ស្ថានភាព​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​កម្ពុជា

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក បាន​ថ្លែង​ស្របគ្នា​ថា ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន ចាប់ផ្តើម​ហ៊ាន​បញ្ចេញ​មតិ​ទាក់ទិន​បញ្ហា​ដែល​ពួកគាត់​កំពុង​ប្រឈម ។ ក៏​ប៉ុន្តែ ការបញ្ចេញ​មតិ​របស់​ពលរដ្ឋ​ទាំងនោះ ក៏​ស្ថិតនៅ​ក្នុង​ការកម្រិត​និង​រារាំង​ដោយ​មន្ត្រី​អាជ្ញាធរ​នៅឡើយ ។

0:00 / 0:00

«រាល់​ថ្ងៃ​ហ្នឹង គេ​ដើរ​គំរាម​កំហែង​ឲ្យ​យើង​ទៅ បើ​យើង​មិន​ទៅ គេ​មិន​ព្រម ។ ឥឡូវ​គេ​កំពុង​ដើរ ឥឡូវ​នៅ​ខាង​លិច​អី​ហ្នឹង អត់​សូវ​ហ៊ាន​និយាយ​ទេ ។ ឥឡូវ ពួក​វា​ដើរ​ជំរឿន​គ្រប់​ផ្ទះ សូមទោស​បង ឥឡូវ​ទាហាន​មក​ហើយ ខ្ញុំ​សុំ​បិទ​[ទូរ​ស័ព្ទ] សិន​ហើយ ពួក​វា​មក​តាមដាន​ពួក​ខ្ញុំ»

ខាងលើ​នេះ​គឺ​ជា​ប្រសាសន៍​តាម​ទូរស័ព្ទ​របស់​ស្ត្រី​ពីរ​រូប នៅឯ​ខេត្ត​កំពត ដែល​លួច​បញ្ចេញ​យោបល់​ទាំង​ការភ័យខ្លាច ប្រាប់​អ្នកសារព័ត៌មាន​ជុំវិញ​ការ​ដែល​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​កំពុង​តាម​ឃ្លាំមើល​ពួកគាត់ និង​ក្រុម​អ្នកស្រុក​ឯទៀត​នៅ​ទីនោះ ដែល​កំពុង​ប្រឈម​នូវ​បណ្តេញ​ចេញ​ពី​ដីធ្លី​ដែល​ពួកគាត់​កំពុង​រស់នៅ ។

ទាក់ទិន​នឹង​ការបញ្ចេញ​មតិ​របស់​ពលរដ្ឋ​នេះ ត្រូវ​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ គឺ​លោកស្រី ពុង ឈីវកេក បាន​ថ្លែង​ថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាជ្ញាធរ​បាន​ព្យាយាម​រារាំង​ការប្រមូលផ្តុំ​របស់​ពលរដ្ឋ​ដើម្បី​សម្តែង​មតិ ដោយ​យក​ហេតុផល​សណ្តាប់ធ្នាប់​សន្តិសុខ​ជា​មូលដ្ឋាន​ក្នុង​ការហាមឃាត់ ។

លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ជាពិសេស កម្មករ​ចង់​ធ្វើ​បាតុកម្ម​ទាមទារ​អ្វី​មួយ សុំ​ច្បាប់​ធ្វើ​អត់​ដែល​បាន​ទេ ។ អ៊ីចឹង រដ្ឋាភិបាល​យើង​ធ្វើការ​រឹតត្បិត​សេរីភាព​ក្នុង​ការផ្ដុំ​គ្នា សេរីភាព​ក្នុង​ការដើរ​ជា​ក្បួន ហើយ​និង​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ ។ ជួនកាល​បញ្ចេញ​មតិ​ទៅ តែ​លើស​ព្រំដែន​បន្តិច​បន្តួច នឹង​មាន​បញ្ហា គឺ​រដ្ឋាភិបាល​យក​តុលាការ​មក​ប្រើប្រាស់​ដើម្បី​ដាក់ទោស ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ្នក​ដែល​មាន​មតិ»

លោកស្រី ពុង ឈីវកេក ដែល​បាន​ឃ្លាំមើល​ស្ថានភាព​នៃ​ការបញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា​បាន​ថ្លែង​បន្ត​ថា ៖ «នៅ​ក្នុង​របប​ដែល​គេ​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ គឺ​រដ្ឋាភិបាល​ហ្នឹង​កើត​ចេញ​មក​ពី​ប្រជាពលរដ្ឋ ហើយ​ជា​រដ្ឋាភិបាល​របស់​ប្រជាពលរដ្ឋ ធ្វើការ​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ ដូច្នេះ បើ​ជា​រដ្ឋាភិបាល​របស់​ប្រជាពលរដ្ឋ ពលរដ្ឋ​ត្រូវ​ចូលរួម​ចំណែក​ក្នុង​ការកសាង​ប្រទេស​ជាតិ អ៊ីចឹង​បើ​លោក​ត្រូវ​តែ​ចូលរួម​ចំណែក​កសាង​ប្រទេស​ជាតិ លោក​ត្រូវ​តែ​ទទួល​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់​ថា រដ្ឋាភិបាល​ធ្វើ​នេះ ធ្វើ​នោះ ផ្ដល់​ព្រៃ​សម្បទាន​ទៅ​ឲ្យ​អ្នក​នេះ ចង់​ធ្វើ​ទំនប់​ទឹក​កន្លែង​ត្រង់​នេះ ចង់​សង់​អភិវឌ្ឍន៍​កន្លែង​ត្រង់​នេះ​អី គឺ​ប្រជាពលរដ្ឋ​ត្រូវ​ទទួល​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់ ។ បើ​បាន​ទទួល​ព័ត៌មាន​ហើយ លោក​ត្រូវ​មាន​សិទ្ធិ​ជួបជុំ​គ្នា អ៊ីចឹង​ត្រូវ​មាន​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ»

បណ្តុំ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​រួមមាន ស្ថាប័ន​តាក់តែង​ច្បាប់ ស្ថាប័ន​អនុវត្ត​ច្បាប់ ស្ថាប័ន​តុលាការ ព្រមទាំង​ស្ថាប័ន​សារព័ត៌មាន អង្គការ​សង្គមស៊ីវិល និង ប្រជាពលរដ្ឋ ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស គឺ​លោក អ៊ូ វីរៈ ដែល​បាន​ឃ្លាំមើល​ស្ថានភាព​នៃ​ការបញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន ចាប់ផ្តើម​ហ៊ាន​បញ្ចេញ​មតិ​ទាក់ទិន​នឹង​បញ្ហា ដែល​ពួកគាត់​កំពុង​ប្រឈម ។ ក៏​ប៉ុន្តែ ការបញ្ចេញ​មតិ​របស់​ពលរដ្ឋ​ទាំងនោះ ក៏​ត្រូវ​បាន​រារាំង​ដោយ​មន្ត្រី​អាជ្ញាធរ​នៅឡើយ ។

លោក អ៊ូ វីរៈ បាន​អធិប្បាយ​បន្ត​ថា កម្ពុជា​មាន​ច្បាប់ ដែល​រួមមាន​ទាំង​ច្បាប់​រដ្ឋធម្មនុញ្ញ​ផង​នោះ នឹង​អាច​ឲ្យ​គេ​មើល​ឃើញ​ថា សេរីភាព​នៃ​ការបញ្ចេញ​មតិ​របស់​ពលរដ្ឋ ត្រូវ​បាន​ធានា​តាម​ផ្លូវ​ច្បាប់ ។ ផ្ទុយ​ទៅវិញ ច្បាប់​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​ប្រើប្រាស់​ដោយ​លម្អៀង ៖ «យើង​មើល​ផ្នែក​អនុវត្ត​វិញ មាន​ខាង​ប៉ូលិស​និង​មន្ត្រី​យុត្តិធម៌ មាន​អាជ្ញាធរ ព្រះរាជអាជ្ញា ជាដើម មាន​រដ្ឋាភិបាល​ហ្នឹង ជា​អ្នក​មាន​នាទី​យក​ច្បាប់​ទៅ​អនុវត្ត និង​មន្ត្រី​យុត្តិធម៌​ដែល​អនុវត្ត បច្ចុប្បន្ន​មាន​ការលម្អៀង​យ៉ាង​ច្រើន គាត់​មិន​អនុញ្ញាត​ឲ្យ​អ្នកប្រឆាំង​គាត់​មាន​សេរីភាព​ក្នុងការបញ្ចេញ​មតិ​ទេ ហើយ​សូម្បី​តែ​អ្នក​នៅ​ក្នុង​គណបក្ស​របស់​គាត់​ហ្នឹង អាច​និយាយ​តែ​អ្វី​ល្អ​ចំពោះ​គណបក្ស​របស់​ខ្លួន ឬ​បុគ្គល​ជា​អ្នកដឹកនាំ​របស់​ខ្លួន ប៉ុន្តែ​មិន​អាច​និយាយ​អ្វី​ជា​ចំណុច​អវិជ្ជមាន​បាន​ទេ»

នៅត្រង់​ស្ថាប័ន​សារព័ត៌មាន​វិញ លោក អ៊ូ វីរៈ បាន​ថ្លែង​កត់សម្គាល់​ថា កម្ពុជា​មាន​ច្បាប់​សារព័ត៌មាន ក៏​ប៉ុន្តែ​ច្បាប់​នោះ មិនទាន់​ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​អ្នក​សារព័ត៌មាន​នៅឡើយ​ទេ ៖ «យើង​ឃើញ​ថា ថ្មីៗ​នេះ ការប្រើប្រាស់​តុលាការ​ដើម្បី​គាប​សង្កត់​សេរីភាព​នៃ​ការបញ្ចេញ​មតិ ការបិទ​វិទ្យុ ឬ​មួយ ការចាប់​ខ្លួន​លោក ដាំ សិទ្ធិ ជាដើម ដែល​តុលាការ​និង​ព្រះរាជអាជ្ញា​អត់​ព្រម​តាមដាន​ស៊ើបអង្កេត​នូវ​ករណី​ដែល​មាន​ការគំរាម​កំហែង ឬ​ការបង្ក​របួស​ស្នាម​ដល់​អ្នកសារព័ត៌មាន ឬ​មួយ​សកម្មជន​ណា​ដែល​មិន​មែន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ក្នុង​ករណី​នេះ យើង​ថា ការអនុវត្ត​នៃ​តុលាការ​នេះ គឺ​មិន​ទាន់​បាន​បំពេញ​តួនាទី តែ​ផ្ទុយ​ទៅ​វិញ ត្រូវ​បាន​អ្នកនយោបាយ​ប្រើប្រាស់​ដើម្បី​គាប​សង្កត់​សេរីភាព​នៃ​ការបញ្ចេញ​មតិ»

លោក ប៉ែន សមិទ្ធិ ជា​ប្រធាន​ក្លឹប​អ្នក​ការសែត​កម្ពុជា និង​ជា​និពន្ធនាយក​កាសែត​រស្មី​កម្ពុជា បាន​ថ្លែង​ថា ស្ថានភាព​នៃ​ការបញ្ចេញ​មតិ​និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មាន​ការវិវឌ្ឍ​ទៅកាន់​ភាព​វិជ្ជមាន​ច្រើន នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ៖ «យើង​ចង់​ធ្វើ​ខ្លួន​យើង​ឲ្យ​ដូច​ស្រុក​មួយ​ដែល​អ៊ិនថឹណិត​មាន​គ្រប់​ផ្ទះ គឺ​ទៅ​អត់​រួច​ទេ ។ លើ​លទ្ធភាព​ជាក់​ស្ដែង​របស់​ស្រុក​ខ្មែរ​ប៉ុណ្ណឹង គឺ​គុណភាព ជា​គុណភាព​មួយ​ដែល​យើង​ធ្វើ​បាន​ល្អ​ហើយ​ៗ យើង​ត្រូវ​តែ​ប្រឹង​បន្ត​ទៀត​ដើម្បី​វិវឌ្ឍ​ឲ្យ​ទាន់​គេ ព្រោះ​យើង​នៅ​ឆ្ងាយ​ពី​គេ​ច្រើន​ណាស់ ទាំង​ពី​បច្ចេក​វិទ្យា​អី​សព្វបែប​យ៉ាង»

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ លោក ប៉ែន សមិទ្ធិ ថ្លែង​កត់សម្គាល់​ថា អ្នក​យក​ព័ត៌មាន នៅ​ប្រឈម​ការលំបាក ក្នុង​ការស្វែងរក​ប្រភព​ព័ត៌មាន​នៅឡើយ ជាពិសេស​ព័ត៌មាន​របស់​រដ្ឋាភិបាល ដែល​ទាក់ទង​នឹង​កិច្ចការ​នយោបាយ​ជាតិ​ជាដើម ៖ «រឿង​ទាំង​អស់នេះ ខ្ញុំ​ក៏​មិន​ដឹង​ថា ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​គាត់​យក​រឿង​ហ្នឹង​ដើម្បី​ដាក់​បញ្ចូល​ក្នុង​វ៉ិបសាយ​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​យើង​មាន​ប្រព័ន្ធ​ឯកសារ​មួយ​ច្បាស់​លាស់ ដែល​មាន​ការធានា​រ៉ាប់រង​ថវិកា​ដោយ​ច្បាប់​ច្បាស់លាស់​ទៅ កិច្ចការ​ទាំងអស់​ហ្នឹង នឹង​កែលំអ»

នៅ​កម្ពុជា នា​ពេល​ថ្មី​ៗ​នេះ ក្រៅពី​អ្នកសារព័ត៌​មាន​មួយ​ចំនួន ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ពី​បទ​ចោទ​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បទ​បរិហារកេរ្តិ៍​នោះ តាម​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា យ៉ាងហោច​មាន​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់ ត្រូវ​បាន​អាជ្ញាធរ​បាញ់​សម្លាប់ នៅក្នុង​ការតវ៉ា​ទាមទារ​ដីធ្លី នៅឯ​ខេត្ត​ព្រះវិហារ ។

នៅក្នុង​ឆ្នាំ​២០០៨​នេះ លោក ចាន់ សាវ៉េត មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយសារ​តែ​ការតវ៉ា​ដីធ្លី យ៉ាងហោច មាន​ពលរដ្ឋ​ចំនួន ៣៦នាក់ កំពុង​ត្រូវ​ជាប់​ឃុំ និង ៦​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ការតាម​ចាប់​ខ្លួន ៕