ទាហាន​ខ្មែរ​និង​ថៃ​ប៉ះ​ប្រយុទ្ធ​គ្នា​នៅ​ជិត​ប្រាសាទ​ព្រះវិហារ

កង​ទាហាន​ខ្មែរ​និង​ថៃ​នៅ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​ជា​ថ្មី​ម្ដង​ទៀត​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​សុក្រ ទី​៣ ខែ​មេសា បន្ទាប់​ពី​មាន​ការប៉ះ​ប្រយុទ្ធ​ម្តង​មក​ហើយ​កាលពី​ព្រឹក​ព្រលឹម​នៅ​ក្បែរ​តំបន់​វាល​ឥន្រ្ទី​បណ្តាល​ឲ្យ​ទាហាន​ប៉ារ៉ា​ថៃ​ស្លាប់​និង​របួស​មួយចំនួន​មក​ហើយ​នោះ។

0:00 / 0:00

ទាហាន​ខ្មែរ​មួយ​រូប​ដែល​កំពុង​ប៉ះ​ប្រយុទ្ធ​ជាមួយ​ទាហាន​ថៃ​នៅ​តំបន់​វាល​ឥន្រ្ទី​បាន​ឲ្យ​ដឹង​ថា ការប៉ះ​ប្រយុទ្ធ​គ្នា​បាន​ចាប់ផ្តើម​ឡើង​កាលពី​ម៉ោង​ប្រមាណ​២​និង​៥​នាទី​រសៀល​ថ្ងៃ​សុក្រ ដោយ​មាន​ការប៉ះ​ប្រយុទ្ធ​ជា​ច្រើន​កន្លែង​ចាប់​ពី​ចំណុច​ចង្កេះ​ភ្នំ​ទ្រព្យ វាល​ឥន្រ្តី រហូត​ដល់​ចំណុច​សំបុក​ឃ្មុំ​នៅ​ទល់​មុខ​ប្រាសាទ​ព្រះវិហារ។

ទាហាន​ដដែល​បាន​និយាយ​ថា គេ​ឃើញ​ទាហាន​ថៃ​បាន​រង​របួស​និង​ស្លាប់​ជា​ច្រើន​បន្ទាប់ពី​មាន​ការប្រយុទ្ធ​គ្នា​ជាង​៤០​នាទី ហើយ​ទាហាន​ខ្មែរ​បាន​ដណ្តើម​កាន់កាប់​បន្ទាយ​២០​ខ្នង​របស់​ទាហាន​ថៃ​ដែល​នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ភាគ​ខាង​លិច​វាល​ឥន្ទ្រី។

ទាហាន​ដដែល​បាន​បញ្ជាក់​ថា ៖ «វា​លើក​ទង់​ជ័យ​ស​ទៀត ម៉ោង​២:៤០​នាទី។ ទាំង​ងាប់​ទាំង​របួស​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់ គុណ​ជា​ពីរ... វា​កំពុង​អូស​សាកសព​ឡើង​យន្តហោះ។ យក​បាន​ទីតាំង​វា​ហើយ ឥឡូវ​ឈរ​ជើង​នៅ​ទីតាំង​វា ដល់​បន្ទាយ​វា​អា​ផ្ទះ​២០​ខ្នង»

ចំណែក​នៅ​ឯ​មុខ​ប្រាសាទ​ព្រះវិហារ មន្ត្រី​ប៉ូលិស​ខ្មែរ​បាន​អះអាង​ថា ផ្ទះ​និង​ផ្សារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​ភូមិ​ខាង​ក្រោម​ប្រាសាទ​បាន​ឆេះ​ដោយសារ​ទាហាន​ថៃ​បាន​បាញ់​គ្រាប់​កាំភ្លើង​ធំ​ដាក់​ជា​ច្រើន​គ្រាប់។

មន្ត្រី​ប៉ូលិស​ដដែល​បាន​មាន​ប្រសាសន៍​ថា ៖ «វ៉ៃ​ឡើង​ឆេះ​ផ្សារ​អស់​ហើយ ថៃ​បាញ់​ចូល​មក ថៃ​ផ្លោង​គ្រាប់​៦០​មីលីម៉ែត្រ។ ខ្ញុំ​រត់​គេច​ថ្លោះ​ជើង​អស់ អា​១២​បាញ់​ដូច​ម្រាម​ដៃ​អ៊ីចឹង»

ការប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​ថៃ​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​សុក្រ​បាន​កើត​ឡើង​ប្រមាណ​ជា​ពីរ​ម៉ោង​ក្រោយ​ពេល​ដែល​មេ​បញ្ជាការ​យោធា​ខ្មែរ​ថៃ​គ្រប់គ្រង​តំបន់​ជម្លោះ​បាន​ជួប​ជជែក​គ្នា​នៅ​ជិត​ទី​វត្ត​កែវសិក្ខាគិរីស្វៈរៈ​ដើម្បី​ស្វែងរក​ការបន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​កាលពី​ម៉ោង​១១​រហូត​ដល់​ម៉ោង​១២​ព្រឹក។

ទោះ​យ៉ាង​ណា​មេ​បញ្ជាការ​យោធា​ខ្មែរ​គ្រប់គ្រង​តំបន់​ជម្លោះ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក មិន​បាន​អធិប្បាយ​អំពី​ហេតុការណ៍​នោះ​ទេ ដោយ​លោក​គ្រាន់តែ​មាន​ប្រសាសន៍​ថា លោក​ព្យាយាម​រក​ដំណោះស្រាយ​បញ្ហា​នោះ​ឲ្យ​ប្រសើរ ៖ «យើង​ចេះតែ​សម្រួលៗ​គ្នា​ទៅ​ណា៎ អត់​អី​ទេ ធម្មតាៗ»

កាលពី​វេលា​ម៉ោង​ប្រមាណ​៧:១០​នាទី​ព្រឹក ទាហាន​ខ្មែរ​និង​ទាហាន​ប៉ារ៉ា​ថៃ​បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ម្តង​មក​ហើយ​នៅ​វាល​ឥន្ទ្រី​ដែល​តាម​ប្រភព​ទាហាន​ខ្មែរ​អះអាង​មិន​ផ្លូវការ​ឲ្យ​ដឹង​ថា ទាហាន​ថៃ​២​នាក់​ស្លាប់​និង​៤​នាក់​រង​របួស។

សូម​បញ្ជាក់​ថា នេះ​ជា​ការប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​និង​ថៃ​ជា​លើក​ទី​បី​ហើយ​នៅ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ ដោយ​កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០០៨ ទាហាន​ថៃ​ឈុត​ខ្មៅ​បាន​ប៉ះ​ប្រយុទ្ធ​ជាមួយ​ទាហាន​ខ្មែរ​មួយ​ក្រុម​នៅ​វាល​ឥន្ទ្រី​បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​បាន​រង​របួស ហើយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០៨ បាន​ប៉ះ​ប្រយុទ្ធ​គ្នា​នៅ​វាល​ឥន្ទ្រី ភ្នំ​ទ្រព្យ និង​មុខ​ប្រាសាទ​ព្រះវិហារ បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​៣​នាក់​ស្លាប់ ២​នាក់​រង​របួស និង​ទាហាន​ថៃ​៣​នាក់​ស្លាប់​និង​៥​នាក់​រង​របួស។

ប្រតិកម្ម​ប្រទេស​ថៃ​ជុំវិញ​ការប៉ះ​ប្រយុទ្ធ​គ្នា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ ឈ្មោះ ថារីត ឆារុងវ៉ាត់ ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអេហ្វប៉េ​ផ្សាយ​បន្ត​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ពិត​ជា​មាន​ការប៉ះ​អាវុធ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ​និង​ខ្មែរ​នៅ​តំបន់​ព្រំដែន​ជម្លោះ​នោះ​មែន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ​បញ្ជាក់​ថា ប៉ុន្តែ​ការប៉ះ​អាវុធ​បាន​បញ្ឈប់​ហើយ​គឺ​គ្មាន​ការរបួស​ឬ​ស្លាប់​ទាហាន​ថៃ​ណា​ម្នាក់​ទេ។

ចំណែក​ចៅហ្វាយ​ខេត្ត​ស៊ីសាកេត ខេត្ត​ថៃ​ដែល​ជាប់​តំបន់​ជម្លោះ​នោះ គឺ​លោក ស៊ីនី ជីតាកា ស៊ិម និយាយ​ថា ការប៉ះ​អាវុធ​ប្រយុទ្ធ​គ្នា​នោះ​បាន​ផ្តើម​ឡើង​នា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ម៉ោង​នៅ​តំបន់​នោះ ផ្ទុះ​ឡើង​ក្នុង​គ្រា​ដែល​កងទ័ព​ខ្មែរ​បាន​ចូល​ទៅ​ពិនិត្យ​មើល​ទី​ចំណុច​ដែល​កងទ័ព​ថៃ​ម្នាក់​ជាន់​មីន​របួស​កាលពី​ម្សិលមិញ។

ចៅហ្វាយ​ខេត្ត​ថៃ​រូប​នោះ​ចោទ​ថា កងទ័ព​ខ្មែរ​ជា​អ្នក​បង្ក​ការផ្ទុះ​អាវុធ​នោះ​មុន និង​ថា​កងទ័ព​ថៃ​តបត​វិញ​ក្នុង​ការបង្ហាញ​ថា​ដែនដី​នោះ​ជា​កម្មសិទ្ធិ​របស់​ថៃ។

រីឯ​អ្នក​នាំ​ពាក្យ​កងទ័ព​ថៃ លោកស្រី ម៉ៃ ស៊ីរីយ៉ា ឃីនស៊ីរីគុល ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អេភី​ផ្សាយ​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា ការប៉ះ​អាវុធ​ប្រយុទ្ធ​គ្នា​នោះ​បាន​បញ្ឈប់​ហើយ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​កងទ័ព​ថៃ​ថ្លែង​ចោទ​ថា ភាគី​កម្ពុជា​ជា​អ្នក​ផ្តើម​ការផ្ទុះ​អាវុធ ប៉ុន្តែ​ថា លោកស្រី​ពុំ​មាន​ព័ត៌មាន​លម្អិត​អំពី​ការប៉ះ​អាវុធ​ប្រយុទ្ធ​គ្នា​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​សុក្រ​ដដែល​នេះ​ទេ៕