លោក ជូង ជូងី មេធាវី​សកម្មជន​បក្ស សម រង្ស៊ី ព្រួយ​រឿង​តុលាការ​ចាប់​ខ្លួន

មេធាវី ជូង ជូងី កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រធាន​គណៈ​មេធាវី​កម្ពុជា លោក ជីវ សុងហាក់ ដើម្បី​ដោះស្រាយ​ករណី​របស់​លោក នៅ​គ្រា​ដែល​តុលាការ​ខេត្ត​កណ្ដាល​ប៉ុនប៉ង​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ រូប​លោក នៅ​ពេល​ខាង​មុខ​នេះ ពី​បទ​ព្រហ្មទណ្ឌ។

0:00 / 0:00

ក្រៅ​ពី​នេះ លោក ជូង ជូងី បាន​ប្ដឹង​ទៅ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ករណី​របស់​លោក។

ប្រធាន​គណៈ​មេធាវី​កម្ពុជា លោក ជីវ សុងហាក់ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី ៦ ខែ​ធ្នូ ឆ្នាំ ២០១១ សុំ​ឲ្យ​ព្រះរាជអាជ្ញា​នៃ​តុលាការ​កណ្ដាល​ឲ្យ​បញ្ជូន​សំណុំរឿង និង​ឯកសារ​ពាក់ព័ន្ធ​ករណី​មេធាវី ជូង ជូងី នោះ មក​គណៈ​មេធាវី ដើម្បី​ចាត់ការ​ជា​សមត្ថកិច្ច។

មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​គណបក្ស សម រង្ស៊ី គឺ​លោក ជូង ជូងី កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បន្ទាប់​ពី​លោក​បាន​ទទួល​ដំណឹង​ក្រៅ​ផ្លូវការ​ថា តុលាការ​នៅ​ខេត្ត​កណ្ដាល​គ្រោង​ចោទ​ប្រកាន់ ដើម្បី​ចាប់​ខ្លួន​លោក ក្រោម​បទ​ព្រហ្មទណ្ឌ ដោយសារ​តែ​លោក​បាន​រំដោះ​សកម្មជន​គណបក្ស សម រង្ស៊ី ម្នាក់​ឈ្មោះ មាស ប៉េង ចេញ​ពី​ពន្ធនាគារ នៅ​ខេត្ត​កណ្ដាល​កន្លង​ទៅ​នេះ។

ព្រះរាជអាជ្ញា​នៃ​តុលាការ​ខេត្ត​កណ្ដាល លោក អ៊ុក គឹមសិទ្ធិ បាន​ចេញ​ដីកា​កោះហៅ​លោក ជូង ជូងី ទៅ​សាកសួរ​ម្ដង​រួច​ទៅ​ហើយ កាល​ពី​ថ្ងៃ​ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១១ ពី​បទ​រំដោះ​ជន​ជាប់ចោទ​ឈ្មោះ មាស ប៉េង ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល។ ប៉ុន្តែ លោក ជូង ជូងី បាន​បដិសេធ​មិន​ទៅ​ឆ្លើយ​បំភ្លឺ​ទេ។ កូន​ក្ដី​របស់​លោក ជូង ជូងី ឈ្មោះ មាស ប៉េង នោះ គឺ​ជា​ជំទប់​ទី​២ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ខាង​គណបក្ស សម រង្ស៊ី។

នៅ​ឯ​ការិយាល័យ​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០១១ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មាស ប៉េង គឺ​លោក ជូង ជូងី មាន​ប្រសាសន៍​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «រឿង​នេះ បើ​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់ ខ្ញុំ​ត្រូវ ១០០%។ គឺ​ចៅក្រម និង​​តំណាង​អយ្យការ​ឃុំ​ខ្លួន​កូន​ក្តី​ខ្ញុំ មិន​បាន​សម្រេច​មក​រក​រឿង​ខ្ញុំ​ជា​មេធាវី»។

លោក​បាន​អះអាង​ថា ព្រះរាជអាជ្ញា​នៃ​តុលាការ​ខេត្ត​កណ្ដាល បាន​ចាប់​ខ្លួន​កូន​ក្ដី​របស់​លោក ឈ្មោះ មាស ប៉េង ដោយ​គ្មាន​ដីកា ដើម្បី​សាកសួរ​ក្រោម​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ជុំវិញ​ការ​តវ៉ា​ទាមទារ​ដី នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​កន្លង​មក។ ដូច្នេះ​ហើយ បាន​ជា​រូប​លោក​មាន​សិទ្ធិ​រំដោះ​លោក មាស ប៉េង ចេញ​ពី​ពន្ធនាគារ​នោះ។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ ប្រធាន​គណៈ​មេធាវី​កម្ពុជា លោក ជីវ សុងហាក់ មាន​ប្រសាសន៍​ថា លោក​បាន​បង្កើត​ក្រុម​អធិការកិច្ច​មួយ ដើម្បី​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា តើ​លោក ជូង ជូងី បាន​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​ត្រឹមត្រូវ​ដែរ​ឬ​ទេ ជុំវិញ​ករណី​ការពារ​ក្ដី​ឲ្យ​លោក មាស ប៉េង នោះ។

លោក ជីវ សុងហាក់៖ «តុលាការ (ខេត្ត​កណ្ដាល) គេ​ធ្វើ​លិខិត​មក​មួយ ឆ្លើយ​មក​ថា គេ​មិន​អាច​ផ្ញើ​សំណុំរឿង​ហ្នឹង​មក​បាន​ទេ។ ពីព្រោះ អា​ហ្នឹង​មិនមែន​ជា​រឿង​វិជ្ជាជីវៈ ដែល​ត្រូវ​ដាក់​ពិន័យ​តាម​ច្បាប់​លក្ខន្តិកៈ​មេធាវី​ទេ។ រឿង​នេះ ជា​រឿង​ព្រហ្មទណ្ឌ។ បើ​គាត់ (លោក ជូង ជូងី) បំពេញ​ភារកិច្ច​គាត់ ក្នុង​ក្រប​ខណ្ឌ​វិជ្ជាជីវៈ​ជា​មេធាវី គណៈ​មេធាវី​មាន​តួនាទី​ការពារ​គាត់»។

មូលហេតុ​សំខាន់ ដែល​នាំ​ឲ្យ​តុលាការ​ខេត្ត​កណ្ដាល​ប៉ុនប៉ង​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​មេធាវី ជូង ជូងី គឺ​ដោយសារ​តែ​​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ សកម្មជន​គណបក្ស សម រង្ស៊ី ឈ្មោះ មាស ប៉េង នៅ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល ត្រូវ​បាន​គេ​ចាប់​ខ្លួន​នាំ​មក​តុលាការ ហើយ​សាកសួរ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ លឹម សុគន្ថា និង​ត្រូវនគរបាល​​​ឃុំ​ខ្លួន​លោក នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល ក្រោយ​ការ​សួរ​​ចម្លើយ​ចប់។ លោក ជូង ជូងី បាន​រំដោះ​លោក មាស ប៉េង ចេញ​ពី​ពន្ធនាគារ​ដោយ​សម្អាង​ថា តុលាការ​ខេត្ត​កណ្ដាល​ចាប់ និង​ឃុំ​ខ្លួន​កូន​ក្ដី​របស់​លោក​ដោយ​គ្មាន​ដីកា។

លោក មាស ប៉េង ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ជម្លោះ​ដី​មួយ​កន្លែង​ទំហំ​ជាង ៤៣ ហិកតារ​រវាង​អតីត​អភិបាល​រង​ខេត្ត​កណ្ដាល លោក ប្រាក់ សាវុធ ជាមួយ​ប្រជា​ពលរដ្ឋ​ចំនួន ១១៥ គ្រួសារ នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

តំណាងរាស្ត្រ គណបក្ស សម រង្ស៊ី នៅ​ខេត្ត​កណ្ដាល លោក ចាន់ ចេង ត្រូវ​បាន​សភាជាតិ​ដក​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ នៅ​ថ្ងៃ​ទី ២០ ខែ​ធ្នូ​កន្លង​ទៅ​នេះ តាម​សំណើ​របស់​ក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យ​តុលាការ​ខេត្ត​កណ្ដាល​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ក្រោម​បទ​ចូលរួម​រំដោះ​លោក មាស ប៉េង ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល​នោះ។

លោក ចាន់ ចេង បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​សភា​ដក​អភ័យឯកសិទ្ធិ៕