ការចោទប្រកាន់នោះធ្វើឡើងនៅបន្ទាប់ពីសមាគមរកឃើញថា មានការគំរាមកំហែង ៤ករណីលើប្រធាន និងថ្នាក់ដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតាមខេត្តផ្សេងៗពីគ្នា ដោយមន្ទីរអប់រំខេត្តបានកោះហៅឲ្យទៅបំភ្លឺ បន្ទាប់ពីអ្នកទាំងនោះបានផ្តល់បទសម្ភាសន៍ពីបញ្ហាគ្រូបង្រៀនប្រាប់ប្រព័ន្ធសារព័ត៌មាន។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ៖ «រូបភាពនេះវាអាក្រក់មែនទែន ដែលក្រសួងបានបញ្ជាឲ្យធ្វើបែបនេះ។ វាផ្ទុយទៅនឹងច្បាប់ ហើយវាផ្ទុយទៅនឹងសង្គមដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ហើយបើសង្គមមួយប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ត្រូវតែផ្ដល់សិទ្ធិឲ្យលោកគ្រូ អ្នកគ្រូ ចូលរួមឲ្យបានសកម្មក្នុងការបញ្ចេញមតិក្នុងន័យរិះគន់ស្ថាបនា»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៨ ខែមករា រហូតមកដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១០នេះ មានថ្នាក់ដឹកនាំសមាគមនៅខេត្តព្រៃវែង ពោធិ៍សាត់ ក្រចេះ និងកំពង់ឆ្នាំង ដែលត្រូវបានមន្ទីរអប់រំខេត្តក្រុងកោះហៅទៅសាកសួរនិងធ្វើកំណត់ហេតុ។
លោក រ៉ុង ឈុន បានហៅសកម្មភាពកោះហៅនោះថាជារូបភាពមិនល្អ និងខុសគោលការណ៍ប្រជាធិបតេយ្យ ច្បាប់ប្រទេសកម្ពុជាដែលបានធានាអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងបង្កើតសមាគម។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ៖ «ខ្ញុំគិតថា នេះជាការប្រឆាំងទៅនឹងការបញ្ចេញមតិរបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសកម្មជនសមាគម ហើយវាជាការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរទាក់ទិនទៅនឹងការផ្ដល់បទសម្ភាសន៍នេះ»។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានអំពាវនាវឲ្យក្រសួងអប់រំ យុវជន និងកីឡា បញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺតបពីក្រសួងអប់រំបាននៅឡើយទេចំពោះករណីនេះនៅថ្ងៃអង្គារនេះ៕