កម្មវិធី​អាហារ​ពេល​ព្រឹក​តាម​សាលា​ត្រូវ​ផ្អាក​ដោយ​សារ​អង្ករ​ឡើង​ថ្លៃ​

ការកើនឡើង​នៃ​តម្លៃ​អង្ករ​ទូទាំង​ពិភពលោក បាន​បង្ខំ​ឲ្យ​អង្គការ​ស្បៀង​អាហារ​ពិភពលោក ផ្អាក​ការផ្តល់​កម្មវិធី​ផ្គត់ផ្គង់​ស្បៀង​អាហារ​ពេលព្រឹក​ចំពោះ​កុមារ​ក្រីក្រ​ខ្មែរ​ចំនួន​៤​សែន​៥ម៉ឺន​នាក់ ។

នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា​លោក Thomas Keusters បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការផ្អាក​ស្បៀង​នោះ គឺ​បណ្តាល​មក​ពី​តម្លៃ​អង្ករ​ឡើង​ថ្លៃ​តែ​ម្តង ។

សកម្មភាព​ផ្អាក​ស្បៀង​ទាក់ទង​នឹង​អាហារ​ពេលព្រឹក​ដល់​កុមារ​ក្រីក្រ​កម្ពុជា​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ដល់​អ្នកគ្រប់គ្រង​អង្គការ​កុមារ​ទាំងនោះ ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគម​កុមារ​កម្ពុជា​ប្រឆាំង​ទុរ្ភិក្ស​និង​អំពើ​ហិង្សា ដែល​រង​ការផ្អាក​ជំនួយ លោក ភោគ ប៊ុនរើឿន បាន​មាន​ប្រសាសន៍​ថា លោក​បារម្ភ​ខ្លាចក្រែង​សកម្មភាព​នោះ នឹង​ធ្វើ​ឲ្យ​មាន​វិបត្តិ​ដល់​កុមារ​និង​គ្រួសារ​របស់​គេ​ដោយសារ​តែ​មាន​បទពិសោធន៍​ដូចគ្នា​នេះ បាន​កើត​ឡើង​ម្តង​រួច​ទៅ​ហើយ កាល​ពី​ឆ្នាំ​ទៅ ៖ «វា​ប៉ះពាល់​ព្រោះ​ការងារ​របស់​ខ្ញុំ​កុមារ​ជិត​១​ពាន់​នាក់ ដែល​នៅ​ក្នុង​ការ​ទទួល​របស់​ស្បៀង​អាហារ​ពិភពលោក​ហ្នឹង ។ ហើយ​ក្នុង​ខែ៥ នេះ យើង​មាន​ការ​ព្រួយ​បារម្ភ កាល​ពី​ឆ្នាំ​ទៅ​មិញ​ប្រហែល​ខ្ទង់​ខែ៤ ខែ៥​ហ្នឹង​ដែរ ការ​ផ្ដាច់​ស្បៀង​ហ្នឹង​ធ្វើ​ឲ្យ​ជាពិសេសស​កុមារ គ្រួសារ​ដែល​ផ្ទុក​មេរោគ​អេដស៍​ហ្នឹង​គាត់​មាន​បញ្ហា ។ ហើយ​គាត់​ខ្វះ ធ្វើ​ឲ្យ​គាត់​ទៅ​រក​ចំណូល ពេល​ទៅ​រក​ចំណូល ការ​ព្យាបាល​ជំងឺ​របស់​គាត់​អត់​ទៀងទាត់ កាលណា​អត់​ទៀងទាត់​ធ្វើ​ឲ្យ​មាន​បញ្ហា​ជំងឺ​ហ្នឹង​វា​រើ​ឡើង​វិញ ធ្វើ​ឲ្យ​គាត់​មាន​អាយុ​ខ្លី ឆាប់​ស្លាប់ ។ ហើយ​កុមារ​មួយចំនួន​ទៀត​បោះបង់​ចោល​ការ​សិក្សា ដោយសារ​តែ​ខ្វះ​ស្បៀង​អាហារ​គេ​មិន​អាច​ទៅ​រៀន​បាន គេ​អត់​មាន​ហូប​អាហារ គេ​បោះ​បង់​ការ​សិក្សា​ដោយ​គេ​ទៅ​រក​ចំណូល​នៅ​ទី​ប្រជុំជន ដែល​គេ​ត្រូវ​ចាក​ចោល​ភូមិ​ស្រុក​មក​ទីក្រុង​ភ្នំពេញ»