លោក អំ សំអាត មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា អ្នកជំងឺគឺលោក សុខ សំអឿន ត្រូវមន្រ្តីពន្ធនាគារនាំមកមន្ទីរពេទ្យវេលាម៉ោង៥ល្ងាច តែត្រូវនាំចូលមន្ទីរឃុំឃាំងព្រៃសវិញប្រហែលពីរម៉ោងបន្ទាប់នោះ។
ប្រធានពន្ធនាគារព្រៃស លោក សេរី វុត្ថា បានថ្លែងថា ជនជាប់ចោទ សុខ សំអឿន មានអាការៈរោគលើសឈាម ៖ «អត់អីទេ យកមកវិញហើយតើ! ជំងឺរបៀបលើសឈាម»។
លោក សុខ សំអឿន ត្រូវគេចោទប្រកាន់ជាមួយនឹងលោក ប៊ន សំណាង លើករណីបាញ់សម្លាប់លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ កាលពីដើមឆ្នាំ២០០៤ ដោយមានគម្រោងគិតទុកជាមុន។
ករណីនេះតុលាការកំពូលនឹងបើកសវនាការជម្រះទោលជនជាប់ចោទទាំងពីរនេះនៅថ្ងៃទី៣១ ខែធ្នូខាងមុខ៕