៅសិក្សា និងសៀវភៅមេរៀនសម្រាប់លោកគ្រូអ្នកគ្រូនោះទេ»។
ទាក់ទិននឹងបញ្ហានេះដែរ លោក ហ៊ុន សែន បានជំរុញទៅថ្នាក់ដឹកនាំក្រសួងអប់រំ ក្រៅពីឲ្យពង្រឹងបរិមាណអប់រំ ក៏ត្រូវបង្កើនសាលារៀន និងគ្រូបង្រៀនឲ្យដល់តំបន់ដាច់ស្រយាល និងបង្កើនមូលដ្ឋានសម្ភារៈ ដើម្បីដោះស្រាយកំណើនសិស្ស-និស្សិត ឲ្យស្របពេលតម្រូវការទីផ្សារពលកម្មកំពុងត្រូវការធនធានមនុស្សមានគុណភាព៕