មានប្រសាសន៍ក្នុងអង្គសន្និបាតក្រុមប្រឹក្សាជាតិលើកទី១ នៅព្រឹកថ្ងៃ១៩ កក្កដា ឆ្នាំ២០០៩ ឯទីស្នាក់ការកណ្តាលគណបក្សនៅទីក្រុងភ្នំពេញប្រធានគណបក្សសិទ្ធិមនុស្សគឺ លោក កឹម សុខា បានមានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាជាតិនៃគណបក្សសិទ្ធិមនុស្សទាំងអស់ បានព្រមព្រៀងគ្នាសម្រេចជំរុញនិងពន្លឿនការរួមបញ្ចូលគ្នារវាងគណបក្សទាំង២។
លោក កឹម សុខា ថ្លែងដូច្នេះថា ៖ «ជំរុញនិងពន្លឿនឲ្យមានការសម្រេចជាគោលការណ៍ជាក់លាក់អំពីរូបភាពលក្ខណៈបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី ឲ្យបានឆាប់រហ័សមុនដំណាច់ឆ្នាំ២០០៩នេះ បើអាចធ្វើទៅបាន។ ក៏ប៉ុន្តែការបង្កើតគណបក្សថ្មីតាមគោលការណ៍សម្រេចខាងលើនេះ អាចធ្វើនៅពេលក្រោយតាមពេលវេលាចាំបាច់ក៏បាន»។
ទោះបីជាយ៉ាងនេះក្តី លោក កឹម សុខា មានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិនៃគណបក្សសិទ្ធិមនុស្សក៏បានសម្រេចផងដែរថា ការរួមបញ្ចូលគ្នានេះគឺមិនយកឈ្មោះគណបក្សទាំង២ ដែលមានស្រាប់នោះមកប្រើទេ ពោលគឺត្រូវបង្កើតឈ្មោះមួយថ្មី។
លោក កឹម សុខា ថ្លែងយ៉ាងដូច្នេះ ៖ «បញ្ជាក់ទៀតថា គណបក្សសិទ្ធិមនុស្សចង់ឃើញ ចង់បានយ៉ាងម៉េច ការរួបរួមហ្នឹង? គណបក្សសិទ្ធិមនុស្សចង់ឃើញការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយដោយបង្កើតឲ្យបាននូវគណបក្សថ្មីមួយ ចង់បានគណបក្សថ្មីមួយ មិនមែនចង់តែចាប់ទាំងអស់គ្នានោះទេ ចង់ឲ្យគេចូលយើងក៏មិនចង់ យើងទៅចូលគេក៏មិនចង់ ចង់បានរួមគ្នាថ្មីមួយដែលមានលក្ខណៈប្រជាធិបតេយ្យផ្ទៃក្នុងបក្ស កុំឲ្យថា ចាំឈ្នះឆ្នោតបានប្រជាធិបតេយ្យ ឲ្យប្រជាធិបតេយ្យផ្ទៃក្នុងបក្សហើយ អាហ្នឹងបានគេជឿ»។
គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលគណបក្សសិទ្ធិមនុស្សបានធ្វើសន្និបាតក្រុមប្រឹក្សាជាតិរបស់ខ្លួនបន្ទាប់ពីគណបក្សនេះចាប់កំណើតបានរយៈពេល២ឆ្នាំមកនោះ។
សមាជិកក្រុមប្រឹក្សាជាតិទាំងក្នុងនិងក្រៅប្រទេសចំនួន ៣១៥នាក់ បានចូលរួមក្នុងសន្និបាតនេះ។
ប្រធានគណបក្សសិទ្ធិមនុស្សលោក កឹម សុខា មានប្រសាសន៍ថា អង្គសន្និបាតនេះប្រារព្ធឡើងដើម្បីកំណត់ទិសដៅផែនការអនុវត្តគោលនយោបាយរបស់គណបក្សសិទ្ធិមនុស្សសម្រាប់២ឆ្នាំខាងមុខ គឺ២០១០-២០១១ រួមទាំងការត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១២ ខាងមុខនេះផងដែរ៕