ខ្មែរ​ក្រោម​ចង់​រក្សា​អត្តសញ្ញាណ​វត្ត​សាមគ្គី​រង្សី

ប្រជា​ពល​រដ្ឋ​ដែល​មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ ក្រែង​ក្រសួង​ធម្មការ និង​សាសនា​ប្រទេស​កម្ពុជា តែង​តាំង​ព្រះ​ចៅ​អធិការ​ថ្មី ដែល​មិន​មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គី​រង្សី ដើម្បី​ជំនួស​ព្រះ​សង្ឃ យឿង ស៊ិន ដែល​បាន​សុគត​ទៅ​ហើយ​នោះ។

0:00 / 0:00

សកម្មជន​ការពារ​សិទ្ធិ និង​សេរីភាព​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពួក​គាត់​នឹង​សុំ​ស្នើ​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា តែង​តាំង​ព្រះ​សង្ឃ​ចៅ​អធិការ​ថ្មី ដែល​មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គី​រង្សី ដើម្បី​បន្ត​វេន​ដឹក​នាំ ក្រោយ​ពី​ព្រះ​ចៅ​អធិការ គឺ​ព្រះ​សង្ឃ យឿង ស៊ិន បាន​សុគត​ទៅ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ថ្មីៗ នេះ ដោយ​រោគាពាធ។

ព្រះ​សង្ឃ យឿង ស៊ិន ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម បាន​ដឹក​នាំ​វត្ត​សាមគ្គី​រង្សី នៅ​ជាយ​ទីក្រុង​ភ្នំពេញ តាំង​ពី​ឆ្នាំ​១៩៩២ មក គឺ​ជា​វត្ត​របស់​ខ្មែរ​កម្ពុជា​ក្រោម​តែ​មួយ​គត់ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ព្រះ​អង្គ​ក៏​ជា​ប្រធាន​សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ប្រធាន​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ថាច់ សាង បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៤ ខែ​តុលា​ថា លោក​ចង់​រក្សា​អត្តសញ្ញាណ​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គី​រង្សី​នោះ។ លោក​បាន​ជួប​ប្រជុំ​ជា​ច្រើន​លើក​ថ្មីៗ នេះ ដើម្បី​សម្រេច​ស្នើ​សុំ។

ប្រភព​ពី​សកម្មជន​ការ​ពារ​សិទ្ធិ​សេរីភាព​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី មាន​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ប្រមាណ ៣០​អង្គ។

តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី លោក យន្ត ថារូ និង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​សំណើ​នេះ។

រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក ឈន អៀម បាន​មាន​ប្រសាសន៍​ថា សំណើ​ពី​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នោះ គឺ​ថ្នាក់​លើ​ជា​អ្នក​សម្រេច។

ប្រភព​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ធម្មការ និង​សាសនា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​វត្ត​ព្រះ​ពុទ្ធ​សាសនា​ចំនួន ៤.៣៩២​វត្ត នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ព្រះ​សង្ឃ​ចំនួន ៥៦.០០០​អង្គ។ ក្រៅ​ពី​នេះ កម្ពុជា​មាន​ព្រះ​វិហារ​កាតូលិក ព្រះ​វិហារ​ចាម ព្រះ​វិហារ​ចិន និង​ព្រះ​វិហារ​វៀតណាម​ជា​ច្រើន​ទៀត៕

Slideshows: ភ្ជុំបិណ្ឌ​នៅ​វត្ត​សាមគ្គី​រង្សីOpens in new window ]