ក្រុមប្រជាពលរដ្ឋ លោកគ្រួ អ្នកគ្រួ រួមជាមួយសិស្សានុសិស្សប្រមាណ៥.០០០នាក់ បានចូលរួមយ៉ាងស្រស់ស្រាយនៅក្នុងពិធីសម្ភោធអគារសិស្សមួយ នៅឯវិទ្យាល័យពោធិ៍សាត់ ក្នុងស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ដែលស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចំណាយប្រាក់ជាង១លានដុល្លារអាមេរិកដើម្បីជួយជួសជុល និងកសាងអាគារមួយចំនួននោះ។
យុវសិស្សម្នាក់ក្នុងចំណោមយុវសិស្សជាច្រើននាក់នៃវិទ្យាល័យពោធិ៍សាត់ ដែលបានចូលរួមកម្មវិធីសម្ពោធអគារថ្មីនោះ បានថ្លែងរៀបរាប់ពីស្ថានភាពអគារដែលបាក់បែក និងខូចទ្រុឌទ្រោមមុនពេលដែលត្រូវសហរដ្ឋអាមេរិកជួសជុលនោះ។
ហ៊ឹម វិចិត្រ អាយុ ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ ដែលបន្ទប់រៀនរបស់គាត់មានសភាពទ្រុឌទ្រោមនោះ បានថ្លែងថា គាត់មានអារម្មណ៍ភ័យខ្លាចនៅពេលដែលមានភ្លៀងម្តងៗ ដោយសារតែគ្រាមុននោះអគារចាស់ខ្លាំងពេក។

ហ៊ឹម វិចិត្រ បានថ្លែងដូច្នេះ ៖ «វាចាស់ វាបាក់បែក ពេលរៀនទឹកសាចចូល។ ធ្លាប់រៀននៅហ្នឹង ពេលភ្លៀងខ្យល់ភ័យ រៀនអត់កើត ហើយរាងចាស់ទ្រុឌទ្រោមផង ខាងលើបាក់អស់ហើយ»។
ក្រុមយុវសិស្សដែលធ្លាប់បានរៀននៅក្នុងបន្ទប់នៃអគារបាក់បែកខូចទ្រុឌទ្រោមនោះ បានថ្លែងឲ្យដឹងទៀតដែរថា អគារដែលពួកគេធ្លាប់បានរៀននោះ ខូចពិតានខាងលើ ខូចបង្អួច ទ្វារ ហើយផ្នែកខ្លះនៃអគារនោះមានសភាពពុកផុយដោយអន្លើៗ។
ក្រោយពេលបានជួសជុលជាថ្មីហើយនោះ ក្រុមយុវសិស្សបានថ្លែងសាទរចំពោះអគារសាលាថ្មីនេះថា ពួកគេមានសុវត្ថិភាពក្នុងការរៀនសូត្រ។
លឹម ហូនីន ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ បានថ្លែងយ៉ាងដូច្នេះថា ៖ «សប្បាយចិត្តខ្លាំង ព្រោះអគារហ្នឹងរាងចាស់ ហើយស្ថានទូតអាមេរិកធ្វើការជួសជុលអ៊ីចឹងទៅ ធ្វើឲ្យសាលាស្អាត មានផាសុខភាព។ បើអាច អាចសុំអគារមួយខ្នងទៀត ព្រោះនៅខ្វះអគារ ហើយពួកខ្ញុំត្រូវចល័តម៉ោងរៀន»។
អគារនៃវិទ្យាល័យពោធិ៍សាត់ មានកម្ពស់ពីរជាន់ និង២៥បន្ទប់ ដែលសហរដ្ឋអាមេរិកបានជួយជួសជុលឡើងវិញនោះ គឺជាអគារដែលសហរដ្ឋអាមេរិកបានសាងសង់ឲ្យតាំងពីឆ្នាំ១៩៦២ មកម៉្លេះ ហើយរងការខូចខាតក្នុងកំឡុងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។
លោក សួង សូភី ប្រធានមន្ទីរអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ក្រៅពីអគារវិទ្យាល័យនៅពោធិ៍សាត់នេះ សហរដ្ឋអាមេរិកបានជួយសាងសង់អគារថ្មីៗបន្ថែមទៀតនៅអគារសិក្សាបឋមសិក្សាព្រងិល ក្នុងស្រុកភ្នំក្រវាញមួយខ្នង៦បន្ទប់ អគារសិក្សាបឋមសិក្សាសូភី ក្នុងស្រុក ពោធិ៍សាត់មួយខ្នង៦បន្ទប់ និងអគារសិក្សាអនុវិទ្យាល័យកែវសុវណ្ណ ក្នុងស្រុកពោធិ៍សាត់មួយខ្នងទៀត មាន៦បន្ទប់ ដែលសរុបរួមទាំងប្រាំកន្លែងនោះ សហរដ្ឋអាមេរិកចំណាយអស់ប្រាក់ជាង១លានដុល្លារអាមេរិក។
លោក សួង សូភី បានថ្លែងទៀតថា អគារសិក្សាសរុបទូទាំងខេត្តពោធិ៍សាត់មានចំនួន៦១៨ខ្នង ស្មើនឹង២.៥២២បន្ទប់ តែបើទោះជាមានអគារសិក្សាមួយចំនួនក៏ដោយ ក៏ចំនួនសិស្សានុសិស្សនៅត្រូវការអគារបន្ថែមទៀតដែរ។
លោក សួង សូភី បានថ្លែងដូច្នេះថា ៖ «ទោះបីយើងមានអគារសិក្សាច្រើនខ្នង យើងបានជម្រាបជូនខាងលើក្ដី ក៏យើងនៅតែមានការខ្វះខាតអគារជាច្រើនខ្នងទៀត ដែលតម្រូវការចាំបាច់សម្រាប់ឆ្នាំសិក្សា២០០៩-២០១០ ខាងមុខនេះ ព្រោះថាសាលាបើកថ្មីមួយចំនួនមិនទាន់មានអគារសិក្សាសមរម្យ ឯអនុវិទ្យាល័យខ្លះមិនទាន់មានអគារខ្លួនឯងនៅឡើយ ដោយខ្ចីអគារសិក្សារបស់សាលាបឋមសិក្សាប្រើបណ្ដោះអាសន្ន និងអគារសិក្សាដែលមានស្រាប់មួយចំនួនធំមានសភាពចាស់ទ្រុឌទ្រោមខ្លាំង សឹងមិនហ៊ានដាក់ឲ្យដំណើរការប្រើប្រាស់»។
ចំណែកឯលោក ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់និងជួសជុលអគារឡើងវិញរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជានេះ គឺជាការចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តពោធិ៍សាត់ ឲ្យមានសក្ដានុពលកាន់តែខ្លាំងថែមទៀត ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលបច្ចុប្បន្ននេះកំពុងតែប្រឈមមុខនឹងការខ្វះខាតអគារសិក្សា ដោយបរិមាណកុមារដល់វ័យចូលសិក្សាបានកើនឡើងជាលំដាប់ក្នុងមួយឆ្នាំទៅមួយឆ្នាំនោះ។
រីឯលោក អ៊ឹម សុធី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ដែរថា វិស័យអប់រំ គឺជាវិស័យចម្បងដែលរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ ហើយនិងបានដាក់យុទ្ធសាស្ត្រដើម្បីឲ្យប្រជាពលរដ្ឋនៅគ្រប់តំបន់ជនបទដាច់ស្រយ៉ាលបានទទួលការរៀនសូត្រឲ្យបានស្មើៗគ្នា ដោយយ៉ាងហោចកុមារគ្រប់រូបបានទទួលការអប់រំថ្នាក់មូលដ្ឋានរយៈពេល ៩ឆ្នាំនោះ។
លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ទៀតថា ក្រសួងកំពុងតែខិតខំយ៉ាងច្រើនជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញដំណើរការសិក្សាអប់រំនៅតាមជនបទឲ្យមានភាពរីកចម្រើនកាន់តែខ្លាំងនោះ។
លោក អ៊ឹម សុធី មានប្រសាសន៍ដូច្នេះថា ៖ «គឺមិនមែនត្រឹមប៉ុណ្ណឹងទេ ភារកិច្ចរបស់យើងត្រូវធ្វើបន្តទៀតដើម្បីធ្វើម៉េចលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព។ ហើយតាមរយៈនេះ យើងបានដឹងហើយថា ការបណ្ដុះបណ្ដាលវាទាមទារការយកចិត្តទុកដាក់បន្ថែមដែរ ដើម្បីសាលារៀនមានមធ្យោបាយសម្ភារៈ មានបណ្ណាល័យ មានស្អីៗជាដើម។ អ៊ីចឹងបានថាដៃគូអភិវឌ្ឍន៍ ដែលក្នុងនោះមានទាំងសហរដ្ឋអាមេរិកមានគម្រោងមួយដែរ ដើម្បីអភិវឌ្ឍការអប់រំមូលដ្ឋាន ដែលយើងសំដៅធ្វើយ៉ាងម៉េចឲ្យសាលាយើងកាន់តែត្រូវទទួលបានការលើកកម្ពស់ ហើយដោះស្រាយបានសំណូមពរ ជាពិសេសនៅតំបន់ដែលជួបប្រទះការលំបាក»។
លោកស្រី ខារ៉ល រ៉ដលី (Carol Rodley) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់សាលានៅក្នុងខេត្តពោធិ៍សាត់នេះ គឺគ្រាន់តែជាផ្នែកមួយនៃការគាំទ្រនិងជំនួយផ្នែកអប់រំរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជាតែប៉ុណ្ណោះ។
លោកស្រី ខារ៉ល រ៉ដលី មានប្រសាសន៍តាមរយៈអ្នកបកប្រែដូច្នេះ ៖ "ការផ្ដល់នូវការអប់រំដល់សិស្សទាំងអស់ គឺជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជាហើយសហរដ្ឋអាមេរិក ហើយមានមោទនភាពសេចក្ដីរីករាយដើម្បីចូលរួមគាំទ្រនូវអាទិភាពរបស់រដ្ឋាភិបាលក្នុងវិស័យអប់រំនេះ ហើយសហរដ្ឋអាមេរិករីករាយនឹងជួយឧបត្ថម្ភក្នុងវិស័យអប់រំនៅក្នុងវិធីជាច្រើន។ ឧទាហរណ៍វិធីនេះមួយ គឺវិធីឧបត្ថម្ភការកសាងរចនាសម្ព័ន្ធ ដូចជាផ្ដល់សាលារៀននៅថ្ងៃនេះជាដើម ហើយយើងក៏មានវិធីផ្សេងទៀតដើម្បីកែសម្រួល ដើម្បីផ្ដល់នូវការកែសម្រួលគុណភាពអប់រំ តាមរយៈការឧបត្ថម្ភរបស់យើងជាមួយក្រសួងអប់រំ កម្មវិធីសិក្សា ហើយក៏តាមរយៈការស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅតាមខេត្តផ្សេងៗទូទាំងប្រទេស។ ហើយនេះភាពជាដៃគូ ហើយជាការពិតក៏មាន Peace Corps នៅខេត្តពោធិ៍សាត់ គឺមានអ្នកស្ម័គ្រចិត្តនៅទីនេះដែរ"។
លោកស្រីបន្តទៀតថា តាមរយៈជំនួយជាបន្តបន្ទាប់នោះ សហរដ្ឋអាមេរិកក៏កំពុងតែធ្វើការបង្កើនគុណភាពអប់រំ និងលទ្ធភាពទទួលបានការសិក្សាអប់រំនៅតាមតំបន់ជនបទនៃប្រទេស ហើយថែមទាំងផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើមកម្ពុជាឲ្យទៅសិក្សានៅសហរដ្ឋអាមេរិកផង៕