អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​២​រូប​ត្រូវ​តុលាការ​ខេត្ត​តាកែវ​កោះ​ហៅ

តុលាការ​ខេត្ត​តាកែវ​បាន​កោះ​ហៅ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​២​រូប​ទៅ​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​៩ កុម្ភៈ ដោយ​អ្នក​យក​ព័ត៌មាន​មួយ​រូប​គឺ​លោក សុខ សេរី ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​លោក ទីន ហ្សាការីយ៉ា បាន​ត្រូវ​កោះ​ហៅ​ឲ្យ​ទៅ​ធ្វើ​ជា​សាក្សី​ក្នុង​សវនាការ។

ភាគី​ដើម​បណ្ដឹង​នៅ​ក្នុង​ឱកាស​នោះ​មាន​លោក រី ម៉ាត់ ដែល​ជា​ហាកឹម ឬ​អ្នក​គ្រប់គ្រង​សាសនា​ឥស្លាម​នៅ​ភូមិ​កំពង់យោល ឃុំ​គោកពោធិ៍ ស្រុក​បូរីជលសារ និង​មាន​លោក ឯក កន់តារា ជា​មេធាវី​ដើម​បណ្តឹង លោក មួង សុគន្ធ ជា​មេធាវី​ចុង​ចោទ។

ពាក្យ​បណ្តឹង​របស់​ដើម​ចោទ​គឺ​លោក រី ម៉ាត់ ទាក់ទង​ជាមួយ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ដោយ​មាន​ចុង​ចោទ​សរុប​ទាំង​អស់​ចំនួន​៥​នាក់ រួម​មាន​លោក សុខ សេរី អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ម្នាក់​ផង។ ចៅក្រម​សវនាការ​មាន​លោក ចេង ប៊ុនលី និង​លោក សាយ ណូរ៉ា ជា​ព្រះរាជ​អាជ្ញា​នៃ​សវនាការ។

ព្រះ​រាជ​អាជ្ញា​សវនាការ​គឺ​លោក សាយ ណូរ៉ា បាន​ចោទ​ប្រកាន់​មនុស្ស​២​នាក់ គឺ​លោក នីសាន់ និង​លោក ស៊ឹប សេន ត្រូវ​ចោទ​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។ ចំណែក​មនុស្ស​៣​នាក់​ទៀត គឺ​លោក សុខ សេរី លោកស្រី ខឹម សារ៉ុម លោក ជៀប ចៀវ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​តែ​មួយ​មុខ​ប៉ុណ្ណោះ។

ក្រោយ​ពី​មាន​ការ​សាកសួរ​អស់​រយៈពេល​មួយ​ថ្ងៃ​មក នៅ​រសៀល​ថ្ងៃ​ទី​៩ កុម្ភៈ ចៅក្រម​សវនាការ​លោក ចេង ប៊ុនលី ប្រកាស​ឲ្យ​ដឹង​ថា ភាគី​ដើម​បណ្តឹង​បាន​ទាមទារ​សំណង​ប្រាក់​ចំនួន​១០​លាន​រៀល​ពី​ឈ្មោះ នីសាន់ និង​លោក ស៊ឹប សេន និង​សូម​ឲ្យ​ផ្តន្ទាទោស​តាម​ច្បាប់ ហើយ​សាលក្រម​ទាក់ទង​ពាក្យ​បណ្តឹង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ខាង​មុខ។

សវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​អ្នក​កាសែត​និង​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​តាកែវ​នេះ មាន​អ្នក​ចូល​រួម​ប្រហែល​៣០​នាក់ ដែល​មាន​មន្រ្តី​តំណាង​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ការងារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ និង​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​សរុប​ប្រមាណ​៣០​នាក់​បាន​ចូល​រួម​ស្តាប់​និង​សង្កេត​ការណ៍៕