មន្ត្រីអ្នកនាំពាក្យខុទ្ទកាល័យរាជរដ្ឋាភិបាល លោករដ្ឋលេខាធិការ ផៃ ស៊ីផាន បានមានប្រសាសន៍ឲ្យដឹងថា ព្រឹត្តិការណ៍ដែលមានទាហានថៃបានដើរជាន់គ្រាប់មីននោះគឺបានកើតឡើងនៅវេលាម៉ោងប្រមាណ៨:២០នាទីព្រឹក គឺនៅគ្រាដែលមានក្រុមទាហានថៃប្រមាណ៣០នាក់បានជ្រៀតចូលជ្រៅក្នុងទឹកដីខ្មែរប្រមាណច្រើនរយម៉ែត្រនៅឯតំបន់លានឥន្ទ្រីក្បែរប្រាសាទព្រះវិហារខ្មែរ។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន បានឲ្យដឹងថា ៖ «៨:២០នាទីហ្នឹងគឺមានស្នូរសំឡេងផ្ទុះមីន ហើយកងទ័ពថៃដែលមានឯកសណ្ឋានជាប៉ារ៉ាហ្នឹងបានជ្រៀតចូលទៅតំបន់នោះដែលមានចម្ងាយប្រវែងប្រហែលជា៦០០ម៉ែត្រពីព្រំដែនកម្ពុជាថៃ។ បន្ទាប់ពីផ្ទុះមីនហ្នឹងមកកងទ័ពថៃគាត់បានបាញ់រះដែលយោធាបានសន្និដ្ឋានថា បាញ់សម្រាប់ដកអ្នកដែលត្រូវរបួសដាច់ជើងមួយហ្នឹងថយទៅវិញ»។
មន្ត្រីរដ្ឋាភិបាលដដែលបានថ្លែងថា ការជ្រៀតចូលរបស់ទាហានថៃនោះគឺជាការរំលោភមួយថ្មីទៀតដែលថាថៃនៅតែបន្តការជ្រៀតចូលលើទឹកដីកម្ពុជា។
ការដើរជាន់គ្រាប់មីនគឺបានកើតឡើងនៅក្រោយព្រឹត្តិការណ៍ដែលមានប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា ទាហានថៃនៅតែបន្តការរំលោភលើអធិបតេយ្យភាពជាតិខ្មែរនៅឯតំបន់ប្រាសាទព្រះវិហារ និងលោកបានបញ្ជាឲ្យកងទាហានខ្មែរវាយប្រហារបើសិនជាទាហានថៃបន្តការរំលោភឈ្លានពានលើទឹកដីខ្មែរនោះទៀត។
ក្នុងសំណួរថា តើហេតុអ្វីបានជាទាហានខ្មែរមិនព្រមវាយប្រហារទាហានថៃនៅពេលដែលបានចូលជ្រៅច្រើនរយម៉ែត្រនៅក្នុងទឹកដីខ្មែរទៅហើយនោះ? លោករដ្ឋលេខាធិការ ផៃ ស៊ីផាន បានមានប្រសាសន៍បំភ្លឺតបយ៉ាងនេះថា ៖ «ចំណុចទី១ហ្នឹង គឺកងល្បាតថៃដែលជ្រៀតចូលហ្នឹងដោយអាថ៌កំបាំង ដោយលាក់ខ្លួនពួនសម្ងំជ្រកចូលទៅក្នុងព្រៃក្រាស់ដែលយើងមិនដែលបានធ្លាប់ចូល ដែលវានៅឆ្ងាយប្រហែលជា៦០០-៧០០ម៉ែត្រពីភ្នែករបស់កងល្បាតរបស់យើង ដូច្នេះហើយយើងអត់ហ៊ានធ្វើការបាញ់ប្រហារទៅកន្លែងនោះទេ ប៉ុន្តែកងទ័ពថៃដែលមួយចំនួនដើរចូលមកចំមុខយើង ចំកន្លែងល្បាតរបស់យើងហ្នឹង យើងក៏រុញច្រានប្រើពាក្យសម្ដីទៅវិញ។ ទី២ យើងរក្សាថា ល្គឹកណាដែលមកបង្ហាញនូវភាពថាប្រយុទ្ធ យើងនឹងប្រយុទ្ធតវិញ ប៉ុន្តែដើរជាល្បាតមករបៀបនេះ ..គឺថាគាត់បានស្រែកប្រាប់ឲ្យកងទ័ពថៃឈប់ភ្លាម បើថាមានជំហានរុលមកមុខថែមទៀតនឹងមានការវាយប្រហារជាបន្ទាន់ភ្លាម»។
ប្រភពពីក្រុងបាងកក ប្រទេសថៃ បានឲ្យដឹងថា ពិតជាមានទាហានថៃម្នាក់បានដាច់ជើងឆ្វេងដោយសារតែជាន់មីននោះមែនកាលពីព្រឹកមិញ។
មន្ត្រីអ្នកនាំពាក្យកងទ័ពថៃ លោកវរសេនីយ៍ឯក Sirichan Ngathong បានប្រាប់ទីភ្នាក់ងារ AFP ថា ទាហានថៃបានរងរបួសនៅពេលដើរល្បាតក្នុងតំបន់ប្រទាញប្រទង់ដែលកំពុងតែមានជម្លោះ៕