ប្រពៃណី​សំពះ​កំពុង​ជំនួស​ដោយ​ការ​ចាប់​ដៃ​បែប​បស្ចិម​ប្រទេស?

ឥរិយាបថ​នៅ​ក្នុង​ការ​សំពះ​ដែល​ជា​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ប្រើ​សម្រាប់​គោរព​និង​គួរសម​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ត្រូវ​បាន​មហាជន​មួយ​ចំនួន​សង្កេត​ឃើញ​ថា បាន​ថយ​ឥទ្ធិពល​របស់​ខ្លួន​ជា​បណ្តើរៗ ហើយ​ត្រូវ​ជំនួស​មក​វិញ​ដោយ​ការ​ចាប់​ដៃ​គ្នា​របៀប​បស្ចិម​ប្រទេស​ទៅ​វិញ។

0:00 / 0:00

មន្រ្តី​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក នង កាឌីណាល់ បាន​រិះគន់​ថា ការ​សំពះ​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្មែរ​នៅ​ក្នុង​ការ​គួរសម​គ្នា​នោះ​ហាក់​ដូច​ជា​មិន​សូវ​មាន​ការ​និយម​ដូច​ពេល​មុន​ទៀត​ឡើយ ជា​ពិសេស​ចំពោះ​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ដើម។

លោក នង កាឌីណាល់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ពេល​ដែល​គាត់​ចូល​ប្រជុំ ឬ​មួយ​សិក្ខា​សាលា ឃើញ​ភាគ​ច្រើន​ពួក​គាត់​ចាប់​ដៃ​គ្នា ប៉ុន្តែ​ខ្មែរ​និង​ខ្មែរ​ទេ។ ឃើញ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ជា​ពិសេស​ឃើញ​តាម​រូប​ភាព​កាសែត​អី​ហ្នឹង ឃើញ​អ៊ីចឹង​ដែរ»

បុរស​វ័យ ៥៥​ឆ្នាំ ឈ្មោះ សុខ ចំរើន ជា​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល បាន​មាន​ប្រសាសន៍​ពី​បញ្ហា​នេះ​ថា ៖ «ខ្ញុំ​នៅ​ពី​ក្មេង ខ្ញុំ​ឃើញ​ទម្លាប់​គេ​សំពះ​ច្រើន​ជាង​ចាប់​ដៃ ខ្ញុំ​នៅ​ជន​បទ មិន​សូវ​មាន​អ្នក​ណា​ធ្វើការ​អី​ប៉ុន្មាន​ទេ ខ្ញុំ​រស់​នៅ​ជន​បទ ខ្ញុំ​ឃើញ​បញ្ហា​គេ​សំពះ​ច្រើន​ជាង​ចាប់​ដៃ។ ឪពុក​ម្ដាយ​ខ្ញុំ​ក៏​ច្រើន​តែ​ណែនាំ​ថា «ថោក​អី​នឹង​ដៃ ថ្លៃ​អី​នឹង​មាត់» ពេល​ដែល​ជួប​គេ សំពះ​សួរ​គេ​ទៅ ហើយ​ចេញ​មក​វិញ​ជម្រាប​លា​គ្នា​ទៅ»

នៅ​ក្នុង​បញ្ហា​នេះ​ដែរ នាយក​រង​វិទ្យាល័យ​ព្រះបិតា​ឯករាជ្យ ក្នុង​ស្រុក​គង​ពិសី​របស់​ខេត្ត​កំពង់ស្ពឺ ឈ្មោះ ឌៀប គា ដែល​មាន​វ័យ​ជិត ៥០​ឆ្នាំ​ទៅ​ហើយ​នោះ ក៏​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ថា ការ​សំពះ​របស់​ខ្មែរ​អាច​នឹង​ឈាន​ទៅ​រក​ការ​បាត់​រូបរាង ប្រសិន​បើ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ឲ្យ​ទាន់​ពេល​វេលា​នោះ​ទេ។ លោក ឌៀប គា នាយក​រង​វិទ្យាល័យ​ព្រះបិតា​ឯករាជ្យ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ក៏​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​គួរសម​គ្នា ដោយ​ការ​ចាប់​ដៃ​នេះ​ដែរ។

លោក ឌៀប គា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ទង្វើ​បែប​ហ្នឹង ខ្ញុំ​គិត​ថា​ហាក់​ដូច​ជា​មិន​ល្អ​ទេ។ អត់​ល្អ​ដោយសារ​ថា នេះ​មិន​មែន​ជា​ទំនៀម​ទម្លាប់​ស្វាគមន៍​តាម​របៀប​ខ្មែរ វា​ជា​ទំនៀម​ទម្លាប់​ស្វាគមន៍​បែប​បរទេស​ទៅ​វិញ»

លោក អ៊ីវ ច័ន ដែល​មាន​នាទី​ជា​ប្រធាន​វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​ប្រវត្តិសាស្រ្ត​នៅ​អតីត​សហភាព​សូវៀត ហើយ​ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​ពី​បញ្ហា​ប្រវត្តិ​សាស្រ្ត​នេះ​អស់​រយៈពេល ២០​ឆ្នាំ​ទៅ​ហើយ​នោះ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ចំពោះ​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ​យើង​ដែល​ទាក់ទង​នឹង​ផ្នែក​សីលធម៌... ការ​គោរព​ចាស់​ទុំ​ព្រឹទ្ធ​បុរស បង​ប្អូន​អី​អ៊ីចឹង ព្រោះ​អាហ្នឹង​វា​ជា​ការ​មួយ ដែល​ធ្វើ​ឲ្យ​យើង​អាច​រស់​នៅ​ដោយ​សុខដុម​ជាមួយ​គ្នា»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ លោក វង្ស ឯមសំអាន បណ្ឌិត​ផ្នែក​សង្គម​វិជ្ជា​ពី​ប្រទេស​ជប៉ុន​តាំង​ពី​ឆ្នាំ​២០០២ ហើយ​ដែល​បច្ចុប្បន្ន​លោក​ក៏​ជា​អ្នក​ស្រាវជ្រាវ ព្រមទាំង​ជា​សាស្រ្តាចារ្យ​ផ្នែក​សង្គម​វិជ្ជា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ៖ «បើ​សិន​ជា​យើង​នាំ​គ្នា​ធ្វើ​យ៉ាង​នេះ​យូរៗ​ទៅ វា​នឹង​បាត់​បង់​ជា​រៀង​រហូត​តែ​ម្ដង ព្រោះ​ថា​អ្នក​ជំនាន់​ថ្មី នឹង​យក​អ្វី​ដែល​ថ្មី​យក​មក​បញ្ចូល​ក្នុង​សង្គម​ខ្មែរ​កាន់​តែ​ច្រើន។ ដូច្នេះ​ខ្ញុំ​បារម្ភ​ណាស់ ចំពោះ​ការ​បាត់បង់​វប្បធម៌​ដែល​ដូនតា​បន្សល់​ទុក ព្រោះ​ដូនតា​ទម្រាំ​តែ​ធ្វើ​អ្វី​ដែល​បាន​ទុក​មក​ដល់​បច្ចុប្បន្ន​នេះ មិន​ដឹង​ជា​គាត់​ត្រូវការ​ពេល​វេលា​ប៉ុន្មាន​ទម្រាំ​យើង​ក្លាយ​ជា​ទម្លាប់»

ជាមួយ​គ្នា​នេះ​ផង​ដែរ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោកស្រី ម៉ិញ កុសនី ក៏​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ​ដែរ ដោយ​លោកស្រី​បន្ទោស​ថា ការ​ថយ​ចុះ​នៃ​ការ​សំពះ​របស់​ខ្មែរ គឺ​ដោយសារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ។

លោកស្រី ម៉ិញ កុសនី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខាង​ទូរទស្សន៍​គេ​គិត​តែ​រឿង​បញ្ហា​ពាណិជ្ជកម្ម​រក​លុយ​ចូល​ជា​ធំ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​រឿង​បញ្ហា​ពិធី​ទំនៀម​ទម្លាប់​សំពះ​របស់​ខ្មែរ ហាក់​បី​ដូច​ជា​គេ​មិន​យក​ចិត្ត​ទុក​ដាក់។ ចាក់​នៅ​ពេល​ដូច​ថា ម៉ោង ១០​-១១​យប់ បាន​គាត់​ចាក់»

ទាក់​ទង​នឹង​ការ​រិះគន់​នេះ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា លោក កឹម គុណវឌ្ឍន៍ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​គិត​ថា​មិន​តិច​ទេ អត្រា​ផ្សាយ​រៀង​រាល់​ថ្ងៃ»

រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ម៉ក់ វ៉ាន់ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា ៖ «កម្មវិធី​សិក្សា​យើង​ឲ្យ​ក្មេង​ចេះ​គួរសម ចេះ​គោរព​ចេះ​អី​ហ្នឹង​យើង​មាន»

ការ​សំពះ​របស់​ខ្មែរ​នេះ បណ្ឌិត​ផ្នែក​ប្រវត្តិសាស្រ្ត លោក អ៊ីវ ច័ន ដដែល បាន​ឲ្យ​ដឹង​ថា៖ «យើង​មាន​ប្រពៃណី​គោរព​ចាស់​ទុំ​ហ្នឹង តាំង​ពី​ខ្មែរ​យើង​មាន​កំណើត​មក មាន​ប្រពៃណី​វប្បធម៌​ផ្ទាល់​ខ្លួន។ ខ្ញុំ​យល់​ថា​មុន​នឹង​វា​ចូល​មក ព្រោះ​កាយវិការ​នេះ​វា​មាន ចំពោះ​ស្រទាប់​ប្រជាជន​ដែល​គាត់​អត់​ទទួល​វប្បធម៌ អរិយធម៌​ពី​ក្រៅ»

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្មែរ​មាន​របៀប​សំពះ​របស់​ខ្លួន​ជា​ច្រើន​បែប។

លោកស្រី កែវ ណារុំ អ្នក​ស្រាវជ្រាវ​ផ្នែក​សិល្បៈ​វប្បធម៌​ខ្មែរ​តាំង​ពី​ឆ្នាំ​១៩៨០ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ បាន​ឲ្យ​ដឹង​តាមរយៈ​ការ​រក​ឃើញ​របស់​លោកស្រី​ដូច្នេះ​ថា ៖ «ដៃ​បន្ទូល​ទី១ យើង​លើក​បន្ទូល​ទៅ​លើ ទូល​ទៅ​លើ​វត្ថុ​សក្តិ​សិទ្ធិ យើង​យក​មេដៃ​ទាំង​ពីរ​ផ្គុំ ផ្គុំ​ហើយ យក​មេ​ដៃ​ដាក់​កន្លែង​ប្រជុំ​ចិញ្ចើម ទី​២​ដៃ​បង្គំ គឺ​ដាក់​ថ្វាយ​បង្គំ​គឺ​យើង​គោរព​ចំពោះ​អ្នក​មាន​គុណ យើង​យក​មេដៃ​ដាក់​លើ​ចុង​ច្រមុះ ទី​៣ យើង​ហៅ​ដៃ​សំពះ យើង​យក​ដៃ​យើង​ហ្នឹង​សំពះ​នៅ​ចន្លោះ ចង្កា និង​ចុង​ច្រមុះ ទី​៤ ហៅ​ថា​ដៃ​ខមាទោស​គឺ សុំ​ទោស យើង​យក​មេដៃ​ដាក់​ត្រឹម​ដើម​ទ្រូង មួយ​ទៀត​យើង​ហៅ​ថា ដៃ​ប្រណម មាន​ទម្រង់​ដូច​ទេព​ប្រណម»

អ្នក​ប្រាជ្ញ​ខ្មែរ​ខ្លះ​បាន​ទទួល​ស្គាល់​ថា ការ​រាក់​ទាក់​គ្នា​របស់​ខ្មែរ ដោយ​ការ​ចាប់​រលាក់​ដៃ​តាម​បែប​អឺរ៉ុប​នោះ​មិន​មែន​ជា​ការ​ទទួល​ដោយ​ចៃដន្យ​នោះ​ទេ គឺ​ដោយសារ​ការ​ទទួល​ឥទ្ធិពល​មក​ពី​ខាង​ក្រៅ ដែល​បាន​ជះ​ចូល​ក្នុង​សង្គម​កម្ពុជា​តាំង​ពី​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។

អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា លោក រស់ ចន្រ្តាបុត្រ ដែល​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​ពី​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ​ដែល​បាន​ធ្វើ​ការ​ស្រាវជា្រវ​ពី​បញ្ហា​វិទ្យាសាស្រ្ត​នយោបាយ​តាំង​ពី​ឆ្នាំ​១៩៧៨ មក​បាន​ឲ្យ​ដឹង​តាម​រយៈ​ការ​សិក្សា​របស់​លោក​បណ្ឌិត​នា​ពេល​កន្លង​មក​ដូច្នេះ​ថា៖ «បើ​យើង​និយាយ​ឲ្យ​ចំ គឺ​ថា​យើង​បាន​ទទួល​ឥទ្ធិពល​ហ្នឹង​មក​ពី​បារាំង ពី​អាណា​ព្យាបាល​បារាំង»

ក្នុង​គំនិត​ដើម្បី​អភិរក្ស​ប្រពៃណី​សំពះ​នេះ គ្រូ​ឧទ្ទេស​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិ​ភាគ​បាត់ដំបង លោក សោម កិត្យាសីហ៍ បាន​អំពាវនាវ​ថា ៖ «ម្នាក់ៗ​ត្រូវ​តែ​ភ្ញាក់​រឭក​ឡើង ចូលរួម​ថែ​រក្សា​នូវ​រាល់​មរតក​ដ៏​ថ្លៃ​ថ្លា ដែល​បុព្វ​បុរស​យើង​បាន​បង្កើត​មក។ បើ​សិន​ជា​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ការពារ​ទេ យើង​គិត​ថា ទៅ​អនាគត​ជាតិ​ខ្មែរ​យើង​នឹង​មិន​អាច​រុង​រឿង​បាន​ទេ ដែល​ធ្វើ​ឲ្យ​ពិភពលោក​គេ​លែង​ស្គាល់​ខ្មែរ»

បណ្ឌិត​ផ្នែក​ប្រវត្តិសាស្រ្ត លោក អ៊ីវ ច័ន និង​បណ្ឌិត​ផ្នែក​សង្គម​វិជ្ជា​យល់​ស្រប​គ្នា​ថា ដើម្បី​ឲ្យ​ខ្មែរ​មាន​ទម្លាប់​នៅ​ក្នុង​ការ​សំពះ​ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ​ខ្មែរ​រីក​ស្រស់​បំព្រង​ឡើង​វិញ​នោះ គឺ​ត្រូវ​ចាប់​ផ្តើម​ចេញ​ពី​ការ​អប់រំ​នៅ​តាម​គ្រួសារ​និង​នៅ​តាម​សាលា ហើយ​ជា​ពិសេស​នោះ គឺ​ត្រូវ​ចាប់​ផ្តើម​ពី​មន្រ្តី​ជាន់​ខ្ពស់​ជា​មុន​សិន​ដើម្បី​ជា​គំរូ​សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ៕