មន្ត្រី​បក្ស​សមរង្ស៊ី​ចូល​សួរ​សុខទុក្ខ​ពលរដ្ឋ​២​នាក់​ក្នុង​ពន្ធនាគារ​ខែត្រ​ស្វាយរៀង

ឆ្មាំ​គុក​ខេត្ត​ស្វាយរៀង​នៅ​ថៃ្ង​១៩ មករា​នេះ បាន​អនុញ្ញាត​ឲ្យ​តំណាង​នៃ​គណបក្ស​សមរង្ស៊ី ៣​រូប​ចូល​សួរ​សុខទុក្ខ​លោក​ស្រី មាស ស្រី និង​លោក ព្រំ ជា នៅ​ក្នុង​គុក ក្រោយ​ពី​តុលាការ​ខេត្ត​ស្វាយរៀង​បាន​អនុញ្ញាត​ជា​ផ្លូវការ​កាល​ពី​ល្ងាច​ថៃ្ង​ច័ន្ទ​កន្លង​ទៅ​នេះ។
ដោយ សុខ សេរី
2010-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៩-មករា-២០១០: មន្ត្រី​ប៉ូលិស​ពិនិត្យ​លិខិត​អនុញ្ញាត​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី នៅ​មុខ​ពន្ធនាគារ​ខែត្រ​ស្វាយរៀង។
១៩-មករា-២០១០: មន្ត្រី​ប៉ូលិស​ពិនិត្យ​លិខិត​អនុញ្ញាត​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី នៅ​មុខ​ពន្ធនាគារ​ខែត្រ​ស្វាយរៀង។
RFA/Sok Serey

តំណាង​រាស្រ្ត​ចំនួន ៣​រូប​នោះ មាន​លោក យឹម សុវណ្ណ, លោក​ស្រី ជូ ទ្បុងស៊ូមូរ៉ា និង​លោក​ស្រី កែ សុវណ្ណារ័ត្ន ដោយ​មាន​ការ​ឆែកឆេរ​ខ្លួន​ប្រាណ និង​មាន​កម្លាំង​នគរបាល​ចម្រុះ​រាប់​សិប​នាក់​ប្រដាប់​ដោយ​អាវុធ​ឈរ​យាម​ការពារ​សណ្តាប់ធ្នាប់​យ៉ាង​ម៉ត់ចត់​នៅ​ក្រៅ​គុក​នោះ។

ភរិយា​របស់​លោក ព្រំ ជា លោក​ស្រី ឈឿង សារិន និង​លោក មាស ព្រិល ជា​បង​ប្រុស​របស់​លោក​ស្រី មាស ស្រី ក៏​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខទុក្ខ​ជាមួយ​គ្នា​និង​តំណាង​រាស្រ្ត​ ៣​រូប​នោះ​ផងដែរ។

លោក កែន សាវឿន ជា​ប្រធាន​គ្រប់គ្រង​គុក​នៅ​ក្នុង​ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​ណែនាំ​នៅ​មុន​ការ​អនុញ្ញាត​នោះ​ថា ៖ «មិន​ឲ្យ​យក​សម្ភារៈ​ថត​សំឡេង ថត​រូប ហើយ​និង​ទូរស័ព្ទ​ចូល​ទេ ហើយ​ឯកឧត្ដម​អាច​ផ្ញើ​ទុក​នៅ​មន្ត្រី​យើង​បាន ឬ​ក៏​ដាក់​ក្នុង​ឡាន​ចាក់​សោ​ទុក​ក៏​បាន​ដែរ។ មួយ​ទៀត​ក្នុង​ការ​ចូល​សួរ សូម​ឯកឧត្ដម លោក​ជំទាវ ធ្វើ​ម៉េច​សហការ​អំពី​បញ្ហា​សន្តិសុខ​ជាមួយ​នឹង​យើង​ខ្ញុំ​ផង ហើយ​កុំ​ធ្វើ​អ្វី​ឲ្យ​លើស​ពី​ក្រមខ័ណ្ឌ​សួរ​សុខទុក្ខ។ សូម​លោក​ជំទាវ ឯកឧត្ដម អនុញ្ញាត​ឲ្យ​ខ្ញុំ​ឆែក​ផង​បាន​ទេ?»

១៩-មករា-២០១០: កម្លាំង​នគរបាល​ចម្រុះ​យាម​ការពារ​សណ្តាប់ធ្នាប់​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ខែត្រ​ស្វាយរៀង។ (RFA/Sok Serey)
១៩-មករា-២០១០: កម្លាំង​នគរបាល​ចម្រុះ​យាម​ការពារ​សណ្តាប់ធ្នាប់​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ខែត្រ​ស្វាយរៀង។ RFA/Sok Serey

លោក យឹម សុវណ្ណ ជា​តំណាង​រាស្ត្រ​និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​គុក​ក្រោយ​ពី​ការ​សាកសួរ​សុខទុក្ខ​នោះ​ថា ៖ «លោក ព្រំ ជា មាន​សុខភាព​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ​ស្មារតី​របស់​គាត់​គឺ​រឹង​មាំ ហើយ​គាត់​បាន​អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល​ដែល​ជា​ដើម​ចោទ​នៅ​ក្នុង​ករណី​បណ្ដឹង​ចោទ​ប្រកាន់​គាត់ សុំ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ដោះលែង​គាត់​ចេញ​ពី​ពន្ធនាគារ ហើយ​គាត់​គ្រាន់​តែ​ចង់​បាន​ដី​របស់​គាត់​មក​វិញ»

លោក​ស្រី ឈឿង សារិន ជា​ភរិយា​របស់​លោក ព្រំ ជា បាន​ថ្លែង​ប្រាប់​នៅ​ខាង​ក្រៅ​គុក​នោះ​ថា ៖ «សុខភាព​គាត់​ចុះ​ខ្សោយ​ហើយ​ស្គម គាត់​ឈឺ​ជើង ហើយ​ទឹក​នោម​នេះ​ផង ប្រមេះ​ទឹក​បាយ»

សុខ សេរី ៖ បង​ស្រី​បាន​សួរ​សុខ​ទុក្ខ​ផ្ដាំ​ផ្ញើ​យ៉ាង​ម៉េច​ខ្លះ? ឈឿង សារិន ៖ ខ្ញុំ​ផ្ដាំ​ផ្ញើ​ថា កុំ​ឲ្យ​គាត់​ព្រួយ​បារម្ភ​អី...។

លោក មាស ព្រិល ជា​បង​ប្រុស​របស់​លោក​ស្រី មាស ស្រី បាន​ថ្លែង​ផងដែរ​ថា ៖ «វា​មិន​សូវ​ស្រួល។ សំណូមពរ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះលែង​ប្អូន​ខ្ញុំ»

ការ​ចូល​សួរ​សុខទុក្ខ​របស់​ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​សមរង្ស៊ី​នា​ពេល​នេះ​ជា​លើក​ដំបូង​ហើយ នៅ​គ្រា​ដែល​តុលាការ​ខេត្ត​ស្វាយរៀង​មាន​គម្រោងការ​បើក​សវនាការ​ជម្រះ​ក្តី​នៃ​សំណុំរឿង​របស់​លោក​ស្រី មាស ស្រី និង​លោក ព្រំ ជា នោះ នៅ​ថៃ្ង​ទី​២៧ ខែ​មករា សបា្តហ៍​ក្រោយ​នេះ ជាមួយ​នឹង​សំណុំរឿង​របស់​លោក សម រង្ស៊ី នោះ​ផងដែរ។

តុលាការ​ខេត្ត​ស្វាយរៀង​បាន​ចាប់​ឃុំ​ខ្លួន​លោក​ស្រី មាស ស្រី និង​លោក ព្រំ ជា កាល​ពី​ថៃ្ង​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៩ កន្លង​ទៅ​ថ្មីៗ​នេះ ក្រោម​បទ​ចោទ​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ ដោយសារ​តែ​បាន​ចូលរួម​ក្នុង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ រវាង​កម្ពុជា​និង​វៀតណាម ជាមួយ​នឹង​លោក សម រង្ស៊ី កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩ កន្លង​ទៅ នៅ​ក្នុង​ភូមិ​កោះក្បាន​កណ្តាល ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង៕

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

government like to stike cambodian.
but for thailand kill cambodian they ignore that right?

Jan 21, 2010 12:53 AM

អ្នក​អាន​អនាមិក

សូមក្រឡេកមើលេអោយគ្របៈជ្រុងជ្រោយ តើស្រុកខ្មែរមានសុវត្ថិភាពសំរាប់អ្នកប្រឆាំងចំពោះមុខច្បាប់ទេ? តុលាការក្នុងស្រកខ្មែរមានដែលផ្តល់យុត្តិធមចំពោះជនរងគ្រោះទេ? បើមិនគេចខ្លួនបណ្តោះអាសន្ន តើសុខចិត្តនៅទទួលភាពអយុត្តិធម? តើ សម រង្សី ធ្វើនេះមិនមែនដើម្បីជាតិទេរឺ? សូមប្រើវិចារណញាណផង ក្នុងនាមខ្ែមរដូចគ្នា!!!!!

Jan 20, 2010 08:32 PM

អ្នក​អាន​អនាមិក

My heart goes to the victims who are in double jeopardy.My tears are dripping when I see the video clips.

Jan 19, 2010 10:57 PM

អ្នក​អាន​អនាមិក

Good actions! with the same Khmer race, we have to be strict!!!!

Jan 19, 2010 09:52 PM

អ្នក​អាន​អនាមិក

មិនគួរណាធ្វើឲ្យប្រជាជនជាប់គុកហើយរត់ចោលពួគគាត់សោះ។រួចក៏នាំគ្នាទៅមើលជាក្រោយមិនគួរឲ្យទុកចិត្តបានទេចំពោះមេដឹកនាំយ៉ាងនេះចំពោះប្រជាជន។

Jan 19, 2010 08:37 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល