អតីតព្រឹទ្ធសមាជិក លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់មិញនេះថា ប្រទេសថៃបានយល់ព្រមកាត់បន្ថយកងទ័ពថៃដែលជាកម្លាំងប្រយុទ្ធចេញពីតំបន់ជម្លោះ និងបានដកទ័ពចេញពីប្រាសាទតាមាន់ហើយដែរ ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៖ «រដ្ឋមន្ត្រីក្រសួងការបរទេសថៃជាមួយនឹងក្រសួងការពារជាតិរបស់ថៃហ្នឹង បានឆ្លងយោបល់គ្នាទៅគណៈរដ្ឋមន្ត្រីហើយ ។ ការព្រមព្រៀងគ្នាបាននិយាយថាត្រូវតែដក បន្ថយកម្លាំងប្រដាប់អាវុធប្រឈមមុខដាក់គ្នា ហើយនិយមន័យនៃកងកម្លាំងប្រដាប់អាវុធប្រឈមមុខដាក់គ្នាហ្នឹងគឺជាអ្នកដែលមានឯកសណ្ឋាន មានសព្វាវុធក្នុងការច្បាំងគ្នា មិនមែនជាកម្លាំងក្នុងកិច្ចការពារព្រំដែនឬរក្សាសណ្ដាប់ធ្នាប់ទេ ។ ក្នុងន័យហ្នឹងអ្វីដែលយើងទទួលដោយរីករាយហ្នឹង គឺថាមានការដាក់កម្មវិធីបន្ថយទ័ពដើម្បីកុំឲ្យមានការប្រឈមមុខដាក់គ្នា អាហ្នឹងមួយ ។ ហើយទីពីរហ្នឹងឃើញថាប្រាសាទតាមាន់ធំ តាមសេចក្ដីរាយការណ៍ជាផ្លូវការហ្នឹង គឺថាកងទ័ពថៃដែលប្រដាប់អាវុធក្នុងរូបភាពជាប្រយុទ្ធហ្នឹងបានដកថយពីប្រាសាទតាមាន់ ។ ហើយភាគីទាំងពីរព្រមព្រៀងថារៀបចំឲ្យមានជំនួបសាជាថ្មីម្ដងទៀតរវាងរដ្ឋមន្ត្រីការបរទេសជាមួយនិងក្រសួងការពារជាតិទាំងពីរហ្នឹង ក៏ប៉ុន្តែថ្ងៃណាដែលច្បាស់លាស់ខាងខ្ញុំអត់បានដឹងទេ...» ។
ឆ្លើយតបនឹងសំណួរថាតើរដ្ឋាភិបាលខ្មែរអាចជឿទុកចិត្តចំពោះព័ត៌មាននៃការដកទ័ពថៃពីប្រាសាទតាមាន់បានប៉ុណ្ណានោះ លោក ផៃ ស៊ីផាន បានមានប្រសាសន៍សម្ដែងនូវជំនឿទុកចិត្តចំពោះការសន្យារបស់ភាគីថៃ ក្នុងការដោះស្រាយបញ្ហាស្ថានភាពតឹងតែងផ្នែកយោធានៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរយ៉ាងដូច្នេះ ៖ «អានេះយើងជឿថាជាផ្លូវការដែលថាជាសម្ដី ជាការសម្រេចរបស់ប្រជាជាតិដែលស៊ីវីល័យ ឬក៏មានអរិយធម៌ខ្ពស់ ដែលយើងយកពាក្យហ្នឹងថាជាពាក្យបានការ ។ ហើយខាងភាគីខ្មែរខ្ញុំបានជម្រាបជារឿយៗថា សម្ដេចតេជោ ហ៊ុន សែន លោកជ្រើសរើសយកសន្តិភាពក្នុងការដោះស្រាយ លោកជ្រើសរើសយកផ្លូវច្បាប់ជាតិឬក៏អន្តរជាតិមកដោះស្រាយ លោកជ្រើសរើសយកអ្វីដែលជាមិត្តល្អរវាងប្រជាជាតិថៃហើយនិងខ្មែរ ឲ្យបន្តទៅមុខទៀតដើម្បីផ្ដល់ឱកាសក្នុងការរីកចម្រើន ការអភិវឌ្ឍទាំងសងខាង» ។
គួរជម្រាបថារដ្ឋមន្ត្រីការបរទេសថៃនិងកម្ពុជា កាលពីថ្ងៃទី២៨ កក្កដា ២០០៨ បានឯកភាពគ្នាថានឹងដកកងទ័ពចេញរៀងៗខ្លួនពីតំបន់ជម្លោះប្រាសាទព្រះវិហារ ជាតំបន់ដែលទ័ពថៃបានចូលមកកាន់កាប់ដោយខុសច្បាប់ដំបូងគេ ប៉ុន្តែភាគីទាំងពីរនៅរង់ចាំការអនុម័តពីរដ្ឋាភិបាលរៀងៗខ្លួន ក្នុងការកំណត់ពេលវេលានិងចំនួនកងទ័ពដែលត្រូវដកនោះ ។
ភាពតានតឹងផ្នែកយោធារវាងថៃនិងកម្ពុជាបានចាប់ផ្តើមឡើងពីក្រុមធម្មយាត្រាជនជាតិថៃ៣នាក់ ដែលបានឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់ ដើម្បីចូលទៅកាន់ប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ ខែកក្កដា ២០០៨ កន្លងទៅនេះ ក្នុងបំណងមកសម្ដែងការប្រឆាំងទៅនឹងការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយប្រទេសកម្ពុជា ។
ជម្លោះនេះបានបន្តរហូតដល់ប្រាសាទតាមាន់ធំ ក្រោយពីទាហានថៃមិនអនុញ្ញាតឲ្យក្រុមទាហានខ្មែរ ចូលទៅកាន់ប្រាសាទបុរាណរបស់ខ្មែរមួយនេះ ព្រមជាមួយនឹងការបញ្ជូនកងទ័ពរបស់ខ្លួនចំនួន ៧០នាក់បន្ថែមទៀត មកកាន់តំបន់ប្រាសាទតាមាន់ធំនេះ ដែលស្ថិតនៅតាមបណ្តោយជួរភ្នំដងរែកជាប់ព្រំដែនខេត្តសុរិន្ទរបស់ថៃ និងខេត្តឧត្តរមានជ័យរបស់កម្ពុជា៕