នៅក្នុងលិខិតផ្ញើជូនលោករដ្ឋមន្ត្រី វង សូត ចុះថ្ងៃទី៣០ តុលា លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានគូសបញ្ជាក់ថា ផ្អែកតាមគម្រោង ក្នុងវគ្គបណ្តុះបណ្តាលមួយត្រូវមានរយៈពេល៥ថ្ងៃ និងថវិកាចំណាយសម្រាប់មួយវគ្គចំនួន៤៥០ទៅ៥២០ដុល្លារ ហើយគ្រូបច្ចេកទេសត្រូវទទួលប្រាក់ឈ្នួលក្នុងមួយខែ ១២០ដុល្លារ។ ប៉ុន្តែវគ្គដែលមានរយៈពេល៥ថ្ងៃត្រូវនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវនោះកាត់បន្ថយនៅតែ៣ថ្ងៃប៉ុណ្ណោះ។
នៅក្នុងលិខិតចោទប្រកាន់នេះក៏បានបញ្ជាក់ដែរថា មានបុគ្គលិកចំនួន៣២នាក់បានអះអាងថា ពួកគេបានទទួលប្រាក់ឈ្នួលតែ៦ខែប៉ុណ្ណោះ ហើយ៦ខែទៀតអត់បានទទួលប្រាក់ឈ្នួល។ ខចោទមួយទៀត គឺអ្នកស្រីនាយិកាក៏បានប្រព្រឹត្តបទក្លែងបន្លំវិក្កយបត្រផងដែរ។
សូមបញ្ជាក់ថា នៅពេលនេះពុំមានប្រភពផ្សេងបញ្ជាក់បន្ថែមលើការចោទប្រកាន់នេះនៅឡើយទេ ក្រៅតែពីមានបុគ្គលិករបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ ចំនួន៩នាក់បានផ្តិតមេដៃលើញត្តិមួយផ្ញើជូនសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលវិទ្យុអាស៊ីសេរីទទួលបាន។
ផ្អែកតាមញត្តិតវ៉ានេះប្រាក់ទាំងនេះត្រូវបានឧបត្ថម្ភដោយធនាគារអភិវឧ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ២០០៧មកម្ល៉េះ៕