ប្រជា​នេសាទ​នៅ​សៀមរាប​បារម្ភ​ពី​ជីវភាព​ខណៈ​ផល​នេសាទ​ចេះតែ​ថយ​ចុះ

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បឹង​ទន្លេសាប​និង​សហគមន៍​នេសាទ​មួយចំនួន​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​បាន​បង្ហាញ​កង្វល់​អំពី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គេ​ដែល​ធ្លាក់​ចុះ​ទៅៗ​និង​រុំព័ទ្ធ​ទៅ​ដោយ​ប្រាក់​បំណុល​កាន់តែ​ច្រើន​ឡើងៗ​ខណៈ​ពេល​ដែល​ផល​នេសាទ​ចេះតែ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

0:00 / 0:00

ប្រធាន​សហគមន៍​ប្រជា​នេសាទ​នៅ​ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម លោក ប៉ក់ សាន បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា នៅ​សហគមន៍​របស់​លោក​ពេល​បច្ចុប្បន្ន​នៅ​រដូវ​បិទ​នេសាទ​នេះ​គឺ​ការនេសាទ​ខុស​ច្បាប់​កំពុង​កើត​ឡើង​ដោយ​មិន​មាន​ការបង្រ្កាប​ទេ។

លោក ប៉ក់ សាន បាន​មាន​ប្រសាសន៍​ទៀត​ថា សហគមន៍​នេសាទ​របស់​លោក​បាន​ទទួល​គ្រប់គ្រង​និង​ថែរក្សា​ព្រៃ​លិច​ទឹក​ចំនួន​១​ម៉ឺន​ហិកតារ​ដែល​បច្ចុប្បន្ន​តំបន់​ព្រៃ​លិច​ទឹក​ដែល​សហគមន៍​លោក​ការពារ​នោះ​ត្រូវ​បាន​គេ​កាប់​ដើម្បី​យក​ដី​ធ្វើ​ស្រែ​នៅ​តំបន់​ខ្លះ ប៉ុន្តែ​លោក​គ្មាន​មធ្យោបាយ​ចុះ​ធ្វើ​សកម្មភាព​ពិនិត្យ​និង​ការពារ​ទេ​ដោយសារ​គ្មាន​សោហ៊ុយ​សម្រាប់​ចាយ​លើ​ការធ្វើ​ដំណើរ ៖ «គេ​រាយការណ៍​មក​ថា​កាប់​ព្រៃ​ធ្វើ​ស្រែ...»

ចំណែក​ស្រ្តី​ម្នាក់​ជា​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា ព្រៃ​លិច​ទឹក​រាប់​សិប​ហិកតារ​នៅ​តំបន់​ក្បែរ​គាត់​រស់នៅ​គឺ​ត្រូវ​បាន​គេ​យក​គ្រឿង​ចក្រ​មក​ឈូស​ឆាយ​យក​ដី ប៉ុន្តែ​គាត់​មិន​ដឹង​ថា គេ​យក​ដី​ព្រៃ​លិច​ទឹក​នោះ​ទៅ​ធ្វើ​អ្វី​ទេ​ដោយ​គ្រាន់តែ​គាត់​ដឹង​ថា មាន​ក្រុមហ៊ុន​ដែល​គាត់​មិន​ស្គាល់​ឈ្មោះ​បាន​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ទី​នោះ។

ស្រ្តី​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ព្រៃ​ច្រើន មិន​ដឹង​ជា​ប៉ុន្មាន​ហិកតារ ព្រោះ​អត់​ដឹង​គេ​ឈូស​ធ្វើ​អី​ផង ដឹង​តែ​ថា​ដី​របស់​ក្រុមហ៊ុន អត់​ដឹង​ថា​ក្រុមហ៊ុន​អី​ទេ»

ក្រុម​ប្រជា​សហគមន៍​នេសាទ​សង្កាត់​ចុងឃ្នាស ក្រុង​សៀមរាប កាលពី​ពេល​ថ្មីៗ​បាន​សម្ដែង​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការថយ​ចុះ​ចំណូល​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រួសារ​ពួក​គេ​ដែល​បាន​មក​ពី​ការនេសាទ​ត្រី​នៅ​ក្នុង​បឹង​ទន្លេ​សាប ដែល​ថា​វា​បណ្តាល​មក​ពី​ការកាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​បំផ្លាញ​ជម្រក​ត្រី​ពង​កូន​និង​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ជា​ច្រើន។

តំណាង​ប្រជា​សហគមន៍​នេសាទ​តំបន់​ចុងឃ្នាស​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តីពី​ការទប់ស្កាត់​លុប​បំបាត់​ការកាប់​ព្រៃ​លិច​ទឹក​និង​ការប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា​កន្លង​មក ដោយ​អំពាវនាវ​ឲ្យ​ប្រជា​នេសាទ​ត្រូវ​ការពារ​ព្រៃ​លិច​ទឹក​និង​ទប់​ស្កាត់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ បើ​ពុំ​នោះ​ទេ​ជីវភាព​អ្នក​នេសាទ​ដែល​ពឹង​ផ្អែក​តែ​លើ​ការនេសាទ​ត្រី​មួយ​មុខ​នឹង​ជួប​ប្រទះ​នូវ​ភាព​ក្រីក្រ ហើយ​កើន​ឡើង​នូវ​បំណុល​ច្រើន​ឡើងៗ​ដោយសារ​តែ​ផល​ត្រី​ថយ​ចុះ​មិន​អាច​រក​មក​លក់​ដូរ​បាន​គ្រប់​គ្រាន់។

តំណាង​ប្រជា​សហគមន៍​នេសាទ​ដដែល​បាន​បញ្ជាក់​ថា ៖ «ឥឡូវ​នេះ​អ្នក​នេសាទ​យើង​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​បណ្ដែត​ទឹក​បាន​កើន​ឡើង​នូវ​ប្រាក់​បំណុល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រើ​មិន​រួច។ ណា​ផល​នេសាទ​ត្រូវ​បាន​ថយ​ចុះ ដើម្បី​ឲ្យ​ទ្រាំទ្រ​នឹង​តម្រូវការ ត្រូវ​បង្កើន​ឧបករណ៍​នេសាទ​និង​សម្ភារៈ​ប្រើប្រាស់ ដូច្នេះ​ការចំណាយ​កាន់តែ​មាន​ការកើន​លុប​នឹង​ចំណូល ទើប​បង្កើន​បំណុល​ឡើងៗ»

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្ព័ន្ធ​អភិរក្ស​ធនធាន​ជលផល FACT លោក ម៉ើ អាត់តាលាស់ បាន​មាន​ប្រសាសន៍​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ធនធាន​មច្ឆា​ជាតិ​គ្រប់​ប្រភេទ​ក្នុង​បឹង​ទន្លេសាប​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយសារ​តែ​កំណើន​ពលរដ្ឋ, ការកាប់​រាន​ព្រៃ​លិច​ទឹក​និង​ការប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​និង​ឆក់​ជាដើម ហើយ​គេ​គួរតែ​បញ្ឈប់​រាល់​ការកាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​និង​បញ្ឈប់​ការប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទាំង​ឡាយ​នោះ។

លោក ម៉ើ អាត់តាលាស់ បាន​មាន​ប្រសាសន៍​ថា ៖ «ការកាប់​រាន​ព្រៃ​លិច​ទឹក​ធ្វើ​កសិកម្ម ការប្រើប្រាស់​ម៉ូតូ​ឆក់ និង​ឧបករណ៍​ផ្សេង​ទៀត ធ្វើ​ឲ្យ​ធនធាន​ជលផល​ក្នុង​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​ការព្រួយ​បារម្ភ»

មន្រ្តី​រដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹង​ថា តាម​ការស្រាវជ្រាវ​ពូជ​មច្ឆា​ជាតិ​នៅ​ក្នុង​បឹង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា​មាន​ប្រមាណ​២៨០​ប្រភេទ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ​ត្រី​ខ្លះ​បាន​ផុត​ពូជ​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ពី​ធម្មជាតិ​ផង​និង​ពី​មនុស្ស​ផង។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប លោក ទឹម សាវុធ បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការថយ​ចុះ​ចំនួន​ត្រី​ក្នុង​បឹង​ទន្លេសាប​ដោយសារ​កត្តា​មួយចំនួន​ដូច​ជា​ចំនួន​អ្នក​នេសាទ​បាន​កើន​ឡើង ការប្រែប្រួល​បរិស្ថាន កើន​ឡើង​នៃ​ល្បាប់​ភក់​ក្នុង​មួយ​ឆ្នាំៗ និង​ការអភិវឌ្ឍ​ខ្លះ​នៃ​បឹង​ទន្លេ​សាប​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី​ពង​កូន។

លោក ទឹម សាវុធ បាន​ឲ្យ​ដឹង​ថា ៖ «យើង​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការថយ​ចុះ។ ទី​១ គឺ​កំណើន​របស់​ប្រជាពលរដ្ឋ​កើន​ឡើង មួយ​ទៀត​មក​ពី​កត្តា​ប្រែប្រួល​បរិស្ថាន ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​យើង​មាន​កំណក​ល្បប់​ភក់​កើន​ឡើង​ប្រហែល​១​សង់ទីម៉ែត្រ។ តំបន់​ចុងឃ្នាស ឥឡូវ​នេះ​យើង​អភិវឌ្ឍ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ដែន​នេសាទ​យើង​ធំ​ណាស់។ ការលើក​ទំនប់​កាត់​ព្រៃ​លិច​ទឹក​ធ្វើ​ឲ្យ​យើង​បាត់បង់​ដែន​ជម្រក​មច្ឆា​ជាតិ។ ព្រៃ​លិច​ទឹក​ជា​អាយុ​ជីវិត​របស់​វិស័យ​ជលផល កាល​ណា​បាត់បង់​ព្រៃ​លិច​ទឹក​ដូច​បាត់បង់​ជលផល បាត់បង់​ត្រី​ហើយ កាលណា​បាត់បង់​ត្រី បាត់បង់​អាយុ​ជីវិត​របស់​យើង​ហើយ ព្រោះ​យើង​ពឹង​ផ្អែក​ទៅ​លើ​នេសាទ​ច្រើន​ណាស់»

ចំណែក​អនុ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប លោក ស៊ឹម ឈាវឈានវិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា បរិស្ថាន​ព្រៃ​លិច​ទឹក​គឺ​ជា​អាយុ​ជីវិត​របស់​ប្រជា​នេសាទ​នៅ​តាម​សហគមន៍​នានា​ដែល​ត្រូវ​រួម​គ្នា​ការពារ​ឬ​ត្រូវ​ជូន​ដំណឹង​មក​អាជ្ញាធរ​នៅ​ពេល​ជួប​ប្រទះ​ការកាប់​បំផ្លាញ​ព្រៃ​លិច​ទឹក។

លោក ស៊ឹម ឈាវឈានវិសិដ្ឋ បាន​មានប្រសាសន៍​ថា ៖ «ជីវិត​រស់នៅ​របស់​បង​ប្អូន​តាម​ដង​ទន្លេ​សាប ជាពិសេស​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប សូម​មេត្តា​ជួយ​គិត​គូរ​ពិចារណា​គ្នា គឺ​យើង​គូរ​តែ​ថែរក្សា​បរិស្ថាន ជា​ពិសេស​គឺ​ព្រៃ​លិច​ទឹក​នេះ​ការពារ​ដើម្បី​ឲ្យ​ព្រៃ​របស់​យើង​វា​គង់វង្ស សូម​មេត្តា​ជួយ​ការពារ​ទាំងអស់​គ្នា»

បទបញ្ជា​ស្តីពី​ការទប់​ស្កាត់​ការកាប់​រាន​ដី​ព្រៃ​ឈើ​គ្រប់​ប្រភេទ​ដែល​ជា​របស់​រដ្ឋ​យក​ទៅ​ធ្វើ​ជា​ឯកជន​កាលពី​ខែ​ឧសភា ឆ្នាំ​២០០៦​កន្លង​មក បាន​បញ្ញត្តិ​ឲ្យ​ដក​ហូត​យក​ដី​ព្រៃ​ឈើ​គ្រប់​ប្រភេទ​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ទាំងអស់​យក​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​តាម​ការចាំបាច់។

ប្រមុខ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជំទាស់​ដាច់​ខាត​រាល់​ការកាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​គ្រប់​ប្រភេទ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «ត្រូវ​ប្រមូល​យក​មក​វិញ​នូវ​ព្រៃ​លិច​ទឹក​ទាំងឡាយ ជា​ព្រៃ​កោងកាង​ក្ដី ជា​ព្រៃ​នៅ​ក្នុង​តំបន់​នានា ដែល​រដ្ឋ​ហាម​ឃាត់​ត្រី​ដើម្បី​ដាំ​ដុះ​ព្រៃ​ឡើង​វិញ ហើយ​រក្សា​ព្រៃ​នេះ​ទៅ​ជា​ព្រៃ​សម្រាប់​ត្រី​ពង​ជា​បន្ត​ទៀត»

ទាក់ទិន​នឹង​បញ្ហា​ព្រៃ​លិច​ទឹក​មន្ត្រី​រដ្ឋបាល​ជលផល​ឲ្យ​ដឹង​ថា វា​មាន​សារសំខាន់​ណាស់​សម្រាប់​ជម្រក​ត្រី​ពង​កូន​ក្នុង​បឹង​ទន្លេ​សាប​ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពី​ត្រី​ប្រមាណ​ពី​១៥០​-​២០០​លាន​ដុល្លារ​អាមេរិក។

មន្ត្រី​រដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការសិក្សា​ព្រៃ​លិច​ទឹក​តាម​បឹង​ទន្លេ​សាប​មាន​ប្រមាណ​៦០​ប្រភេទ​ដែល​គេ​ពុំ​បាន​ដឹង​ពី​ទំហំ​ហិកតារ​ច្បាស់​លាស់ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​ការកាប់​រាន​ព្រៃ​លិច​ទឹក​កំពុង​កើត​មាន​នៅ​តាម​តំបន់​ជា​ច្រើន។ មន្ត្រី​ដដែល​ក៏​ពុំ​បាន​លាត​ត្រដាង​ថា​តើ​ការកាប់​រាន​ទន្ទ្រាន​ព្រៃ​លិច​ទឹក​នោះ​មាន​ទំហំ​ប៉ុន្មាន​ហិកតារ​នៅ​ឡើយ​ទេ៕