លោកស្រី មាស ចន្ថាវី អាយុ៥៤ឆ្នាំ ជាចៅសង្កាត់រងទី២នៃសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល បានត្អូញត្អែរថា លោកស្រីមានការខ្មាសអៀននៅពេលចូលទៅធ្វើការងារម្តងៗអង្គុយតែម្នាក់ឯងនៅតែស្ងៀម មិនមានការងារទទួលខុសត្រូវដោះស្រាយក្នុងតួនាទីជាចៅសង្កាត់រងទី២នៃសង្កាត់ដើមមាន ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលនោះ។
លោកស្រី មាស ចន្ថាវី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ចៅសង្កាត់ខាងគណបក្សប្រជាជនកម្ពុជាបានប្រកាសក្នុងកិច្ចប្រជុំមួយកាលពីសប្តាហ៍កន្លងទៅថ្មីៗនេះដកហូតសិទ្ធិនិងការទទួលខុសត្រូវរបស់លោកស្រីគ្មានសល់ដោយបានប្រគល់សិទ្ធិនិងតួនាទីនោះឲ្យទៅចៅសង្កាត់រងទី១វិញជាអ្នកទទួលខុសត្រូវដោះស្រាយ។
លោកស្រី មាស ចន្ថាវី បានបញ្ជាក់ថា ៖ «ដកខ្ញុំហ្នឹងអត់ឲ្យដំណោះស្រាយទេ ទៅជាឲ្យសង្កាត់រងទី១ដោះស្រាយវិញ។ ខ្ញុំនៅគណបក្សសមរង្ស៊ី ខាងគេគណបក្សប្រជាជន។ ស្រាប់តែឆ្លើយថានេះជាសិទ្ធិរបស់គាត់ មិនអាចធ្វើបាន ហើយគ្មានមាត្រាគ្មានអី គាត់គំហកមកអ៊ីចឹង»។
លោកស្រីបានឲ្យដឹងថា នៅក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាលនោះ គណបក្សសមរង្ស៊ីមានចំនួន៣អាសនៈ ក្រៅពីនោះជាអាសនៈរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់គឺចំនួន៦អាសនៈក្នុងចំណោមអាសនៈសរុប៩។
ប្រតិកម្មតបទៅនឹងការចោទប្រកាន់ខាងលើនេះ លោក ហ៊ីង សឿន ជាចៅសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ខាងគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ពន្យល់ថា ៖ «អាហ្នឹងអត់ខុសទេ ខ្ញុំជាអ្នកចាត់តាំងជំទប់ទី២ ឥឡូវនេះជាចៅសង្កាត់រងទី២ ទទួលបន្ទុកការងារសន្តិសុខសណ្ដាប់ធ្នាប់។ ហើយកន្លងមកខ្ញុំចេះតែឲ្យដោះស្រាយជំនួសខ្ញុំ ការពិតគេប្ដឹងឲ្យមេឃុំដោះស្រាយមិនមែនរឿងគាត់ឯណា ប៉ុន្តែខ្ញុំចាត់តាំងឲ្យគាត់ធ្វើការដោះស្រាយ។ ខ្ញុំខ្ជិលនិយាយអីវែងឆ្ងាយ គាត់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទេ ហើយណាមួយទៀត ការងារក៏គាត់មានការងារធ្វើដែរ អ៊ីចឹងខ្ញុំទុកឲ្យចៅសង្កាត់រងទី១ ជំនួសមុខឲ្យខ្ញុំ អត់មានខុសទេ ក្នុងនីតិវិធីច្បាប់ក៏បានលើកឡើងដែរ មេឃុំ ចៅសង្កាត់ មានសិទ្ធិគ្រប់គ្រាន់ទាំងអស់ ហើយអត់ដកឯណា?»។
លោក ពុទ្ធា ហង្ស ជានាយកប្រតិបត្តិនៃអង្គការនិចហ្វិកឃ្លាំមើលការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «សមាជិកក្រុមប្រឹក្សាគ្រប់រូបទោះបីជាចៅសង្កាត់ឬក៏ចៅសង្កាត់រងក៏ដោយត្រូវបានបោះឆ្នោតទុកចិត្តដោយប្រជាពលរដ្ឋ អ៊ីចឹងពួកគាត់មានតួនាទីប្រហាក់ប្រហែលគ្នាក្នុងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ»។
លោកសង្កេតឃើញថា ការរើសអើងខាងនយោបាយក្នុងរង្វង់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជាមានការថយចុះសម្រាប់អាណត្តិទីពីរនេះបើប្រៀបធៀបនឹងក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិដំបូង។
សូមរំឭកថា ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី១កាលពីឆ្នាំ២០០២ និងអាណត្តិទី២ កាលពីខែមេសា ឆ្នាំ២០០៧កន្លងទៅនេះ ហើយប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៣នៅឆ្នាំ២០១២ខាងមុខនេះ៕