តំណាង GBC ខាង​ភាគី​ថៃ​​​មិន​ចូល​រួម​ប្រជុំ​នៅ​ឥណ្ឌូណេស៊ី

ប្រទេស​ថៃ បាន​យល់​ព្រម​បញ្ជូន​តំណាង​របស់​ខ្លួន​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-​ថៃ (JBC) ដែល​នឹង​រៀបចំ​ធ្វើ​ឡើង ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ទី​៧ និង ៨ មេសា ខាង​មុខ​នេះ នៅ​ទីក្រុង​បូហ្គូ័រ (Bogor) នៃ​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​នឹង​ពុំ​មាន​វត្តមាន​តំណាង​ពី​ខាង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-​ថៃ (GBC) ចូល​រួម​នោះ​ឡើយ។

0:00 / 0:00

ខណៈ​ពេល​វេលា​នៃ​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ខិត​ជិត​ចូល​មក​ដល់ ឧត្ដមសេនីយ៍​មេបញ្ជាការ​យោធា​ជាន់​ខ្ពស់​ថៃ លោក ស៊ុងគិទិ ចាហ្គាបាតតារ៉ា (Songkitti Jaggabatara) បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​មេសា​នេះ​ម្ដង​ទៀត អំពី​ជំហរ​ខាង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-​ថៃ ថា នឹង​មិន​ទៅ​ចូល​រួម​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ឡើយ។

ឧត្ដមសេនីយ៍​រូប​នេះ​បាន​ផ្ដល់​ហេតុផល​ថា ភាគី​ថៃ មិន​ព្រម​ទៅ​ចូល​រួម​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-​ថៃ ពីព្រោះ​ថៃ និង​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​កាល​ពី​ឆ្នាំ​១៩៩៥ ដែល​បាន​ព្រមព្រៀង​គ្នា​ថា នឹង​ចាត់​ឲ្យ​មាន​កិច្ចប្រជុំ​រៀងរាល់​ឆ្នាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​បាន​ព្រមព្រៀង​ថា នឹង​ផ្លាស់​វេន​គ្នា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មួយ​ឆ្នាំ​ម្ដង​ទៀត​ផង។

លោក​ឧត្ដមសេនីយ៍ ស៊ុងគិទិ បន្ត​ថា ថៃ​ក៏​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​របស់​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី នៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ នោះ​ដែរ។ ចំណែក​ខាង​ភាគី​កម្ពុជា​វិញ នឹង​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ទាំង​ពីរ​នោះ តាម​ការ​កោះ​អញ្ជើញ​របស់​ប្រទេស​ឥណ្ឌូណេស៊ី។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ខ្មែរ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ និង​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការងារ​ពិសេស និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-​ថៃ នឹង​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-​ថៃ និង​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-​ថៃ។

ទាក់ទង​នឹង​កិច្ច​ប្រជុំ​២​ថ្ងៃ​នៅ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​៧-​៨ ខែ​មេសា​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​ជំហរ​កម្ពុជា​យ៉ាង​ដូច្នេះ ៖ «ជំហរ​កម្ពុជា​យើង​គឺ​បាន​បញ្ជាក់​ច្បាស់​ហើយ គឺ​យើង​ព្រម​ទៅ​ប្រជុំ កិច្ច​ប្រជុំ​ទាំង​ឡាយ​ណា​ដែល​ស្នើ​សុំ​ដោយ​ឥណ្ឌូណេស៊ី។ កន្លង​មក​មាន​ថ្នាក់​រដ្ឋមន្ត្រី​ទាំង​បី កម្ពុជា ឥណ្ឌូណេស៊ី និង​ថៃ មួយ​កិច្ច​ប្រជុំ JBC ពីរ​កិច្ច​ប្រជុំ GBC បី គឺ​ទាំង​បី​ស្នើ​ឡើង​ដោយ​ឥណ្ឌូណេស៊ី​ហ្នឹង គឺ​យើង​ព្រម រី​ឯ​ការ​ព្រម ឬ​មិន​ព្រម​របស់​ថៃ​ហ្នឹង គឺ​ជា​រឿង​របស់​ថៃ»

សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ការ​សម្រួល​ចាត់ចែង​ឲ្យ​មាន​កិច្ច​ប្រជុំ​រវាង​ភាគី​កម្ពុជា-​ថៃ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ឲ្យ​វត្តមាន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី នៅ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នា​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​១៤ កុម្ភៈ និង​កិច្ចប្រជុំ​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ស្ដីពី​ការ​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​ព្រំដែន​កម្ពុជា-​ថៃ៕