លោកគ្រូទាំងនោះ បានទាមទារថា ពួកគាត់ប្រឆាំងនេះមិនមែនដើម្បីប្រយោជន៍បុគ្គលទេ គឺប្រយោជន៍សិស្សានុសិស្សដែលចេះតែមានចំនួនសិស្សកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ឲ្យពួកគេមានទីធ្លារៀនធំទូលាយ មានកន្លែងហាត់កីឡាមានកន្លែងអង្គុយសំរាកជាដើម៖ «ហើយក្នុងអង្គភាពសាលាហ្នឹង កាលណាមានអង្គភាពផ្សេងទៀតមកនៅក្នុងសាលាអ៊ីចឹង មិនដឹងជាសាលាអីខ្លះ មានគ្រប់អង្គភាពក្នុងសាលាវិទ្យាល័យបឹងត្របែកអ៊ីចឹង»។
លោកគ្រួខ្លះទៀតមានប្រសាសន៍ថា វិបត្តិកាត់យកដីសាលាបឹងត្របែកចែកទៅឲ្យស្ថាប័នផ្សេងៗ បានកើតឡើងបន្តបន្ទាប់ ក្រោយពីអង្គការជប៉ុន បានមកសុំដីសាលាទៅសង់អគារ៣ ក្នុងនោះមានរោងពុម្ពមួយដែរ។ ក្រោយមកសាលាច្បាប់សុំសង់អគារក្នុងដីសាលាបឹងត្របែកអស់ទទឹង ១៣ម៉ែត្រ បណ្តោយប្រមាណ ២០០ម៉ែត្រ។ ថ្មីៗនេះមានវាស់យកទីធ្លាសាលានេះឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា និងការិយាល័យគណៈវិស្វករកម្ពុជា ដែលធ្វើឲ្យផ្ទៃដីសាលាកាន់តែរួមតូច។
លោកគ្រូម្នាក់ទៀតបានរិះគន់ថា បើរដ្ឋាភិបាលមិនជួយថែរក្សាទីតាំងសាលានេះទេ សូមកុំបំផ្លាញទីតាំងចាស់ដែលសាលានេះបានបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៦០ មានទំហំដីប្រមាណ ១០ហិកតារឯណោះ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានថ្លែងថា នាយករដ្ឋមន្ត្រីទើបអំពាវនាវកាលពីថ្ងៃ៩ កុម្ភៈ ហាមប៉ះពាល់ ឬជួញដូរវត្តអារាម សាលារៀនជាដើម។ ប៉ុន្តែផ្ទៃដីនៅក្នុងវិទ្យាល័យបឹងត្របែក បានអង្កន់ចែកស្ថាប័នផ្សេងៗបន្តិចម្តងៗ៖ «អ្វីដែលក្រសួងអប់រំ ផ្ដល់ដីឲ្យហ្នឹងដូចជាការទះកំផ្លៀងនាយករដ្ឋមន្ត្រីអ៊ីចឹងហើយ»។
យុវសិស្សច្រើននាក់បានគាំទ្រការតវ៉ារបស់លោកគ្រូ អ្នកគ្រូ។
សិស្សថ្នាក់ទី១២ សុំមិនប្រាប់ឈ្មោះបានថ្លែងថា នៅពេលសិស្សកំពុងរៀនមានមនុស្សចុះវាស់ដីក្នុងវិទ្យាល័យបឹងត្របែក បន្តបន្ទាប់ ធ្វើឲ្យសិស្សភ្ញាក់ផ្អើល រំខានការរៀនមិនបានស្ងប់ច្រើនលើក៖ «ចំពោះការយកទីតាំងសាលាធ្វើអគារផ្សេងៗ គឺខ្ញុំអត់យល់។ ទីធ្លាកាន់តែបង្រួមតូច កន្លែងលេងកីឡាសំរាប់បង្កើនសុខភាពក៏កាន់តែរួមតូចទៅទៀត»។
កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ អគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក បា្រក់ មិន ប្រាប់វិទ្យុអាស៊ីសេរី ថា ការិយាល័យចាស់របស់គណៈវិស្វករកម្ពុជា នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាមិត្តភាពកម្ពុជា-សូវៀត (សាលាតិចណូ) បានលិចទឹក មិនអាចយកជាកន្លែងសំរាប់ប្រជុំគណៈវិស្វកម្មអាស៊ាន ឆ្នាំ២០១២ ២០១៣ បានទេ ទើបរដ្ឋាភិបាលសម្រេចរកកន្លែងធ្វើការថ្មីនៅវិទ្យាល័យបឹងត្របែក។
អនុរដ្ឋលេខាធិការក្រសួងអប់រំ លោក លី សុមុន្នី ថ្លែងថា យោងតាម ស.ជ.ណ. របស់ទីស្តីការគណៈរដ្ឋមន្រ្តី បានសំរេចឲ្យយកអគារសិក្សាវិទ្យាល័យបឹងត្របែក ប៉ែកខាងជើង ប្រគល់ឲ្យមជ្ឈមណ្ឌលឯកសារតម្កល់ឯកសារ។ មជ្ឈមណ្ឌលនោះនឹងសង់អគារថ្មី ទំហំ និងកំពស់ ២ជាន់ ព្រមទាំងចំនួនបន្ទប់រៀនគ្រប់ចំនួនសងមកវិទ្យាល័យវិញ។ អគារថ្មី គឺសង់បង្ខិតមកខាងត្បូងដីនៅទល់មុខអគារសិក្សាចាស់។ ឯការិយាល័យគណៈវិស្វករនឹងសង់ស្របអគារសង់ថ្មីនោះ ឲ្យនៅទល់មុខបណ្ណាល័យ ហ៊ុន សែន។
លោក លី សុមុន្នី៖ «យកពីយើងទៅហ្នឹង គេសង់អគារមួយថ្មី ឲ្យបន្ទប់ស្មើគ្នា ហើយនិងគេសុំជួយខាងទីចាត់ការឲ្យសាលាមួយទៀតដែលមានសាលប្រជុំសាលអី»។
នាយកវិទ្យាល័យបឹងត្របែក លោក ផេង សុវណ្ណារ៉ា ថ្លែងថា មន្ត្រីក្រសួងអប់រំបានមកប្រជុំជាមួយលោកគ្រូ អ្នកគ្រូ នៅថ្ងៃចន្ទ តែគ្មានលទ្ធផល ព្រោះគ្រូនៅតែទាមទារឲ្យរក្សាផ្ទៃដីសាលាដដែល៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។