ប្រធានសហគមន៍ប្រជានេសាទនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម លោក ប៉ក់ សាន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅសហគមន៍របស់លោកពេលបច្ចុប្បន្ននៅរដូវបិទនេសាទនេះគឺការនេសាទខុសច្បាប់កំពុងកើតឡើងដោយមិនមានការបង្រ្កាបទេ។
លោក ប៉ក់ សាន បានមានប្រសាសន៍ទៀតថា សហគមន៍នេសាទរបស់លោកបានទទួលគ្រប់គ្រងនិងថែរក្សាព្រៃលិចទឹកចំនួន១ម៉ឺនហិកតារដែលបច្ចុប្បន្នតំបន់ព្រៃលិចទឹកដែលសហគមន៍លោកការពារនោះត្រូវបានគេកាប់ដើម្បីយកដីធ្វើស្រែនៅតំបន់ខ្លះ ប៉ុន្តែលោកគ្មានមធ្យោបាយចុះធ្វើសកម្មភាពពិនិត្យនិងការពារទេដោយសារគ្មានសោហ៊ុយសម្រាប់ចាយលើការធ្វើដំណើរ ៖ «គេរាយការណ៍មកថាកាប់ព្រៃធ្វើស្រែ...»។
ចំណែកស្រ្តីម្នាក់ជាប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា ព្រៃលិចទឹករាប់សិបហិកតារនៅតំបន់ក្បែរគាត់រស់នៅគឺត្រូវបានគេយកគ្រឿងចក្រមកឈូសឆាយយកដី ប៉ុន្តែគាត់មិនដឹងថា គេយកដីព្រៃលិចទឹកនោះទៅធ្វើអ្វីទេដោយគ្រាន់តែគាត់ដឹងថា មានក្រុមហ៊ុនដែលគាត់មិនស្គាល់ឈ្មោះបានឈូសឆាយព្រៃលិចទឹកទីនោះ។
ស្រ្តីដដែលបានឲ្យដឹងថា ៖ «ព្រៃច្រើន មិនដឹងជាប៉ុន្មានហិកតារ ព្រោះអត់ដឹងគេឈូសធ្វើអីផង ដឹងតែថាដីរបស់ក្រុមហ៊ុន អត់ដឹងថាក្រុមហ៊ុនអីទេ»។
ក្រុមប្រជាសហគមន៍នេសាទសង្កាត់ចុងឃ្នាស ក្រុងសៀមរាប កាលពីពេលថ្មីៗបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការថយចុះចំណូលប្រចាំថ្ងៃសម្រាប់គ្រួសារពួកគេដែលបានមកពីការនេសាទត្រីនៅក្នុងបឹងទន្លេសាប ដែលថាវាបណ្តាលមកពីការកាប់បំផ្លាញព្រៃលិចទឹកបំផ្លាញជម្រកត្រីពងកូននិងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាច្រើន។
តំណាងប្រជាសហគមន៍នេសាទតំបន់ចុងឃ្នាសបានមានប្រសាសន៍ក្នុងឱកាសយុទ្ធនាការផ្សព្វផ្សាយស្តីពីការទប់ស្កាត់លុបបំបាត់ការកាប់ព្រៃលិចទឹកនិងការប្រើឧបករណ៍នេសាទខុសច្បាប់កាលពីថ្ងៃទី១៩ ខែមិថុនាកន្លងមក ដោយអំពាវនាវឲ្យប្រជានេសាទត្រូវការពារព្រៃលិចទឹកនិងទប់ស្កាត់ឧបករណ៍នេសាទខុសច្បាប់ បើពុំនោះទេជីវភាពអ្នកនេសាទដែលពឹងផ្អែកតែលើការនេសាទត្រីមួយមុខនឹងជួបប្រទះនូវភាពក្រីក្រ ហើយកើនឡើងនូវបំណុលច្រើនឡើងៗដោយសារតែផលត្រីថយចុះមិនអាចរកមកលក់ដូរបានគ្រប់គ្រាន់។
តំណាងប្រជាសហគមន៍នេសាទដដែលបានបញ្ជាក់ថា ៖ «ឥឡូវនេះអ្នកនេសាទយើងដែលស្ថិតនៅក្នុងភូមិបណ្ដែតទឹកបានកើនឡើងនូវប្រាក់បំណុលពីមួយឆ្នាំទៅមួយឆ្នាំរើមិនរួច។ ណាផលនេសាទត្រូវបានថយចុះ ដើម្បីឲ្យទ្រាំទ្រនឹងតម្រូវការ ត្រូវបង្កើនឧបករណ៍នេសាទនិងសម្ភារៈប្រើប្រាស់ ដូច្នេះការចំណាយកាន់តែមានការកើនលុបនឹងចំណូល ទើបបង្កើនបំណុលឡើងៗ»។
តំណាងអង្គការក្រៅរដ្ឋាភិបាលសម្ព័ន្ធអភិរក្សធនធានជលផល FACT លោក ម៉ើ អាត់តាលាស់ បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះធនធានមច្ឆាជាតិគ្រប់ប្រភេទក្នុងបឹងទន្លេសាបបានធ្លាក់ចុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែកំណើនពលរដ្ឋ, ការកាប់រានព្រៃលិចទឹកនិងការប្រើឧបករណ៍នេសាទខុសច្បាប់និងឆក់ជាដើម ហើយគេគួរតែបញ្ឈប់រាល់ការកាប់បំផ្លាញព្រៃលិចទឹកនិងបញ្ឈប់ការប្រើឧបករណ៍នេសាទខុសច្បាប់ទាំងឡាយនោះ។
លោក ម៉ើ អាត់តាលាស់ បានមានប្រសាសន៍ថា ៖ «ការកាប់រានព្រៃលិចទឹកធ្វើកសិកម្ម ការប្រើប្រាស់ម៉ូតូឆក់ និងឧបករណ៍ផ្សេងទៀត ធ្វើឲ្យធនធានជលផលក្នុងបឹងទន្លេសាប ស្ថិតក្នុងការព្រួយបារម្ភ»។
មន្រ្តីរដ្ឋបាលជលផលបានឲ្យដឹងថា តាមការស្រាវជ្រាវពូជមច្ឆាជាតិនៅក្នុងបឹងទន្លេសាបនៃប្រទេសកម្ពុជាមានប្រមាណ២៨០ប្រភេទ ប៉ុន្តែពេលបច្ចុប្បន្ននេះត្រីខ្លះបានផុតពូជបណ្តាលមកពីកត្តាជាច្រើនពីធម្មជាតិផងនិងពីមនុស្សផង។
នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប លោក ទឹម សាវុធ បានមានប្រសាសន៍ថា លោកទទួលស្គាល់ថា ពិតជាមានការថយចុះចំនួនត្រីក្នុងបឹងទន្លេសាបដោយសារកត្តាមួយចំនួនដូចជាចំនួនអ្នកនេសាទបានកើនឡើង ការប្រែប្រួលបរិស្ថាន កើនឡើងនៃល្បាប់ភក់ក្នុងមួយឆ្នាំៗ និងការអភិវឌ្ឍខ្លះនៃបឹងទន្លេសាបដែលធ្វើឲ្យប៉ះពាល់ដល់ជម្រកត្រីពងកូន។
លោក ទឹម សាវុធ បានឲ្យដឹងថា ៖ «យើងទទួលស្គាល់ថាពិតជាមានការថយចុះ។ ទី១ គឺកំណើនរបស់ប្រជាពលរដ្ឋកើនឡើង មួយទៀតមកពីកត្តាប្រែប្រួលបរិស្ថាន ពីមួយឆ្នាំទៅមួយឆ្នាំយើងមានកំណកល្បប់ភក់កើនឡើងប្រហែល១សង់ទីម៉ែត្រ។ តំបន់ចុងឃ្នាស ឥឡូវនេះយើងអភិវឌ្ឍធ្វើឲ្យប៉ះពាល់ទៅដល់ដែននេសាទយើងធំណាស់។ ការលើកទំនប់កាត់ព្រៃលិចទឹកធ្វើឲ្យយើងបាត់បង់ដែនជម្រកមច្ឆាជាតិ។ ព្រៃលិចទឹកជាអាយុជីវិតរបស់វិស័យជលផល កាលណាបាត់បង់ព្រៃលិចទឹកដូចបាត់បង់ជលផល បាត់បង់ត្រីហើយ កាលណាបាត់បង់ត្រី បាត់បង់អាយុជីវិតរបស់យើងហើយ ព្រោះយើងពឹងផ្អែកទៅលើនេសាទច្រើនណាស់»។
ចំណែកអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ស៊ឹម ឈាវឈានវិសិដ្ឋ បានមានប្រសាសន៍ថា បរិស្ថានព្រៃលិចទឹកគឺជាអាយុជីវិតរបស់ប្រជានេសាទនៅតាមសហគមន៍នានាដែលត្រូវរួមគ្នាការពារឬត្រូវជូនដំណឹងមកអាជ្ញាធរនៅពេលជួបប្រទះការកាប់បំផ្លាញព្រៃលិចទឹក។
លោក ស៊ឹម ឈាវឈានវិសិដ្ឋ បានមានប្រសាសន៍ថា ៖ «ជីវិតរស់នៅរបស់បងប្អូនតាមដងទន្លេសាប ជាពិសេសស្ថិតនៅក្នុងខេត្តសៀមរាប សូមមេត្តាជួយគិតគូរពិចារណាគ្នា គឺយើងគូរតែថែរក្សាបរិស្ថាន ជាពិសេសគឺព្រៃលិចទឹកនេះការពារដើម្បីឲ្យព្រៃរបស់យើងវាគង់វង្ស សូមមេត្តាជួយការពារទាំងអស់គ្នា»។
បទបញ្ជាស្តីពីការទប់ស្កាត់ការកាប់រានដីព្រៃឈើគ្រប់ប្រភេទដែលជារបស់រដ្ឋយកទៅធ្វើជាឯកជនកាលពីខែឧសភា ឆ្នាំ២០០៦កន្លងមក បានបញ្ញត្តិឲ្យដកហូតយកដីព្រៃឈើគ្រប់ប្រភេទដែលត្រូវបានរំលោភបំពានទាំងអស់យកមកទុកជាសម្បត្តិរដ្ឋវិញតាមការចាំបាច់។
ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសជំទាស់ដាច់ខាតរាល់ការកាប់បំផ្លាញព្រៃលិចទឹកគ្រប់ប្រភេទ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «ត្រូវប្រមូលយកមកវិញនូវព្រៃលិចទឹកទាំងឡាយ ជាព្រៃកោងកាងក្ដី ជាព្រៃនៅក្នុងតំបន់នានា ដែលរដ្ឋហាមឃាត់ត្រីដើម្បីដាំដុះព្រៃឡើងវិញ ហើយរក្សាព្រៃនេះទៅជាព្រៃសម្រាប់ត្រីពងជាបន្តទៀត»។
ទាក់ទិននឹងបញ្ហាព្រៃលិចទឹកមន្ត្រីរដ្ឋបាលជលផលឲ្យដឹងថា វាមានសារសំខាន់ណាស់សម្រាប់ជម្រកត្រីពងកូនក្នុងបឹងទន្លេសាបក្នុងមួយឆ្នាំៗ កម្ពុជាអាចទទួលបានប្រាក់ចំណូលពីត្រីប្រមាណពី១៥០-២០០លានដុល្លារអាមេរិក។
មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងទៀតថា តាមការសិក្សាព្រៃលិចទឹកតាមបឹងទន្លេសាបមានប្រមាណ៦០ប្រភេទដែលគេពុំបានដឹងពីទំហំហិកតារច្បាស់លាស់ ប៉ុន្តែពេលបច្ចុប្បន្នការកាប់រានព្រៃលិចទឹកកំពុងកើតមាននៅតាមតំបន់ជាច្រើន។ មន្ត្រីដដែលក៏ពុំបានលាតត្រដាងថាតើការកាប់រានទន្ទ្រានព្រៃលិចទឹកនោះមានទំហំប៉ុន្មានហិកតារនៅឡើយទេ៕