លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ ស្នងការនគរបាលក្រុងភ្នំពេញ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅក្នុងសន្និសីទកាសែត នៅថៃ្ងព្រហស្បតិ៍នេះ ថា ៖ «វិធានការត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យឲ្យរដ្ឋបាលយើងបង្កើនសកម្មភាពធ្វើគ្រប់កន្លែង មិនត្រឹមតែត្រួតពិនិត្យរដ្ឋបាលទេ គឺយើងមានវិធានការចំពោះមុខសញ្ញាមួយចំនួន។ ខ្ញុំលើកឧទាហរណ៍ មុខសញ្ញាដែលលួច ឆក់ ប្លន់ គឺយើងចាប់ផ្ដើមប្រមូលខិតខំប្រមូល ហើយទន្ទឹមនឹងនោះមុខសញ្ញាក្មេងពាល ក្មេងអនាថា ព្រោះយើងឃើញថា តំបន់ដែលយើងប្រារព្ធពិធីនៅក្នុងខណ្ឌដូនពេញ គឺក្មេងអនាថាច្រើនណាស់ដែលគ្មានឪពុកម្ដាយ ហើយក្មេងទាំងនោះច្រើនតែឆ្លៀតលួចអីវ៉ាន់ លួចឆក់អី ដូច្នេះយើងចាប់ផ្ដើមប្រមូលក្មេងនោះមុនបុណ្យអុំទូកដើម្បីប្រគល់ឲ្យសង្គមកិច្ចធ្វើការគ្រប់គ្រង។ បណ្ដាឆ្នាំកន្លងមកច្រើនតែក្មេងអនាថានេះឯងដែលឆ្លៀតធ្វើសកម្មភាពលួច លូកហោប៉ៅលូកអី ពេលប្រជៀតគ្នានេះ។ ដូច្នេះយើងមានវិធានការប្រមូល ឲ្យប៉ូលិសយើងសហការជាមួយសង្គមកិច្ចប្រមូលដើម្បីយកពួកគាត់ទៅដាក់ក្នុងមជ្ឈមណ្ឌល»។
ក្រៅពីវិធានការខាងលើនេះ លោកបានមានប្រសាសន៍ឲ្យដឹងថា អាជ្ញាធររបស់លោកនឹងប្រើប្រាស់កងកម្លាំងចម្រុះសរុបចំនួនជាងមួយម៉ឺននាក់ដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងទីក្រុងភ្នំពេញ និងនៅជាយទីក្រុងភ្នំពេញ ហាមឃាត់មិនឲ្យរថយន្តធុនតូចនិងធុនធំមកពីបណ្តាខេត្តនានាចូលមកទីក្រុងភ្នំពេញទ្បើយ គឺអនុញ្ញាតឲ្យតែប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងចូលមកទស្សនាការប្រណាំងទូកក្នុងទីក្រុងភ្នំពេញ នៅខាងមុខព្រះបរមរាជវាំងនិងនៅត្រើយម្ខាងនៃទន្លេប៉ុណ្ណោះ។
ផ្អែកតាមប្រភពពីមន្រ្តីពាក់ព័ន្ធក្នុងកិច្ចការរៀបចំបុណ្យជាតិខាងលើនោះបានឲ្យដឹងថា មានទូកប្រណាំងចំនួនប្រមាណ៤២១ទូកនិងកីទ្បាករអុំទូកចំនួនប្រមាណមួយម៉ឺននាក់ ព្រមទាំងប្រជាពលរដ្ឋខ្មែរមកទស្សនាចំនួនប្រមាណរវាងពី៤លានទៅ៥លាននាក់ធ្វើដំណើរចូលមកទីក្រុងភ្នំពេញដើម្បីទស្សនាការប្រណាំងទូករយៈពេលបីថៃ្ងចាប់ពីថៃ្ងទី១១ ខែវិច្ឆិកា ដល់ថៃ្ងទី១៣ ខែវិច្ឆិកាខាងមុខនេះ។
សូមរំឭកថា នៅក្នុងពិធីប្រណាំងទូកកាលពីខែវិច្ឆិកា ឆ្នាំ២០០៧កន្លងទៅ មានកីទ្បាករប្រណាំងទូកជនជាតិសិង្ហបុរីចំនួន៥នាក់បានស្លាប់និងកីឡាប្រណាំងទូក ជនជាតិខែ្មរម្នាក់បានស្លាប់ផងដែរ បានស្លាប់ដោយសារឧប្បត្តិហេតុលិចទូក។
មន្រ្តីរបស់អាជ្ញាធរកម្ពុជាបានអះអាងឲ្យដឹងថា គេនឹងមិនបណ្តោយឲ្យឧប្បត្តិហេតុដដែលនោះកើតមានជាថ្មីនេះទៀតទេនៅក្នុងការប្រណាំងទូក នៅខែវិច្ឆិកា ឆ្នាំ២០០៨ខាងមុខនេះ៕